ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ទោះបីថ្ងៃបុណ្យ ចូលឆ្នាំ ប្រពៃណីចិន មិនមែនជាថ្ងៃឈប់ សម្រាកផ្លូវការក៏ដោយ នៅថ្ងៃនោះ ទីក្រុងភ្នំពេញនិងតំបន់ ទីប្រជុំជនជាច្រើន មានសភាពស្ងប់ស្ងាត់ ដោយសារហាងទំនិញ និងទីកន្លែងបម្រើ ការងារជាច្រើន បានបិទទ្វារ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យនេះ ហើយប្រជាជនទូទៅ ដោយរួមទាំងជនជាតិខ្មែរ ធ្វើដំណើរចាកចេញ ពីទីក្រុងទៅកំសាន្ត តាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ដើម្បីអបអរពិធីបុណ្យនេះ ។
ការចូលរួមប្រារព្ធនិងអបអរ ពិធីបុណ្យនេះដោយជនជាតិចិន និងជនជាតិខ្មែរ ដោយពុំមានការរើសអើង គឺជាភ័ស្តុតាងដ៏សំខាន់មួយ ដែលបង្ហាញ នូវភាពសុខដុមជាតិសាសន៍ដ៏ល្អ នៅក្នុងសង្គមកម្ពុជា ។
ឯកសារប្រវត្តិសាស្រ្ត បង្ហាញថា ប្រទេសកម្ពុជា មានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយឈ្មួញជនជាតិចិន ចាប់តាំងពីដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជ ប៉ុន្តែអ្នកស្រាវជ្រាវខ្លះបានអះអាងថា ប្រទេសកម្ពុជាមានទំនាក់ទំនង ពាណិជ្ជកម្មជាមួយឈ្មួញជនជាតិចិន តាំងពីប្រហែល៣០០ឆ្នាំមុន គ្រិស្តសករាជ មកម្លេះ ។
ទោះបីមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយឈ្មួញជនជាតិចិន ដ៏យូរ លង់ដូច្នោះ ក៏ដោយ កំណត់ត្រាប្រវត្តិសាស្រ្ត ហាក់ដូចជាបង្ហាញថា មិនមានជនជាតិចិន ក្នុងចំនួនច្រើន រស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងសម័យកាលមុនអង្គរ និងសម័យអង្គរនោះឡើយ ។ កំណើនវត្តមាន ជនជាតិចិន នៅកម្ពុជា កើតឡើង នៅក្រោយពេលកម្ពុជា ផ្លាស់ប្ដូររាជធានី ពីអង្គរ មកភ្នំពេញ នៅឆ្នាំ១៤៣៤ ។ នាពេលនោះ រាជធានីភ្នំពេញ បានក្លាយជាទីក្រុងពាណិជ្ជកម្មមួយ ដែលទាក់ ទាញ អ្នកជំនួញ បរទេសជាច្រើន ចូលមកកម្ពុជា ។ មានការអះអាងថា ជនជាតិចិនអម្បូរភាសា ហុកគៀន បានធ្វើអន្តោប្រវេសន៍ មកកាន់ប្រទេសកម្ពុជា មុនដំបូងគេ នៅក្នុងសតវត្សរ៍ទី១៥នេះ ។ ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ របស់ជនជាតិចិន ចូលមកកម្ពុជា បានកើតឡើងនៅក្នុងសតវត្សរ៍ទី១៧ ។ មូលហេតុចម្បង នៃការធ្វើចំណាកស្រុករបស់ពួកគេនាពេលនោះ គឹការដួលរលំ នៃរាជវង្សម៉េងនៅឆ្នាំ១៦៤៤ ដែលត្រូវបានផ្ដួលរំលំ ដោយជនជាតិម៉ាន់ជូ។ នៅឆ្នាំ១៦៧៥ ម៉ាក គូ ជាជនជាតិចិនអម្បូរភាសាហៃណាន ដែលមានភក្ដីភាពចំពោះរាជវង្សម៉េង បានធ្វើចំណាកស្រុកមកកាន់បន្ទាយមាសនៃខេត្តកំពត ហើយ នៅពេលក្រោយមក គាត់បាននាំយក ជនជាតិចិនអម្បូរភាសា ហៃណានជាច្រើន មកកាន់បន្ទាយមាស ខេត្តកំពត ដើម្បីរត់គេចចេញ ពីការគ្រប់គ្រង របស់ជនជាតិម៉ាន់ជូ ។ នៅឆ្នាំ១៦៧៩ មេទ័ពជនជាតិចិន អម្បូរភាសាកា តាំង ឈ្មោះ យ៉ាង យិនឌី ដែលអស់សង្ឃឹមថា នឹងអាចធ្វើការតស៊ូ ដើម្បីស្ដារ រាជវង្សម៉េងឡើងវិញ បានដឹកនាំជនជាតិចិនជាច្រើន ភៀសខ្លួនមកភាគខាងត្បួង ចូលមកកាន់ប្រទេសដាយវៀត ហើយពួកគេមួយចំនួន បានធ្វើដំណើរបន្តចូល មកអាណាចក្រចម្ប៉ា និងហួសចូលមកកម្ពុជា ដោយអ្នកខ្លះបានមករស់នៅ ក្នុងខេត្តតាកែវ ខេត្តកំពត និងតាមដងទន្លេបាសាក់ និងទន្លេមេគង្គ។ នៅត្រឹមឆ្នាំ១៨៩៧ ទីក្រុងភ្នំពេញមានមនុស្សរស់នៅសរុបចំនួន ៥០ ០០០នាក់ ដោយមានជនជាតិចិនចំនួន ២២ ០០០ នាក់ ដែលស្មើនឹង៤៤% នៃចំនួនប្រជាជនសរុប ។
ចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ ជនជាតិចិនទាជីវជាច្រើនបានភៀសខ្លួន ចូលមកកម្ពុជា ជាពិសេសមកពីប្រទេសថៃ ដោយនៅគ្រាដំបូង ពួកគេមកតាំង ទីលំនៅក្នុងខេត្តបាត់ដំបង នៅពេលខេត្តនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ប៉ុន្តែនៅក្រោយពេលប្រទេសថៃ ប្រគល់ខេត្តនេះមកកម្ពុជាវិញ ជនជាតិចិនទាជីវ ទាំងនោះបន្តរស់នៅក្នុងខេត្តនោះ ដោយមិនត្រឡប់ទៅកាន់ប្រទេសថៃវិញ នោះឡើយ ដែលធ្វើឲ្យចំនួន ជនជាតិចិនទាជីវនៅកម្ពុជា កើនចំនួនច្រើន ជាងចំនួនជនជាតិចិន អម្បូរភាសាផ្សេងៗទៀត ។
ជនជាតិចិនដែលរស់ នៅកម្ពុជាអាចត្រូវបែងចែកជា ៥ក្រុមផ្សេងៗគ្នា ដោយផ្អែកលើអម្បូរភាសារបស់ពួកគេ ពោលគឺ ចិនទាជីវ ចិនកាតាំង ចិនហុកគៀន ចិនហៃណាណ និងចិនហាក់កាឬចិនខិ ។ ចិនទាជីវ មានចំនួនច្រើនជាងគេបំផុត ដោយអ្នកសិក្សាស្រាវជ្រាវមួយ ចំនួនបានសន្និដ្ឋានថា ប្រហែល៨០% នៃជនជាតិចិនដែលរស់នៅកម្ពុជា គឺជនជាតិចិនទាជីវ ។ ជនជាតិចិនអម្បូរ ភាសាទាជីវ គឺ ជាជនជាតិហាន ដែលមានប្រភពមក ពីតំបន់ចៅហ្សាន នៃខេត្តក្វាងទុង ហើយពួកគេភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកំពង់ចាម ។ អម្បូរភាសាកាតាំង ត្រូវគេប្រើប្រាស់ភាគច្រើន នៅទីក្រុងកាន់តុននៃខេត្តក្វាងចូវ ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងតំបន់ប៉ែកខាងកើត នៃខេត្តគ័ងស៊ី ។
ភាគច្រើននៃជនជាតិចិនអម្បូរភាសា កាតាំងនៅក្នុងប្រទេសកម្ពុជា បានធ្វើចំណាកស្រុកមកពីតំបន់ក្បែរៗទីក្រុងកាន់តុង នៃខេត្តក្វាងចូវ។ ពួកគេភាគច្រើន រស់នៅក្នុងក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។ ទាំងចិនទាជីវ និងចិនកាតាំង មានគំនិតអភិរក្ស និយមខ្លាំង ដោយពួកគេមិនចង់ ឲ្យកូនចៅរបស់ខ្លួន រៀបការជាមួយជនជាតិចិន អម្បូរភាសាដទៃ ឬជនជាតិខ្មែរ នោះឡើយ។ អម្បូរភាសាហុកគៀន ត្រូវគេប្រើប្រាស់ភាគច្រើន នៅក្នុងខេត្តហ៊្វូជៀន ។ នៅក្នុងប្រទេសកម្ពុជា ភាគច្រើននៃចិនហុកគៀនដែលមានប្រភពមកពីខេត្តហ៊្វូជៀន រស់នៅក្នុងទីក្រុងភ្នំពេញនិងខេត្តបាត់ដំបង។ ចិនហុកគៀន មានបំណង ចង់ក្លាយជាជនជាតិខ្មែរ ចង់បម្រើការងារក្នុងរដ្ឋាភិបាល ហេតុដូច្នេះ ពួកគេពេញ ចិត្តនឹងអនុញ្ញាតឲ្យកូនចៅ របស់ពួកគេរៀបការ ជាមួយជនជាតិខ្មែរ រៀនភាសារខ្មែរ និងប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ខ្មែរ។ អម្បូរភាសាហាក់កា ត្រូវប្រើប្រាស់ដោយជនជាតិហាន នៅខេត្តក្វាងទុង ជាងស៊ី និងហ៊្វូជៀន។ ចិនហាក់កាឬចិនខិដែលរស់នៅកម្ពុជា ភាគច្រើនបានចាកចេញមកពីស្រុកស៊ីងនីង នៃខេត្តក្វាងទុង ដោយពួកគេភាគច្រើន រស់នៅក្នុងខេត្ត ស្ទឹងត្រែង តាកែវ និង រតនគិរី ។ ចិនហាក់កាឬចិនខិក៏មានបំណងប្រហាក់ប្រហែល នឹងចិនហុកគៀនផងដែរ ដោយពួកគេចង់ ក្លាយខ្លួនជាខ្មែរ និងពេញចិត្តនឹងអនុញ្ញាត្តឲ្យកូនចៅ របស់ពួកគេរៀបការ ជាមួយជនជាតិខ្មែរ រៀនភាសាខ្មែរ និងប្រតិបត្តិប្រពៃណីវប្បធម៌ខ្មែរ ។ អម្បូរភាសា ហៃណាន គឺជាអម្បូរភាសាដែលបែកចេញ ពីអម្បូរភាសាហុកគៀន។ ជនជាតិចិន ដែលរស់នៅលើកោះហៃណាន ប្រើប្រាស់ អម្បូរភាសា ហៃណាន ។ ភាគច្រើននៃចិនហៃណាន ដែលបានធ្វើចំណាកស្រុក ចូលមកកម្ពុជារស់ នៅក្នុងអតីត ខេត្តពាមបន្ទាយមាស ឬសព្វថ្ងៃហៅថាខេត្តកំពត ដោយទីតាំងលំនៅជាប្រវត្តិសាស្រ្ត របស់ពួកគេគឺអតីតពាមបន្ទាយមាស ផ្នែកខ្លះនៃខេត្តនេះលាតសន្ធឹងនៅស្រុកទូកមាសនិងស្រុកកំពង់ត្រាចបច្ចុប្បន្ន។ នាពេលក្រោយមក ពួកគេមួយចំនួនបានផ្លាស់ទីលំនៅទៅកាន់ទីក្រុងភ្នំពេញ ទៅកាន់ស្រុកស្រែអំបិលនៃខេត្តកោះកុង និង ទៅកាន់ស៊ីសុផុន ផងដែរ ។
ជនជាតិចិន ដែលរស់នៅក្នុងប្រទេសកម្ពុជា បានឆ្លងកាត់គ្រប់ព្រឹត្តិការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។
ប៉ុន្តែពួកគេបានតស៊ូជំនះភាពលំបាក និងបត់បែនទៅតាមកាលៈទេសៈ ដែលធ្វើឲ្យពួកគេអាចបន្តរស់រានមានជីវិត និងស្ថិតនៅគង់វង្សរហូតមកដល់សព្វថ្ងៃ។ ជនជាតិចិននិងជនជាតិខ្មែរ បានរស់នៅជាមួយគ្នា ក្នុងប្រទេសនេះប្រកបដោយភាពសុខដុម អស់រយៈពេល រាប់រយឆ្នាំមកហើយ ។ មានកត្តាចម្បងៗ មួយចំនួនដែលរួមចំណែកបង្កើត ភាពសុខដុមរវាងជនជាតិចិន និងជនជាតិខ្មែរនៅក្នុងប្រទេសកម្ពុជា ។ កត្តាអំណោយផលទី១ គឺកត្តាភូមិសាស្រ្ត ។ ប្រទេសចិនមិនមានព្រំដែន ជាប់នឹងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជា និងចិន មិនមានជម្លោះប្រវត្តិសាស្រ្តពាក់ព័ន្ធ នឹងបូរណភាពដែនដី ដែលជាបញ្ហារសើប ដែលប៉ះពាល់ ដល់អារម្មណ៍ជនជាតិខ្មែរ ។ កត្តាអំណោយផល ដ៏សំខាន់មួយទៀត គឺគោលនយោបាយបរទេស របស់ប្រទេសទាំងពីរ ។ ជាទូទៅ មេដឹកនាំកម្ពុជា និង ចិន តែងតែប្រកាន់ជំហររក្សានិងពង្រឹងទំនាក់ ទំនងទ្វេភាគីដ៏ល្អ ។ ទន្ទឹមនឹងនេះ ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០ មក ប្រព័ន្ធ នយោបាយ ប្រជាធិបតេយ្យ ត្រូវបានដាក់ឲ្យដំណើរការនៅកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា បានប្រកាន់យក គោលនយោបាយសុខដុមរមនីយកម្ម ជាតិសាសន៍ ដោយផ្ដល់ សិទ្ធិសេរីភាព ជូនដល់គ្រប់ក្រុមជាតិសាសន៍ ទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជា ។ កត្តាសំខាន់មួយទៀត គឺជនជាតិចិន ខ្លួនឯង ធ្វើសមាហរណកម្មយ៉ាងល្អ ចូលទៅក្នុងសង្គមវប្បធម៌កម្ពុជា។ ពួកគេគោរពច្បាប់ ប្រពៃណីទំនៀមទម្លាប់ជនជាតិខ្មែរ ប្រារព្ធពិធីនានា តាមទំនៀម ទម្លាប់ប្រពៃណីខ្មែរ និងរៀបការជា មួយជនជាតិខ្មែរ ផងដែរ ។ ទន្ទឹមនឹងនេះ ពួកគេភាគច្រើន សម្គាល់អត្តសញ្ញាណ ខ្លួនឯងថាជាជនជាតិខ្មែរ និងចាត់ទុក ប្រទេសកម្ពុជា ជាទឹកដីកំណើត ដោយពួកគេនិយាយភាសាខ្មែរ រៀននៅក្នុងសាលាខ្មែរ ស្លៀកពាក់សម្លៀក បំពាក់ប្រពៃណីខ្មែរ ប្រកបមុខរបរ ដូចជាជនជាតិខ្មែរ ។ កត្តាអំណោយផល ដ៏សំខាន់មួយទៀត គឺភាពបំពេញឲ្យគ្នាទៅវិញ ទៅមក នៃសកម្មភាពសេដ្ឋកិច្ច របស់ជនជាតិចិននិងខ្មែរ ដែលពុំមានលក្ខណៈប្រកួត ប្រជែងនឹងគ្នា ។ ជនជាតិចិនមានទេព្យកោសល្យពូកែ ខាងប្រកបជំនួញ ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ចំណែកជនជាតិ ខ្មែរចូលចិត្ត ប្រកបរបរកសិកម្ម និងនេសាទជាដើម ។ សកម្មភាពចិញ្ចឹមជីវិតរបស់ជនជាតិទាំងពីរ ហាក់ដូចជាជួយបំពេញ ឲ្យគ្នាទៅវិញទៅមក ដោយពុំមានលក្ខណៈប្រកួតប្រជែងប្រឆាំងនឹងគ្នា នោះឡើយ ៕