ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ផ្ដើមត្រួតពិនិត្យ ការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ប្រចាំឆ្នាំ២០២១

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយសមត្ថកិច្ច ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា «ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២១ កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញ ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន»។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ បានជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញ ទៅប្រកាសបង់ពន្ធ បានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ ធ្វើដំណើរដែលអាច កើតមាននូវបាតុភាពអសកម្ម ដោយប្រការណាមួយជាយថាហេតុ៕

To Top