អត្ថបទ

ក្រុមហ៊ុន​ផលិត​ជាង ១០០​ នាំ​គ្នា​​​ចូលរួម​តាំង​បង្ហាញ​ ផលិតផល ​របស់​ខ្លួន​ ក្នុង​ពិព័រណ៍ ផលិតផល​ក្នុង​ស្រុក

ក្រុមហ៊ុនផលិត​ក្នុង​ស្រុក​ជាង ១០០​ក្រុមហ៊ុន​ កំពុង​នាំ​គ្នា​ចូលរួម​​​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ពួក​គេ​​នៅ​ក្នុង​​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​មួយ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​​​ក្នុង​ពេលខាង​មុខ​នេះ​ក្នុងខេត្ត​សៀម​រាប ដែល​ជា​ការ​ចាប់​ផ្តើមដំណើរការ​ពិព័រណ៍​ជាស៊េរី​មួយ​​​ដោយមាន​​ការ​ដាក់​បង្ហាញផលិតផល​ខ្មែរ និង​បង្ហាញ​វត្តមាន​របស់​ក្រុមហ៊ុន​ផលិត​​​​កម្ពុជា។

ពិព័រណ៍​ទីមួយ​នឹង​រៀប​ចំធ្វើ​ឡើង​នៅអង្គរ​ប៉ាវីស (Angkor Parvis) នៅថ្ងៃទី​៨ និង​ទី​៩ ខែ​មករា ឆ្នាំ​២០២២ ដែល​នឹង​មានការ​ដាក់បង្ហាញ​ផលិតផល​សុខុមាល​ភាព​និងគ្រឿង​ក្រអូប​ ហើយ​ក្រោយ​មក​នឹង​រៀប​ចំពិព័រណ៍​ចំនួន៣ ផ្សេងទៀត​ក្នុង​ខេត្តសៀម​រាប ដែល​នឹងមានការ​ដាក់បង្ហាញ​ផលិតផល​ម៉ូដ​នៅ​ថ្ងៃទី​១៥ និងទី​១៦ ខែមករា ឆ្នាំ​២០២២ ​​ផលិតផលម្ហូប​អាហារ​​នៅ​ថ្ងៃទី​២២ និង​ទី​២៣ ខែមករា និង​​​ផលិត​ផល​​តុប​តែង​ផ្ទះ​​នៅ​ថ្ងៃទី​១២ និងទី​១៣ ខែ​កុម្ភៈ។ ពិព័រណ៍​ចំនួន​៨​ លើក​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​​ផងដែរ​​នៅ​រាជធានី​ភ្នំពេញ​។

ពិព័រណ៍​នៅ​រាជធានី​ភ្នំពេញលើកទី១ នឹង​ធ្វើឡើង​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ នៅថ្ងៃទី​២២ និង​២៣ ខែមករា ដោយ​មានការ​តាំង​បង្ហាញ​ផ​លិតផល​តុបតែង​ផ្ទះ។ ការ​តាំង​បង្ហាញ​ផលិតផល​ម៉ូដ​និង​គ្រឿង​តុប​តែង​​​នឹង​ធ្វើឡើង​នៅថ្ងៃទី​២៩ និងទី​៣០ ខែ​មករា ហើយ​ការតាំង​បង្ហាញ​ផលិតផល​ម្ហូប​អាហារ​នឹងធ្វើឡើង​នៅ​ថ្ងៃទី​៥ និងទី​៦ ខែ​កុម្ភៈ។ ចំពោះ​ផលិតផល​សុខុមាល​ភាពវិញ​នឹង​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​ថ្ងៃទី​១៩ និង​ទី២០ ខែ​កុម្ភៈ។

ពិព័រណ៍​ផ្សេងៗ​ទៀត គ្រោង​នឹងធ្វើឡើង​នៅ​ផ្សារ​ទំនើប​ជីប ម៉ុង សែនសុខ​ នៅថ្ងៃទី​២៩ និង​ទី​៣០ ខែ​មករា​​ ដែល​នឹង​មានការ​តាំង​បង្ហាញ​ផលិតផល​តុប​តែង​ផ្ទះ ​តាំង​បង្ហាញផលិតផល​សុខុមាល​ភាព​នៅ​ថ្ងៃទី​៥ និងទី​៦ ខែ​កុម្ភៈ ​ម្ហូប​អាហារ​​នៅថ្ងៃទី​១២ និង​ទី​១៣ ខែ​កុម្ភៈ និង​​​ផលិត​ផល​​​ម៉ូដ​និងគ្រឿង​​តុប​តែង​​​​នៅថ្ងៃទី​១៩ និងទី​២០ ខែ​កុម្ភៈ។

ស្តង់​ចំនួន​១១០​ ស្តង់ត្រូវ​បាន​កក់​រួច​រាល់​ហើយ​ដោយ​ក្រុម​ហ៊ុន​ផលិត​ក្នុងស្រុក​​ ដែល​បាន​​ចុះ​ឈ្មោះ​ដើម្បី​ដាក់បង្ហាញ​ទំនិញរបស់​ខ្លួន​​​នៅ​ក្នុង​ពិព័រណ៍​នៅខេត្ត​សៀមរាប។

លោក Romano Pierre-Andre ដៃគូ​ស្ថាបនិក​ក្រុមហ៊ុន Beyond Retail Business Cambodia បានថ្លែងថា៖ «យើង​មានក្តី​រំភើប​ដែល​យើង​មានការ​ចូលរួម​រួច​ហើយ​ពី​​ក្រុមហ៊ុន​ផលិត​​កម្ពុជា​ និង​អ្នក​ឧបត្ថម្ភ។ វា​ច្បាស់​ណាស់ថា ប្រទេស​កម្ពុជាមាន​អ្វី​ច្រើន​ដើម្បី​ផ្តល់ជូន​អតិថិជន​ក្នុងស្រុក និង​អន្តរជាតិ»។

ផលិតផល​ដែលរំពឹង​ថា​នឹង​ត្រូវ​យក​មក​តាំង​បង្ហាញ ​រួមមាន​សម្លៀក​បំពាក់ និងគ្រឿង​តុបតែង​សម្លៀក​បំពាក់ សាប៊ូ​​ផលិតនិង​ប្រេង​ក្នុង​ស្រុក ព្រមទាំង​ម្ហូប​អាហារ​ផលិតក្នុង​ស្រុក និង​ផលិតផល​កសិកម្ម។

ក្រុមហ៊ុន Beyond Retail Business Cambodia កំពុង​រៀបចំ​​ពិព័រណ៍​នេះ​ក្នុងនាម​ឱ្យ​សហគ្រិន​​ខ្មែរ (Khmer Enterprise) ​ដែល​ជា​អង្គភាព​មួយ​ក្រោម​ចំណុះ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ក្រុមអ្នក​រៀបចំ​ពិព័រណ៍​កំពុង​អំពាវ​នាវ​ដល់​ក្រុមហ៊ុនផលិត​កម្ពុជាកាន់តែ​ច្រើន​ថែម​​​ទៀត ដូច​ជា​​ក្រុមហ៊ុន​ស្ថិតក្នុង​វិស័យ​​​​តុបតែង​ផ្ទះ​ ម៉ូដ​​និង​គ្រឿង​តុប​តែង​ អាហារ​និង​កសិឧស្សាហកម្ម និង​វិស័យ​សុខុមាល​ភាពនិង​គ្រឿង​ក្រអូប​ ឱ្យ​ចូលរូមក្នុងពិព័រណ៍​​ក្នុង​ខេត្ត​សៀមរាប និង​រាជធានីភ្នំពេញ​នៅ​ខែមករា និង​ខែកុម្ភៈ​។

ដោយសារ​មាន​ការគាំទ្រខ្លាំង​ពី​អង្គរ​ប៉ាវីស ក្រុមហ៊ុន​ ជីប ម៉ុង​ រីថែល ធនាគារ​ ជីប ម៉ុង និង​ក្រុម​ហ៊ុន foodpanda ពិព័រណ៍​នេះ​នឹង​បង្ហាញ​បទ​ពិសោធ​ដ៏​អស្ចារ្យអំពីផលិតផល​ខ្មែរ។

ក្រុមអ្នក​រៀបចំ​ពិព័រណ៍​​ក៏​កំពុង​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋកម្ពុជា និង​អ្នកប្រើប្រាស់​នៅកម្ពុជា​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ផងដែរ តាមរយៈការ​ទៅ​ទស្សនា​ពិព័រណ៍ និង​ទិញ​ផលិតក្នុងស្រុក។

យោងតាម​ក្រុម​អ្នករៀបចំ​ព្រឹត្ដិការណ៍​ពិព័រណ៍ផលិតផល​ខ្មែរនេះ​បាន​ឱ្យដឹងថា ក្រុមហ៊ុន​ផលិ​​ត​កម្ពុជា​​ដែល​មាន​បំណង​ចង់​រួម​ក្នុង​ការ​តាំង​បង្ហាញ​ផលិតផល​នេះ នឹង​តម្រូវ​ឱ្យ​បំពេញ​លក្ខណៈវិនិច្ឆ័យ​មួយ​ចំនួន​ រួមទាំង​​ការ​ធ្វើតេស្ដ​ទាក់ទង​នឹង​ប្រភព​ដើម​ និងគុណភាព​​ផលិតផល​ផងដែរ​។ ក្រុមហ៊ុន​​​ដែល​ចង់​ចូល​រួម​ ​ក៏នឹង​​តម្រូវ​ឱ្យ​ផ្ដល់​ព័ត៌មាន​អំពី​​​ការ​ទទួល​ខុសត្រូវផ្នែក​ក្រម​សីលធម៌​របស់​ក្រុមហ៊ុនផលិត​​ផង​ដែរ។ 

​ក្រុមហ៊ុន​ផលិត​កម្ពុជា​ណា​មួយ​ដែល​មាន​បំណង​ចង់​ដាក់ពាក្យ​ចូលរួម​​​​​ក្នុង​ដំណើរ​ការ​ទទួល​ការ​ជ្រើស​រើស​​​​​ដើម្បីបានតាំងបង្ហាញ​និង​លក់​ផលិតផល​របស់ខ្លួន​ ​អាច​ធ្វើ​ការ​ទាញ​យក​ និង​ដាក់ពាក្យ​សុំ​តាម​រយៈ​​តំណរភ្ជាប់​នេះ https://forms.gle/v89G3maFY1E6yn7Z8។​

ក្រុម​ហ៊ុន ជីប ម៉ុង ក្រុមហ៊ុន foodpana និងអង្គរ​ប៉ាវីស គឺជា​អ្នក​​ឧបត្ថម្ភពិព័រណ៍ «មោន​ទភាព​​កម្ពុជា​»​នេះ។

អំពីសហគ្រិន​ខ្មែរ៖ គឺជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​មាន​រដ្ឋបាល​ស្វយ័ត ទទួលខុស​ត្រូវ​លើ​ការ​​​អនុវត្ដ​កម្មវិធី​គាំទ្រ​ និង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ស្ថាប័​នដៃគូ​​និង​​អត្ថគហកៈ​ ដើម្បីកសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​​​ដែលមានភាព​រស់​រវើក​​។

ទំនាក់ទំនង​៖ http://www.khmerenterprise.info

អំពី​ក្រុមហ៊ុន​ Beyond Retail Business Co,. Ltd  (B.R.B. Cambodia)៖ គឺជា​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវបាន​បង្កើតឡើង​ដោយអ្នក​ជំនាញ​ផ្នែក​លក់​រាយ សិល្បៈ និង​សិប្បកម្ម និង​អ្នក​ជំនាញ​ខាងផ្នែក​ធ្វើ​ទីផ្សារ​​ផលិតផល​វប្បធម៌ ដែល​មាន​បេសកកម្ម​លើក​ស្ទួយ​ចំណេះដឹង​និង​​​ទេពកោសល្យរបស់​ពលរដ្ឋ​ខ្មែរ។ ក្រុមហ៊ុន​​​ប្រតិបត្ដិការ​អាជីវកម្ម​​តាម​រយៈ​​​​សកម្មភាព​ចម្បង​ចំនួន​៣ គឺ​៖ ព្រឹត្ដិការណ៍​និង​ការ​ផ្តល់​ប្រឹក្សា​យោបល់ ទីភ្នាក់​ងារ​​​ទទួល​ការ​ផ្គត់ផ្គង់​​​និង​ទិញ​កណ្ដាល និង​ផលិតផល​ផ្គត់ផ្គង់តាម​តម្រូវការ​។ 

ទំនាក់ទំនង៖ http://www.brb-cambodia.com

To Top