នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ គ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈណាមួយ ល្អឥតខ្ចោះទេ មានតែគុណសម្បត្តិ-គុណវិបត្តិ (Video)

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានថ្លែងថា គ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈណាមួយ មានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។

ក្នុងពិធីបើក ប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេច ស ខេង បានបញ្ជាក់ថា ជាទូទៅ វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេចាត់ទុកថា គឺជាយុទ្ធសាស្ដ្រ ឬជាគោលនយោបាយសាធារណៈមួយ ដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់ប្រជាធិតេយ្យ និងអភិបាលកិច្ច ក្នុងការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ។

សម្ដេច ស ខេង មានប្រសាសន៍ថា «ជារួមមានការកត់សម្គាល់ថា គ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈណាមួយ ដែលមានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ ក៏ប៉ុន្តែ បើពិចារណាទៅលើមធ្យោបាយ ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នា របស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័ស ចំពោះតម្រូវការជាអាទិភាពនានា របស់មូលដ្ឋាននីមួយៗនោះ ប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការពិត ជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅកៀកប្រជាពលរដ្ឋ ធ្វើសេចក្តីសម្រេចចិត្ត ក្នុងការផ្តល់សេវាសាធារណៈចាំបាច់ នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

សម្ដេចបន្ដថា និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិត ប្រជាពលរដ្ឋ អាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និងត្រឹមត្រូវជាងរដ្ឋបាល ដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ ក៏អាចរៀបចំផែនការ អាចមានមធ្យោបាយដោះស្រាយ ប្រឈមនានា និងអាចធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋ បានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែង ដែលមានលក្ខណៈខុសគ្នាៗ នៃមូលដ្ឋាននីមួយៗ។

ជាងនេះទៅទៀត សម្ដេច ស ខេង បានបញ្ជាក់ទៀតថា មកទល់បច្ចុប្បន្ន ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ថ្នាក់ក្រោមជាតិទូទាំងប្រទេស មានទម្រង់ជាវិមជ្ឈការផង និងវិសហមជ្ឈការផង ក្នុងនោះ រដ្ឋបាលឃុំ សង្កាត់ទទួលបានមុខងារ ធនធាន និងសិទ្ធិអំណាចតាមបែបវិមជ្ឈការច្រើន និងវិសហមជ្ឈការតិចតួច រដ្ឋបាលក្រុង ស្រុកបាន និងកំពុងទទួលនូវមុខងារ និងធនធានតាមបែបវិមជ្ឈការជាបណ្តើរៗ៕

To Top