បរទេស៖ អង្គការ ណាតូ គ្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្នុងតំបន់អាស៊ី ជាការឆ្លើយតបទៅនឹងការកើនឡើងនៃ “បញ្ហាប្រឈមផ្នែកសន្តិសុខ” ដែលមកពីប្រទេសចិន ដែលបដិសេធមិនថ្កោលទោសប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ។ នេះបើតាមអគ្គលេខាធិការប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg បានបង្ហាញក្នុងសន្និសីទសារព័ត៌មានស្តីពី ថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jens Stoltenberg បានប្រកាសថា ប្លុកនេះនឹងធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសមកពីរដ្ឋជាសមាជិក ក៏ដូចជាហ្វាំងឡង់ ស៊ុយអែត ហ្សកហ្ស៊ី និងសហភាពអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីដែលមានដើមកំណើតន័រវេសរូបនេះ ក៏បានកត់សម្គាល់ផងដែរថា ដៃគូអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបានអញ្ជើញផងដែរ ដោយបញ្ជាក់ថា វិបត្តិសន្តិសុខបច្ចុប្បន្នមាន “ផលប៉ះពាល់ជាសកល”។
រដ្ឋមន្ត្រីនានា នឹងពិភាក្សាអំពីគោលគំនិតយុទ្ធសាស្ត្រថ្មីដែលនឹងគិតគូរដល់ជម្លោះយោធាក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែក៏នឹងរួមបញ្ចូលជាលើកដំបូងផងដែរនូវបញ្ហានៃ “ការរីកលូតលាស់នៃឥទ្ធិពល និងគោលនយោបាយបង្ខិតបង្ខំរបស់ចិននៅលើឆាកពិភពលោក ដែលបង្កបញ្ហាជាប្រព័ន្ធដល់សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យរបស់យើង”។
លោក Stoltenberg បានបន្ថែមថា “យើងឃើញថា ប្រទេសចិនមិនមានឆន្ទៈក្នុងការថ្កោលទោសការឈ្លានពាន របស់រុស្ស៊ី ហើយបានចូលរួមជាមួយទីក្រុងម៉ូស្គូក្នុងការសាកសួរសិទ្ធិរបស់ប្រជាជាតិក្នុងការជ្រើសរើសផ្លូវរបស់ពួកគេ” ដោយជំរុញឱ្យលទ្ធិប្រជាធិបតេយ្យ ត្រូវតែក្រោកឈរឡើងសម្រាប់តម្លៃរបស់ពួកគេ ប្រឆាំងនឹង “អំណាចផ្តាច់ការ” ។
យោងតាម Freedom House ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សមាជិកចំនួន 5 ក្នុងចំណោមសមាជិក 30 របស់ណាតូ មិនត្រូវបានចាត់ទុកថាជាប្រទេសប្រជាធិបតេយ្យពេញលេញនោះទេ រួមមានប្រទេសតួកគី ហុងគ្រី អាល់បានី North Macedonia & Montenegro៕
ប្រែសម្រួលៈ ណៃ តុលា