ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត វាយប្រហារតាម អាកាសលើយេម៉ែន

បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបានធ្វើការសងសឹក ទៅលើកងជីវពលពួកហូធី នៅក្នុងប្រទេសយេម៉ែន ក្រោយពួកឧទ្ទាមបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយកូនដ្រូនដ៏កម្រមួយ បង្កឲ្យនាវាដឹកប្រេង ចំនួន៣គ្រឿងផ្ទុះឡើង នៅក្នុងប្រទេសសហភាពអារ៉ាប់រួម សម្លាប់មនុស្សចំនួន៣នាក់។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត Saudi Press Agency បានបង្ហោះសារលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រថា ការវាយប្រហារតាមអាកាសផ្សេងគ្នាទៅលើទីឈរជើងនិងជំរុំរបស់ពួកហូធី នៅក្នុងរដ្ឋធានីសាណាអា ប្រទេសយេម៉ែន ទើបបានចាប់ផ្តើម។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការវាយប្រហារសងសឹកនោះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលមួយម៉ោង បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួននឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការប្រព្រឹត្តអំពើភេរវកម្មនិងទង្វើក្រអឺតក្រទមទាំងអស់ ដែលធ្វើមកលើខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់ថា ពួកឧទ្ទាមហូធីគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានធ្វើការវាយប្រហារទៅលើទីតាំងសេដ្ឋកិច្ចចំនួន២កន្លែង និងអាកាសយានដ្ឋានអន្តរជាតិ Abu Dhabi ជាលទ្ធផលបណ្ដាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស៕

ប្រែសម្រួល៖ប៉ាង កុង

To Top