ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ក្រសួងការបរទេសជប៉ុន យុវជនខ្មែរ២៥រូប នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣-២១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS ២០១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១០ មករា នេះបានឲ្យដឹងថា «អ្នកចូលរួមទាំងអស់ត្រូវបានជ្រើសរើស ដោយវគ្គជម្រុះដំបូងក្នុងចំណោម បេក្ខជនដាក់ពាក្យសរុប ៤៨៨រូប ស្មើនឹង១២២ក្រុម និងវគ្គប្រកួតផ្តាច់ព្រ័ត្រ មានបេក្ខជនសរុបចំនួន៤៨រូប ស្មើនឹង១២ក្រុម ដែលបានធ្វើបទបង្ហាញ ក្រោមប្រធានបទស្រុកកំណើតខ្ញុំ កាលពីខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)»។
ទូតជប៉ុនបន្ដថា អ្នកចូលរួមនឹងទៅទស្សនកិច្ចនៅ ខេត្តតុគឹស៊ីម៉ា ជាខេត្តម្ចាស់ផ្ទះទទួល ក្រុមកីឡាករជម្រើសជាតិកម្ពុជា ចូលរួមការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០ និងមានរបាំប្រពៃណីដ៏ល្បី ប្រចាំតំបន់គឺអាវ៉ាអូដូរី។ អំឡុងពេលទស្សនកិច្ចនៅតុគឹស៊ីម៉ា ពួកគាត់នឹងសាកល្បងរាំរបាំអាវ៉ាអូដូរី និងចូលរួម កម្មវិធីផ្លាស់ប្តូរជាមួយនឹងនិស្សិត សាកលវិទ្យាល័យនៅទីនោះ។ ពួកគាត់ក៏នឹងចូលជួបសម្តែង ការគួរសមជាមួយអភិបាលខេត្តតុគឹស៊ីម៉ា ព្រមទាំងទទួលយកបទពិសោធន៍ ស្នាក់នៅផ្ទះជនជាតិជប៉ុន និងវប្បធម៌ជប៉ុនផងដែរ ។
កម្មវិធី JENESYS ២០១៩ មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។
សូមបញ្ជាក់ថា តាមរយៈកម្មវិធី JENESYS ក្រសួងការបរទេសជប៉ុន បានអញ្ជើញយុវជនខ្មែរ ជាង២១០០នាក់ ហើយតាំងពីឆ្នាំ២០០៧មក ដើម្បីចូលរួមក្នុងកម្មវិធី JENESYS ៕
ដោយ៖ អេង ប៊ូឆេង