កាលពីថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ សភារាស្ត្រអាមេរិកបានបោះឆ្នោត អនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការហាមឃាត់ការ នាំចូលប្រេងកាត ឧស្ម័នធម្មជាតិនិងធ្យូងថ្មពីរុស្ស៊ី ។ នេះគឺជាការដាក់ទណ្ឌកម្ម ដ៏តឹងរ៉ឹងបំផុតដែលសហរដ្ឋអាមេរិក បានអនុវត្តទៅលើរុស្ស៊ី គិតមកទល់បច្ចុប្បន្ននេះ ។
ចាប់តាំងពីវិបត្តិអ៊ុយក្រែន បានផ្ទុះឡើងមក ទន្ទឹមនឹងការដាក់ទណ្ឌកម្មដោយ ផ្តេសផ្តាសបានបណ្តាលឱ្យ កើតមានលទ្ធផលអាក្រក់ជាសន្សឹមៗ អឺរ៉ុបបានរកឃើញថា ខ្លួនបានក្លាយជាអ្នករងគ្រោះ សំខាន់មួយនៃការប៉ះទង្គិចលើកនេះ ។
ឧទាហរណ៍ដូចជា ការឡើងថ្លៃយ៉ាងខ្លាំងនៃ ថាមពលបាននាំឱ្យប្រជាជនទ្វីបអឺរ៉ុប មានភាពលំបាកយ៉ាងធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ការផ្គត់ផ្គង់ស្បៀងអាហារប្រឈមមុខ នឹងបញ្ហាជាច្រើន ហើយបញ្ហាសន្តិសុខក៏ កាន់តែស្រួចស្រាវផងដែរ ។ រុស្ស៊ីនិងអ៊ុយក្រែនជាប្រទេសជិតខាង ដែលមិនអាចរើបម្រះចេញពីអឺរ៉ុបបាន ។ មានតែស្ថានការណ៍ អ៊ុយក្រែនមានស្ថិរភាព នោះ ទើបអាចធានាសន្តិសុខទ្វីបអឺរ៉ុប ក្នុងកម្រិតអតិបរមាបាន ។
ប៉ុន្តែ សហរដ្ឋអាមេរិកដែលជា អ្នកបង្កវិបត្តិអ៊ុយក្រែនគឺស្ថិតនៅទីឆ្ងាយ ដែលខ្លួនមិនបានរងផលប៉ះពាល់ពីវិបត្តិ ផ្ទុយទៅវិញ បែរជាឆ្លៀតឱកាសនេះ នាំឱ្យឧស្សាហកម្មយោធាទទួល បានផលចំណេញជាច្រើន ព្រមទាំងបានទប់ស្កាត់ ការអភិវឌ្ឍរបស់រុស្ស៊ី និងអឺរ៉ុបយ៉ាងខ្លាំង ថែមមួយកម្រិតទៀត ដើម្បីទទួលបានថ្នូរនយោបាយ កាន់តែច្រើនឡើងៗក្នុងការ គាំពារអនុត្តរភាពរបស់ខ្លួន ។
ផ្ទុយទៅវិញ អឺរ៉ុបបានរងការវាយប្រហារ ដោយសារធ្វើតាមសហរដ្ឋអាមេរិក ដោយអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ហើយដំណើរស្វែងរកភាពម្ចាស់ ការខាងយុទ្ធសាស្ត្រក៏កាន់តែ ត្រូវរារាំងយ៉ាងខ្លាំងដែរ។ វិបត្តិអ៊ុយក្រែន នាំឱ្យសហរដ្ឋអាមេរិករកបានមធ្យោបាយ ដែលបង្ការកុំឱ្យអឺរ៉ុបបម្រះខ្លួន ចេញពីការគ្រប់គ្រង របស់សហរដ្ឋអាមេរិក ។
បើនិយាយដល់ការលេងកលល្បិច និងអូសទាញឱ្យសម្ព័ន្ធមិត្តធ្លាក់ក្នុងអន្ទាក់ គ្មានប្រទេសណាមួយមានភាពឃោរឃៅ ជាងសហរដ្ឋអាមេរិកនោះឡើយ ។
បច្ចុប្បន្ននេះ អឺរ៉ុបកំពុងប្រឈមមុខ នឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពី សង្គ្រាមលោកលើកទីពីរមក តើនឹងក្លាយជារដ្ឋចំណុះ នៃសហរដ្ឋអាមេរិក ឬក៏ស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ជម្រើសរបស់អឺរ៉ុប នឹងសម្រេចជោគវាសនានៃទ្វីបអឺរ៉ុប ។ ប៉ុន្តែ មានសំណាងល្អដែលអឺរ៉ុប បានយល់ដឹងជាបណ្តើរៗថា ការធ្វើតាមសហរដ្ឋអាមេរិក វាមិនសមស្របនឹងផលប្រយោជន៍ ផ្ទាល់ខ្លួនទាំងស្រុងទេ ។
កាលពីថ្ងៃទី៨ ខែមីនា លោកម៉ាក្រុងប្រធានាធិបតីបារាំង បានថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថា ក្នុងនាមជាប្រទេស និងជនជាតិដ៏ឯករាជ្យមួយ រុស្ស៊ីចាំបាច់ត្រូវទទួលការគោរព ពីព្រោះប្រសិនបើរុស្ស៊ីមិនមែនជាចំណែកមួយ នៃប្រព័ន្ធសន្តិភាពលើមហាដីគោកអឺរ៉ុប នោះ អឺរ៉ុបប្រហែលនឹងគ្មានសន្តិភាព ដ៏យូរអង្វែងនោះឡើយ។
ការអនុវត្តជាក់ស្តែង បានបញ្ជាក់រួចហើយថា ការធ្វើតាមសហរដ្ឋអាមេរិក និងអនុវត្តការដាក់ទណ្ឌកម្ម គឺមិនអាចដោះស្រាយបញ្ហា ពីឫសគល់ទាល់តែសោះ វាមិនត្រឹមតែនឹងបង្កជាសភាពការណ៍ “បរាជ័យទ្វេភាគី”ឬ “បរាជ័យពហុភាគី”លើផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើឱ្យប៉ះពាល់ ដល់ដំណើរការដោះស្រាយបញ្ហា តាមវិធីនយោបាយផងដែរ ។
អឺរ៉ុបគួរតែគិតពិចារណា ពីផលប្រយោជន៍ផ្ទាល់ខ្លួន ផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រភពនៃវិបត្តិអ៊ុយក្រែន និងបញ្ចុះបញ្ចូលប្រកបដោយវិចារណញ្ញាណ ឱ្យធ្វើការចរចាដោយសន្តិវិធី ដើម្បីជំរុញការបង្កើត រចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព ។ នេះទើបជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ធានាដល់សន្តិសុខ យូរអង្វែងរបស់អឺរ៉ុប ។ ទ្វីបអឺរ៉ុបគឺដល់ពេលដែលរត់ចេញពី អន្ទាក់របស់សហរដ្ឋអាមេរិក និងសម្រេចបាននូវភាពម្ចាស់ការ ខាងយុទ្ធសាស្ត្រហើយ!