ប្រទេសចិនតែងបានដើរតួនាទីសំខាន់ និងឈានមុខគេនៅក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់ជនពិការ ឬជនដែលមានពិការភាព។ កីឡាប៉ារ៉ាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅរដ្ឋធានីប៉េកាំងដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ជាសក្ខីភាពដែលមិនអាចប្រកែកបាននៃការផ្តល់អាទិភាពដល់ជនពិការ ឬជនដែលមានពិការភាព។ កីឡាប៉ារ៉ាឡាំពិកត្រូវបានរៀបចំឡើងស្របគ្នាជាមួយនឹងកីឡាអូឡាំពិកដែលទទួលស្គាល់ដោយ IOC រួមមានអត្តពលិកដែលមានពិការភាពបញ្ញា និងអត្តពលិកដែលមានពិការភាពនៃការស្តាប់(ថ្លង់)ទៀតផង។
ភាពជោគជ័យនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាដែលទើបនឹងបិទបញ្ចប់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ជាសក្ខីកម្មយ៉ាងប្រចក្សដែលពិភពលោកមិនអាចប្រកែកបានពីភាពអស្ចារ្យនៃការគ្រប់គ្រង និងការរៀបចំការប្រកួតនៅក្នុងស្ថានភាពដែលពិភពលោកទទួលរងនូវការរីករាតត្បាតនៃជំងឺCovid-19។ ប្រទេសចិនដែលជាអ្នកយកចិត្តទុកដាក់ខ្លាំងលើសុខភាពរបស់ជនពិការ ហើយតែងយល់ថាជនពិការជាជនងាយរងគ្រោះ ទើបប្រទេសចិនមានសុទិដ្ឋិនិយមនិងបង្ហាញនូវប្តេជ្ញាចិត្តខ្ពស់ប្រកបដោយទំនួលខុសត្រូវទាំងផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ទាំងផ្នែកមនុស្សធម៌ ហើយគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងគុណតម្លៃរបស់កីឡាអូឡាំពិក។ ការរៀបចំប្រកួតកីឡាប៉ារ៉ា អូឡាំពិករដូវរងារដ្ឋធានីប៉េកាំងពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ជាពិសេសលើជនដែលមានពិការភាព ហើយក៏ចាក់បញ្ចូលនូវធាតុសំខាន់នៃជំនឿចិត្តលើការកសាងសហគមន៍ជោគវាសនារួមប្រកបដោយក្តីសង្ឃឹមនិងអនាគតរួមគ្នា។ ពិភពលោកនឹងមិនមានភាពមន្ទិល ឬសង្ស័យពីវិធានការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងការធានាបានទាំងស្រុងនូវសុខភាពរបស់អត្តពលិកទាំងអស់ និងចូលរួមជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងការសម្រេចបាននូវការប្រកួតកីឡាប៉ារ៉ាអូឡាំពិកប្រកបដោយភាពរលូនតាមការគ្រោងទុក និងស្របតាមនិយាមរបស់អន្តរជាតិ។
ប្រសិនជាយើងក្រឡេកទៅមើលសារបាននៃការរៀបចំកីឡាប៉ារ៉ាអូឡាំពិកវិញ យើងឃើញថា កីឡាប៉ារ៉ា អូឡាំពិកបានរីកចម្រើនក្នុងឆ្នាំ១៩៤៨ ពីការប្រមូលផ្តុំនៃក្រុមអតីតយុទ្ធជនរបស់អង់គ្លេសដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី២ ដើម្បីក្លាយជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតមួយនៅដើមសតវត្សរ៍ទី២១។ នេះជាការបង្ហាញពីការផ្តល់ឱកាសដល់ជនពិការពីសង្គ្រាម ឬផ្តល់ឱកាសដល់ជនពិការទូទៅបានចូលរួមបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងស្មារតីកីឡា ដើម្បីជាសក្ខីភាពនៃការលើកកម្ពស់សិទ្ធិមនុស្សជាទូទៅ សិទ្ធិជនពិការជាពិសេស។ ក្នុងន័យនេះ ប្រទេសចិនជាប្រទេសដែលមានជនរងគ្រោះច្រើនជាងគេពីសង្គ្រាម ព្រោះប្រទេសចិនរងគ្រោះដោយ សង្គ្រាមអយុត្តិធម៌ និងសង្គ្រាមឈ្លានពានសព្វបែបយ៉ាងពីបរទេស តែប្រទេសចិនបានប្រែក្លាយជាជនរងគ្រោះទៅជាអ្នកផ្តល់ក្តីសង្ឃឹម ផ្តល់នូវការលើកទឹកចិត្តសម្រាប់ប្រជាជនទូទៅ ជាពិសេសជនដែលមានពិការភាព ឬជនពិការ ក្នុងការចូលរួមក្នុងគ្រប់សកម្មភាពសង្គម រួមទាំងប្រឡូកនៅក្នុងវិស័យកីឡាផងដែរ។
សកម្មភាពជាក់ស្តែងទាំងនេះ ពិភពលោកបាននិងកំពុងទន្ទឹងរង់ចាំថ្ងៃប្រកួតកីឡាប៉ារ៉ាអូឡាំពិករដូវរងាឈានមកដល់ក្នុងពេលឆាប់ៗ ហើយជនពិការ ឬជនដែលមានពិការភាពក៏បានតាមដាននិងទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីប្រទេសចិន ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅក្នុងជំនួបទ្វេភាគីពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជាបានមានប្រសាសន៍ថា «ការងារបោសសម្អាតមីន នៅតែមានការចូលរួមគាំទ្រយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងនោះប្រទេសចិនគឺជាមិត្តដ៏សំខាន់មួយដែលបានជួយដល់កម្ពុជាលើការបោសសម្អាតមីន» ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សម្រាប់រយៈពេល១២ខែ ក្នុងឆ្នាំ២០២២ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC។
ទាំងនេះសុទ្ធសឹងជាស្មារតីនៃការផ្តល់តម្លៃខ្ពស់ដល់ជនពិការ ឬជនដែលមានពិការភាព ទោះស្ថិតនៅក្នុងទម្រង់ណាក៏ដោយ ឬដោយមូលហេតុអ្វីក៏ដោយ ក៏ប្រជាជននិងរដ្ឋាភិបាលចិនឈរលំដាប់ថ្នាក់ទី១នៅក្នុងការលើកកម្ពស់សិទ្ធិរបស់ជនពិការ និងបន្តការលើកទឹកចិត្តដល់គ្រប់អង្គពាក់ព័ន្ធនានាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់ជនពិការ។ ប្រទេសចិនតែងឈានមុខ និងនាំមុខលើការអនុវត្តតាមខ្លឹមសារទាំងស្រុងនៃធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ហើយប្រទេសចិនមិនដែលរួញរាក្នុងការចូលរួមលើកកម្ពស់ប្រជាធិបតេយ្យ ដូចទៅនឹងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យជាមូលដ្ឋានរបស់ប្រទេសចិន ឬសង្គមនិយមតាមបែបផែនចិន ដែលបាន ផ្តល់នូវសុភមង្គលដល់ប្រជាជនចិននិយាយដោយឡែក ដល់មនុស្សជាតិទូទៅនិយាយរួម។ ក្នុងន័យនេះ ជើងឯកធានាសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តវិធានសុខាភិបាល គោរពសិទ្ធិមនុស្សដែលជាពិសេសសិទ្ធិជនពិការ និងការអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ នោះគឺប្រទេសចិន។
ជារួម ស្មារតីនៃពិធីកីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាអូឡាំពិកឆ្នាំ២០២២ គឺជាការចាក់បញ្ចូលនូវធាតុដ៏សំខាន់នៃកម្លាំងសាមគ្គី កិច្ចសហប្រតិបត្តិការ ដែលស្របនឹងទស្សនវិជ្ជារបស់ចិន ស្របនឹងវប្បធម៌-អរិយធម៌ដ៏ថ្កើងថ្កានជាង៥០០០ឆ្នាំរបស់ប្រទេសចិន ដើម្បីប្រកៀកស្មាររួមគ្នាជាមួយពិភពលោកទៅកាន់សហគមន៍ជោគវាសនារួមនិងក្តីសង្ឃឹមសម្រាប់ពិភពលោកក្នុងការបន្តនូវយន្តការពហុភាគីនិយម និងការបង្កើនមិត្តភាព ព្រមទាំងចូលរួមដល់ការអភិវឌ្ឍពិភពលោក ដូចទៅនឹងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍដែលកំពុងមានវត្តមាននៅទូទាំងពិភពលោកក្នុងការរួមកម្លាំងជាសម្លេងរួមគ្នាការពារសិទ្ធិមនុស្ស និងផលប្រយោជន៍កាន់តែធំដល់មនុស្សជាតិ ដែលជាពិសេសជនងាយរងគ្រោះ ជនពិការ ឬជនដែលមានពិការភាព៕