ភ្នំពេញ ៖ ព្រឹត្តិការណ៍ មហាបាតុភូត ដ៏អស្ចារ្យ ព្រះអាទិត្យ រះចំកំពូលកណ្តាល ប្រាង្គប្រាសាទអង្គរវត្ត ត្រូវបានអ្នកជំនាញ អះអាងថា នឹងកើតមានឡើង នៅក្នុងខែនេះ គឺចំនឹងថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដែលថ្ងៃចន្ទនេះ ក៏ត្រូវបាន ពលរដ្ឋកម្ពុជា ភាគច្រើនចាត់ទុកថា ជាថ្ងៃដើមសប្តាហ៍ ដើមទ្រព្យផងដែរ ។
យោងតាម ការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា “បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ”។
បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ឲ្យដឹងថា សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នៃសមរាត្រី ខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែល ជាចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាង ពិសេសមួយ។ អ្នកបុរាណវិទូដដែល បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។
អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលា ដែលរវាងពេលថ្ងៃនិងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាន នៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍ សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទ ទុកមុនជាស្រេច ដោយបំណងតម្រូវតាម បាតុភូតធម្មជាតិឲ្យ ប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង ។
លោក អ៊ឹម សុខរិទ្ធី ឲ្យដឹងទៀតថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិ ឲ្យព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះ ទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង ។ អាចនិយាយបានថាព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូល ប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើ ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅប្រទេសដទៃទៀត ក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។
លោកថា ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត អាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែ បាតុភូតនោះកើតឡើងមិនដូចគ្នាទេ។ កាលពីឆ្នាំ២០១៩កន្លងទៅ (សមរាត្រី) ព្រះអាទិត្យរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត បានកើត ឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញ ពីក្លោងទ្វារកណ្តាល នៃគុកតារាជ (ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក ៕