ព័ត៌មានជាតិ

កម្ពុជា អាចស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកើនឡើងខ្ពស់ នៅឆ្នាំ២០២២ ដោយសារ បើកប្រទេសឡើងវិញ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជា អាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះក្នុងឆ្នាំ២០២០-២០២១ ហើយ បន្តកើនឡើង ខ្ពស់នៅឆ្នាំ២០២២ ដោយសារបើកប្រទេស និងការវិលត្រលប់ ទៅរកកិច្ចដំណើរការ ជាប្រក្រតីឡើងវិញ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ និងសមិទ្ធផលនានា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា កម្ពុជា អាចចាកចេញពីវិបត្តិនៃជំងឺ កូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ប្រកបដោយភាពរឹងមាំ, ដោយម្ខាងកម្ពុជាអាចបង្កើត បាននូវភាពស៊ាំ សហគមន៍ពេញលេញ ដែលជួយធានាសុវត្ថិភាពសុខភាពសាធារណៈ ដោយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ឲ្យស្ថិតនៅក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក៏ដូចជាកាត់បន្ថយនូវអត្រា នៃការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងអត្រាមរណភាព ដោយសារជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា «កម្ពុជាអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះក្នុងអត្រា-៣,១% ក្នុងឆ្នាំ ២០២០ មកអត្រាវិជ្ជមានប្រមាណ៣% ក្នុងឆ្នាំ២០២១ ហើយកំណើននេះត្រូវបានព្យាករថា នឹងបន្តកើនឡើងខ្ពស់រហូតដល់ជាង ៥% ក្នុងឆ្នាំ ២០២២ នេះ ដោយសារតែការបើកប្រទេស និងការវិលត្រលប់ទៅរកកិច្ចដំណើរការជាប្រក្រតីឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី»។

លោកបន្ដថា ឈរលើមូលដ្ឋាននេះ, ជាមួយនឹងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល នឹងផ្តោតជាសំខាន់លើការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ឲ្យវិលត្រឡប់ទៅរកវិថីនៃកំណើនសក្តានុពលរបស់ខ្លួនឡើងវិញ ពិសេសតាមរយៈការជំរុញការអនុវត្ត «ក្របខណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ដែលរាជរដ្ឋាភិបាល ទើបបានប្រកាសដាក់ឲ្យអនុវត្តកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ ដោយឈរលើសសរស្តម្ភចំនួន ៣ (ឬហៅកាត់ថា 3 Rs) ដែលរួមមាន៖ (១)-ការស្តារឡើងវិញនូវកំណើនក្នុងវិស័យសំខាន់ៗ ដែលជាចន្ទល់សេដ្ឋកិច្ច (Recovery), (២)-ការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះ រឹងមាំសម្រាប់កំណើន, ពិពិធកម្ម, និង ភាពប្រកួត-ប្រជែង (Reform), និង (៣)-ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន (Resilience)។

លើសពីនេះ លោក ឧបនាយករដ្ឋមន្ដ្រី បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់ដៃគូទាំងអស់ ដែលកន្លងមកបានជួយគាំទ្រ និងជ្រោមជ្រែងដល់ប្រទេសកម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជូនឲ្យកម្ពុជា នូវវ៉ាក់សំាងបង្ការជំងឺកូវីដ-១៩, សម្ភារៈបរិក្ខារសុខាភិបាល និងរថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងហិរញ្ញប្បទានគាំទ្រដល់ការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ។

លោក បន្ថែមថា ការផ្តល់ជំនួយទាំងនេះ គឺជាសក្ខីកម្មមួយ ដែលបានឆ្លុះបញ្ចាំង ពីកាយវិការសប្បុរសធម៌, សន្តានចិត្តជ្រាលជ្រៅ និងការទទួលខុសត្រូវរបស់ដៃគូ និងបណ្តាប្រទេសជាមិត្ត ក្នុងការជួយគាំទ្រប្រទេស ដែលធនធាន និងលទ្ធភាព នៅមានកម្រិត ដូចជាកម្ពុជា ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដ៏កាចសាហាវនេះ៕

To Top