នៅថៃ្ងទី ២៥ ខែកុម្ភៈ នៅពេលជួបពិភាក្សាតាមទូរស័ព្ទ ជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ប្រទេសចិន បានសម្រេចគោលជំហររបស់ខ្លួន ដោយសំអាងតាមត្រូវនិងខុស នៃបញ្ហាអ៊ុយក្រែន គួរតែលុបចោល គំនិតសង្គ្រាមត្រជាក់ យកចិត្តទុកដាក់និងគោរព ចំពោះកាយកចិត្តទុកដាក់ផ្នែកសន្តិសុខ ដ៏សមហេតុផលរបស់បណ្តាប្រទេសនានា ក៏ដូចជាបង្កើតជាយន្តការ សន្តិសុខអឺរ៉ុប ដែលមានតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព តាមរយៈការចរចា ។
ចិន គាំទ្រ រុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយបញ្ហាតាមរយៈការចរចា ។ ជាការឆ្លើយតប លោកភូទីនបានថ្លែងថា រុស្ស៊ី រីករាយធ្វើការចរចាជាន់ខ្ពស់ ជាមួយអ៊ុយក្រែន ។
នេះគឺជាកិច្ចជំនួបពិភាក្សា តាមទូរស័ព្ទដ៏សំខាន់មួយលើក ហើយក៏ជាកិច្ចខិតខំប្រឹងប្រែង ថ្មីបំផុតរបស់ចិន សម្រាប់ជំរុញការដោះស្រាយ បញ្ហាអ៊ុយក្រែន តាមវិធីនយោបាយផងដែរ ។
ការជំរុញឱ្យភាគីទាំងពីររុស្ស៊ី និងអ៊ុយក្រែន ធ្វើការចរចាសន្តិភាពរបស់ប្រទេសចិន បានផ្តល់គម្រោងសម្រាប់ដោះស្រាយ បញ្ហាអ៊ុយក្រែន តាមវិធីនយោបាយ ដែលបានបង្ហាញឱ្យឃើញ នូវកាតព្វកិច្ចរបស់ប្រទេសមហាអំណាច លើពិភពលោកប្រកបដោយទំនួលខុសត្រូវ ។
ព្រមពេលជាមួយគ្នានេះ កិច្ចជំនួបពិភាក្សាតាមទូរស័ព្ទ រវាងមេដឹកនាំកំពូលរបស់ចិន និងរុស្ស៊ី លើកនេះ ក៏បានបញ្ចេញសញ្ញាដ៏សំខាន់មួយ ពោលគឺ ទោះបីជាបានផ្ទុះការប៉ះទង្គិច ផ្នែកយោធារវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ក៏នៅតែមានច្រកចេញ សម្រាប់ឱ្យភាគីទាំងពីរដោះស្រាយបញ្ហា តាមរយៈកិច្ចសន្ទនាផងដែរ ។ ការសម្តែងអាកប្បកិរិយាទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា ទ្វារសម្រាប់ដោះស្រាយបញ្ហាអ៊ុយក្រែន តាមវិធីនយោបាយ មិនត្រូវបានបិទនោះទេ ។ ការធ្វើបដិបក្ខគ្នា មិនអាចដោះស្រាយបញ្ហាបានទេ កិច្ចសន្ទនាទើបជាជម្រើសប្រកបដោយ វិចារណញ្ញាណ សម្រាប់ដោះស្រាយវិបត្តិអ៊ុយក្រែន ។
មជ្ឈដ្ឋានខាងក្រៅ បានចាប់អារម្មណ៍ថា នៅថៃ្ងទី ២៥ ខែកុម្ភៈ ខណៈពេលលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញពីក្តីបំណង ដែលចង់ធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានសម្តែង ការខកចិត្តយ៉ាងខ្លាំង ចំពោះអង្គការណាតូផងដែរ ។
លោក Volodymyr Zelensky បានលើកឡើងថា លោកបានសួរទៅកាន់មេដឹកនាំ នៃប្រទេសអឺរ៉ុបចំនួន ២៧ថា តើអ៊ុយក្រែន អាចចូលជាសមាជិក នៃអង្គការណាតូបានឬអត់ ប៉ុន្តែសុទ្ធតែមិនបានទទួល ការឆ្លើយតបណានោះឡើយ ។ “ប្រទេសលោកខាងលិច បានបោះបង់ចោលអ៊ុយក្រែន ទាំងស្រុងហើយ ។
សូមរំលឹកថា ទាក់ទិននឹងបញ្ហាអ៊ុយក្រែន ដែលបានវិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ អង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក មានទំនួលខុសត្រូវដែលមិនអាចបដិសេធបាន ។ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក បានជំរុញអង្គការណាតូ ឱ្យវាតទីទៅ ខាងកើតចំនួន ៥ លើក ដែលបាននិងកំពុងបង្ករការគំរាមកំហែង ដល់បរិយាកាសសន្តិសុខ នៅប្រទេសជិតខាង នៃរុស្ស៊ីឥតឈប់ឈរ។ នេះជាប្រភពដើម ដែលបណ្តាលឱ្យទំនាក់ទំនងរវាងរុស្ស៊ី អាមេរិក និងអង្គការណាតូ មានភាពតានតឹង ព្រមទាំងស្ថានការណ៍ឡើងកម្តៅ ជាបន្តបន្ទាប់ ។
យោងតាមការផ្សាយដំណឹងថ្មីបំផុត បានឱ្យដឹងថា លោក Dmitry Peskov លេខាធិការព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា លោក ភូទីន ត្រៀមនឹងចាត់បញ្ជូន គណៈប្រតិភូរុស្ស៊ី ទៅកាន់ទីក្រុង Minsk ដើម្បីធ្វើការចរចា ជាមួយគណៈប្រតិភូអ៊ុយក្រែន ។ សហគមន៍អន្តរជាតិរំពឹងថា រុស្ស៊ីនិងអ៊ុយក្រែន អាចរក្សាភាពស្ងប់ស្ងាត់ និងប្រកាន់ឥរិយាបថ ដែលប្រកបដោយវិចារណញ្ញាណ ស្វែងរកដំណោះស្រាយបញ្ហា ដោយសន្តិភាពតាមរយៈការចរចា ។
គោលជំហរជាមូលដ្ឋានរបស់ចិន ចំពោះការគោរពអធិបតេយ្យភាព និងបូរណភាពដែនដី នៃបណ្តាប្រទេសនានា ព្រមទាំងគោរពតាមកម្មវត្ថុ និងគោលការណ៍របស់ធម្មនុញ្ញ អង្គការសហប្រជាជាតិ គឺ ជាប់រហូតនិងជាក់ច្បាស់ ពោលគឺ ប្រទេសចិន នឹងបន្តជំរុញដល់ការចរចាសន្តិភាព តាមរប្រៀបរបស់ខ្លួន ដើម្បីជំរុញការដោះស្រាយបញ្ហាអ៊ុយក្រែន តាមវិធីនយោបាយ ៕