ព័ត៌មានជាតិ

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះ (MOU) ជាមួយសាកលវិទ្យាល័យ ជេមស៍ ខុក (JAMES COOK UNIVERSITY SINGAPORE) ដែលជាសាកល វិទ្យាល័យ អន្តរជាតិ នៃប្រទេសសិង្ហបុរី

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MOU) តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយសាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរី (JAMES COOK UNIVERSITY SINGAPORE) នៃប្រទេសសិង្ហបុរី ដែលជាសាកលវិទ្យាល័យអន្តរជាតិ ក្រោមអធិបតីភាព លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី, លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកបណ្ឌិត គ្រិស រ៉ាដ (Prof. Chris Rudd) ដែលជាអនុអធិការបតីរង និងនាយកសាខាសាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរី (Deputy Vice Chancellor and Head of Campus) ។

ក្នុងឱកាសនៃពិធីចុះអនុស្សរណៈយោគយល់គ្នានេះ លោក លី ណាវុឌ្ឍ បានថ្លែងថា៖ ក្រោមការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសតាមរយៈយុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជាទាំងអស់ រួមទាំងបុគ្គលិកគ្រប់វិស័យទាំងស្ថាប័នរដ្ឋ និងឯកជន បានធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់ ឈានដល់ការអនុញ្ញាតឲ្យគ្រប់គ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ ដោយគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាក់ស្តែង ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹងសាកលវិទ្យាល័យ ជេមស៍ ខុក មកពីប្រទេសសិង្ហបុរី ក្នុងគោលបំណងដូចជា ៖

ចូលរួមលើកកម្ពស់គុណភាព ឧត្តមភាពក្នុងការអប់រំ និងការស្រាវជ្រាវ រវាងគ្រឹះស្ថានអប់រំ នៃប្រទេសទាំងពីរ

ស្វែងរកនូវការអភិវឌ្ឍ ក្នុងកិច្ចសហប្រតិបត្តិការ និងបញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ

ការធ្វើការរួមគ្នា ដើម្បីកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សានៃគ្រឹះស្ថានអប់រំទាំងពីរ

ផ្លាស់ប្ដូរចំណេះដឹងតាមរយៈកម្មវិធីផ្លាស់ប្តូរនិសិ្សត កម្មវិធីពហុវប្បធម៌ ទស្សនកិច្ចសិក្សា និងការចែករំលែកបទពិសោធន៍ផ្សេងៗ

ការផ្តល់ឱកាសជូនដល់និស្សិតចុះកម្មសិក្សា និងឱកាសការងារ

ការប្តេជ្ញាចិត្តខិតខំសម្រេចឱ្យបាន នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិរវាងភាគីទាំងពីរ ។

លោក លី ណាវុឌ្ឍ បានមានប្រសាសន៍បន្ថែមថា៖ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងរីករាយស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតអន្តរជាតិមកពីសាកលវិទ្យាល័យ ជេមស៍ ខុក ចំពោះការជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើ ៤២ ជំនាញ នៃ ១២ មហាវិទ្យាល័យ នៃសាកលវិទ្យាល័យទាំង ប៊ែលធី អន្តរជាតិ ទាំង ២ទីតាំង។ រឹតតែពិសេសជាងនេះទៅទៀតនោះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានផ្តល់ជូននូវអន្តេវាសិកដ្ឋាន (Dormitory) បន្ទប់ធំទូលាយសម្រាប់និស្សិតមកពីក្រៅប្រទេសស្នាក់នៅផងដែរ។ ឯកឧត្តម លី ណាវុឌ្ឍ ក៍បានបញ្ជាក់ឲ្យដឹងផងដែរថា៖ កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៥៩ រួចមកហើយ រួមមាន ទី១-ប្រទេសអង់គ្លេស ចំនួន៥ ទី២-សហរដ្ឋអាមេរិក ចំនួន9 ទី៣-កាណាដា ចំនួន២ ទី៤-អូស្ត្រាលី ចំនួន២ ទី៥-សិង្ហបុរី ចំនួន៣ ទី៦-ចិន ចំនួន១៣ ទី៧-កូរ៉េខាងត្បូង ចំនួន៣ ទី៨-ជប៉ុន ចំនួន៤ ទី៩-ម៉ាឡេស៊ី ចំនួន៦ ទី១០-ថៃ ចំនួន៦ ទី១១-ឥណ្ឌូនេស៊ី ចំនួន១ ទី១២-នូវែលសេឡង់ ចំនួន១ ទី១៣-ស្វីស ចំនួន១ ទី១៤-បង់ក្លាដេស ចំនួន១ ទី១៥-បារាំង ចំនួន១ និងទី១៦-វែល ចំនួន១ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នាបន្ថែមមួយទៀតជាមួយសាកលវិទ្យាល័យ ជេមស៍ ខុក ដែលជាដៃគូសហប្រតិបត្តិការអន្តរជាតិទី៦០ របស់ប៊ែលធី។

លោកបណ្ឌិត គ្រិស រ៉ាដ (Prof. Chris Rudd) បានមានប្រសាសន៍ថា៖ លោកពិតជាមានក្តីសប្បាយរីករាយណាស់ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។ លោកបណ្ឌិត គ្រិស រ៉ាដ (Prof. Chris Rudd) បានបន្ថែមថា៖ ក្នុងនាមសាកលវិទ្យាល័យ ជេមស៍ ខុក លោកពិតជាមានក្តីរំភើបខ្លាំងណាស់ដែលមានឱកាសបានចូលរួមជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជឿជាក់់យ៉ាងមុតមាំថា សាកលវិទ្យាល័យទាំងពីរនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការនេះ។

ជាមួយគ្នានោះដែរ លោក សុខ ខឿន បានបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ដោយមើលឃើញពីសក្កានុពលនៃសាកលវិទ្យាល័យក្នុងស្រុក លើការពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូជាមួយសាកលវិទ្យាល័យនៅក្រៅប្រទេស ក្នុងការលើកកម្ពស់គុណភាពអប់រំក្នុងប្រទេសកម្ពុជា។
លោក បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលតែងតែយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាទទួលបានការសិក្សា ក៏ដូចជាអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ។

ជាទីបញ្ចប់ លោក លី ណាវុឌ្ឍ និងលោកបណ្ឌិត គ្រិស រ៉ាដ (Prof. Chris Rudd) បានចុះអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ ៕

To Top