ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “បច្ច័យនៃសង្គ្រាមត្រជាក់ ” ហួសសម័យហើយ អង្គការណាតូ គួរតែរំសាយ

នៅថ្ងៃទី២៤ ខែមីនាតាមម៉ោងក្នុងតំបន់ វេបសាយផ្លូវការរបស់អង្គការណាតូបានបង្ហោះរូបថតមួយសន្លឹកនៃអ្នកដឹកនាំអាមេរិកនិងអឺរ៉ុបដែលបានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ។ ទីតាំងឈរនិងប្លង់ថត ដែលរចនាយ៉ាងផ្ចិតផ្ចង់ រឿងលំអិតនីមួយៗ ហាក់ដូចជាបានបញ្ចេញព័ត៌មាន ទៅកាន់មជ្ឈដ្ឋានខាងក្រៅថា៖ “អង្គការណាតូកាលពីមុន” ត្រឡប់មកវិញហើយ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល លោក បៃដិន ប្រធានាធិបតីអាមេរិក ក៏បានប្រញាប់ប្រញាល់ ប្រកាសទៅកាន់មជ្ឈដ្ឋាន ខាងក្រៅថា អង្គការណាតូ “មានភាពខ្លាំងក្លានិងសាមគ្គីភាព ”ដូចកាលពីមុន ។

ប៉ុន្តែការពិតគឺអ៊ីចឹងមែនទេ ? ការតុបតែងយ៉ាងប្រណីតយ៉ាងណា ក៏មិនអាចបិទបាំងនូវវិបតិ្តភាពស្របច្បាប់ របស់សហព័ន្ធយោធាធំជាងគេ នៅលើពិភពលោក និងការខ្វែងគំនិតធ្ងន់ធ្ងរ ក្នុងអង្គការមួយនេះដែរ ។ ក្នុងនាមជាបច្ច័យ នៃសង្រ្គាមត្រជាក់ “អង្គការណាតូកាលពីមុននោះ” មិនបាច់ត្រឡប់មកវិញទេ !

និយាយចំពោះអាមេរិក អង្គការណាតូជាមធ្យោបាយសំខាន់សម្រាប់ធ្វើនយោបាយចែកបក្សពួក និងជាឧបករណ៍យោធាសម្រាប់គាំពារអនុត្តរភាពរបស់ខ្លួន ។ ប៉ុន្តែ រវាងអាមេរិកនិងអឺរ៉ុបមានការខ្វែងគំនិតដែលពិបាកដោះស្រាយបាន ប្រការនេះធ្វើឱ្យអង្គការណាតូពិបាកដើរស្របនឹងជំហានរបស់អាមេរិកដូចអាមេរិកបានប្រកាសអ៊ីចឹង ។

សូមយកបញ្ហាអ៊ុយក្រែនជាឧទាហរណ៍ ។ ពិតមែនតែអាមេរិកនិងអឺរ៉ុបសុទ្ធតែផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាដ៏រឹងចចេសចំពោះរុស្ស៊ី ប៉ុន្តែផលប្រយោជន៍នៃអាមេរិកនិងអឺរ៉ុបមានភាពខុសគ្នាខ្លាំងណាស់ ។ និយាយចំពោះអឺរ៉ុប មានតែជំរុញឱ្យវិបតិ្តអ៊ុយក្រែនដោះស្រាយដោយសន្តិវិធីក្នុងពេលឆាប់ៗ ទើបអាចធានាសន្តិសុខថាមពលដ៏ពិតប្រាកដ ។ ដើមឡើយ អាមេរិកក៏ដឹងច្បាស់ណាស់ដែរ ប៉ុន្តែអាមេរិកមិនសូវគិតពីចំណុចយកចិត្តទុកដាក់របស់អឺរ៉ុបនោះទេ ។ រីឯអាមេរិកដែលបាននិងកំពុងយកសាំងមកចាក់លើភ្លើង នៅតែដើរតួជា “អ្នកដឹកនាំ”របស់លោកខាងលិច ហើយបានដាក់សម្ពាធឥតឈប់ឈរទៅលើសម័្ពន្ធមិត្តឱ្យ “ទប់ស្កាត់ដោយគ្រប់ជ្រុងជ្រោយ”ចំពោះរុស្ស៊ី ក្នុងន័យចាប់ចងអឺរ៉ុបលើរថក្រោះប្រយុទ្ធរបស់ខ្លួន និងជួយអាមេរិកស្វែងរកផលប្រយោជន៍និងរក្សាអនុត្តរភាពរបស់វា ។

ដូចប្រសាសន៍របស់លោក Ken Stone អ្នកទទួលខុសត្រូវសហព័ន្ធឈប់បាញ់គ្នាHamilton ដែលជាអង្គការប្រឆាំងសង្គ្រាមរបស់កាណាដា ដែលធ្លាប់និយាយថា អង្គការណាតូជាអង្គការយោធាមានលក្ខណៈឈ្លានពានមួយដែលដឹកនាំដោយអាមេរិក អនុលោមតាមធម្មនុញ្ញរបស់អង្គការណាតូ អង្គការនេះបានបាត់បង់អត្ថន័យវត្តមានរួចទៅហើយ ។

អាមេរិកមិនអាចដឹកនាំពិភពលោកទេ អឺរ៉ុបជា “អឺរ៉ុបរបស់ប្រជាជនអឺរ៉ុប” ។ បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយជាង១ខែហើយ មនុស្សកាន់តែច្រើនឡើងៗបានគិតពិចារណាថា វិបតិ្តអ៊ុយក្រែនកើតឡើងដោយមូលហេតុអ្វី ? បច្ចុប្បន្ននេះ អ្នកបង្ករឿងហេតុគ្មានសុទ្ធចិត្តនិងគ្មានឆន្ទៈអីសោះ ក្នុងការជំរុញការដោះស្រាយវិបតិ្តអ៊ុយក្រែនតាមរយៈសន្តិវិធី ហើយនៅតែលេងកលល្បិចនយោបាយដើម្បីឱ្យអ្នកផ្សេងបង្ហូរឈាម និងខ្លួនឯងទទួលបានផលប្រយោជន៍ ។ អាមេរិកធ្វើអ៊ីចឹង គួរឱ្យសម័្ពន្ធមិត្តលោកខាងលិចជឿទុកចិត្តទេ ?

To Top