ព័ត៌មានជាតិ

សម្តេចតេជោ ៖ ត្រូវរៀបចំធនធាន ហិរញ្ញវត្ថុរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យគ្រប់គ្រាន់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ត្រូវរៀបចំឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យមានលទ្ធភាពទទួលបាន ធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រាប់បំពេញការងាររបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនប្រជាជន ។

សម្តេចថា នេះគឺជាគោលដៅដ៏សំខាន់មួយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដែលផ្អែក តាមលទ្ធភាពហិរញ្ញវត្ថុនោះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ទោះបីមិនអាចមានលទ្ធភាព អភិវឌ្ឍន៍មូលដ្ឋានឲ្យបានស្មើគ្នា ក៏យ៉ាងហោចណាស់ ត្រូវធានាឲ្យបាននូវការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាជន គ្រប់រូបប្រកបដោយសមធម៌ ។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញចូលរួមបិទ ពិធីប្រកាសផ្សព្វផ្សាយ និង ដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ នាថ្ងៃ២១ មីនា ។

សម្តេចតេជោបន្ត កម្មវិធីជាតិដំណាក់កាលទី២ បានកំណត់ចក្ខុវិស័យ និងជំហានយ៉ាងច្បាស់លាស់អំពីវិមជ្ឈការហិរញ្ញវត្ថុ ហើយក៏ជាផ្នែកដ៏សំខាន់មួយ ដែលបានកំណត់ ក្នុងកម្មវិធីកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ។ ប្រព័ន្ធផ្ទេរធនធាន ហិរញ្ញវត្ថុ អន្តររដ្ឋបាល រាប់បញ្ចូលទាំងការ ផ្ទេរធនធានគ្មាន ភ្ជាប់លក្ខខណ្ឌ និង មានភ្ជាប់លក្ខខណ្ឌនឹងត្រូវបានពិនិត្យ និងដោយផ្អែកលើតួនាទី និងការទទួលខុសត្រូវ លើការផ្តល់សេវា សាធារណៈនានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងផ្អែកលើលក្ខណៈវិនិច្ឆ័យ និងរូបមន្តនៃប្រព័ន្ធបែងចែកធនធាន ច្រកបដោយសមធម៌មួយ។

ទន្ទឹងនឹងនេះសម្តេចថា សម្រាប់រយៈប៉ុន្មានឆ្នាំ ចំពោះមុខទៀត កិច្ចការដែលចាំបាច់បំផុតពាក់ព័ន្ធនឹងការ គ្រប់គ្រងហិរញ្ញវត្ថុ គឺការខិតខំពង្រឹងការ គ្រប់គ្រងការប្រមូល ចំណូលឲ្យអស់លទ្ធភាព និងការគ្រប់គ្រង ចំណាយឲ្យបានម៉ឺងម៉ាត់ ដោយតម្រូវឲ្យគ្រប់ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវ កាត់បន្ថយនូវចំណាយមិនចាំបាច់នានា រាប់បញ្ចូលទាំងការចំណាយលើគម្រោងវិនិយោគសាធារណៈ។

ដើម្បីធានាដល់ការគ្រប់គ្រង និងការ ទ្រទ្រង់ថវិកាជាតិដែលនឹងអាចបន្តប៉ះពាល់ជាអវិជ្ជមានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នោះ សម្តេចថា សាខាពន្ធដាររាជធានី-ខេត្តត្រូវសហការឲ្យបានជិតស្និទ្ធ ជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗក្នុងការគ្រោង និងប្រមូលចំណូលសារ ពើពន្ធនានាដែលប្រគល់ឲ្យ រដ្ឋបាលរាជធានី-ខេត្តឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព ។ ទន្ទឹមគ្នានេះ ចាំបាច់ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថា ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបានគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ៕

To Top