ព័ត៌មានជាតិ

CMH៖ តាមការសិក្សាបង្ហាញថា ក្រុមហ៊ុនថ្នាំជក់ បន្ដផ្សាយពាណិជ្ជកម្មខុសច្បាប់ ទៅកាន់យុវជនកម្ពុជា

ភ្នំពេញ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្រុមហ៊ុនថ្នាំជក់ នៅតែបន្តប្រើប្រាស់ យុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់ ទៅកាន់ក្រុមគោលដៅ ដែលជាយុវជននៅកម្ពុជា។

ការស្រាវជ្រាវនេះ ធ្វើឡើងក្រោមការសហការ ពីអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Dearkin នៅប្រទេសអូស្រ្តាលី ជាមួយអង្គការចលនា ដើម្បីសុខភាពកម្ពុជា ដែលជាអង្គការធ្វើការងារទាក់ទង នឹងសុខភាពសាធារណៈ នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ CMH នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា «ការស្រាវជ្រាវនេះ បានបង្ហាញថា ជាងពាក់កណ្ដាលនៃសំណាក​ នៅក្នុងការស្រាវជ្រាវនេះ បានរំលឹកពីយុទ្ធសាស្រ្ត ផ្សាយពាណិជ្ជកម្មខុសច្បាប់ របស់ក្រុមហ៊ុនថ្នាំជក់ នៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្ម នៅតាមតូបលក់រាយ និងតាមប្រព័ន្ធអ៊ិនធឺណែត»។

CMH បានបន្ដថា អ្នកចូលរួម នៅក្នុងការស្រាវជ្រាវនេះ ក៏បានបន្ថែមថា អ្នកតំណាងក្រុមហ៊ុនថ្នាំជក់ បានទៅជួបទំនាក់ទំនងជាមួយពួកគេ ដើម្បីផ្តល់បារី និងទំនិញដោយឥតគិតថ្លៃ ផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានរៀបរាប់ ពីការផ្សព្វផ្សាយលក់ ជាលក្ខណៈឯកជនខុសច្បាប់ នៅតាមទីតាំងផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដូចជានៅក្នុងហាងកាហ្វេ ភោជនីយដ្ឋានបារ សូម្បីតែនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។

CMH បានបន្ថែមថា នៅក្រោមច្បាប់ ស្តីពី ការគ្រប់គ្រងថ្នាំជក់ យុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្ម ថ្នាំជក់ទាំងនេះ ត្រូវបានហាមឃាត់ ក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ។ ផ្ទុយទៅវិញ ការស្រាវជ្រាវនេះ ផ្តល់ភស្តុតាងយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនថ្នាំជក់នៅកម្ពុជា នៅតែបន្តបំពានច្បាប់នេះ ជាញឹកញាប់នៅតាមទីកន្លែងសាធារណៈ ទូទាំងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យការកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សារបស់អង្គការ សហប្រជាជាតិឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រមាណ ១៥,០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការប្រើប្រាស់ថ្នាំជក់ ជាមួយនឹងការចំណាយប្រចាំឆ្នាំ ប្រហែល ៣% នៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេសប្រចាំឆ្នាំ៕

To Top