ព័ត៌មានអន្តរជាតិ

ទណ្ឌកម្ម មិនមែនជាដំណោះស្រាយ ក្នុងការបញ្ចប់វិបត្ដិអ៊ុយក្រែននោះទេ

Budapest៖ សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មចំនួន ៥ជុំប្រឆាំងនឹងរុស្ស៊ីរួចហើយ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ីផងដែរ ប៉ុន្តែយោងតាមអ្នកវិទ្យាសាស្ត្រនយោបាយហុងគ្រីលោក Csaba Moldicz បានឲ្យដឹងថាទណ្ឌកម្មទំនងជានឹងមិនឈានដល់ប្រសិទ្ធភាពដែលចង់បាននៃការបញ្ចប់ជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែននោះទេ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួនាពេលថ្មីៗនេះ លោក Moldicz នាយកស្រាវជ្រាវនៅមជ្ឈមណ្ឌល Eurasian នៃសាកលវិទ្យាល័យ John Neumann ក្នុងទីក្រុង Budapest បានពន្យល់ថា ការដាក់ទណ្ឌកម្មតែម្នាក់ឯងមិនអាចជួយបានទេ លុះត្រាតែពួកគេត្រូវបានអមដោយការចរចា។

លោក Moldicz បានលើកឡើងថា ជម្លោះនៅតែបន្តកើតមាន ហើយរុស្ស៊ីនៅតែមានកន្លែង សម្រាប់ធ្វើសមយុទ្ធ បើទោះបីជាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបន្ថែមទៀតត្រូវបានដាក់ក៏ដោយ។

លោកបានលើកឡើងថា “ជាក់ស្តែង មានតែផ្នែកមួយនៃពិភពលោកប៉ុណ្ណោះ ដែលបានដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ី ខណៈដែលផ្នែកផ្សេងទៀតមិនពាក់ព័ន្ធនឹងរឿងនេះទេ ដូច្នោះហើយ រុស្ស៊ីអាចប្រើឱកាសនេះ ដើម្បីលក់ថាមពលទៅកន្លែងផ្សេងទៀត” ។

បន្ទាប់ពីលោកខាងលិច ដាក់ទណ្ឌកម្មលើរុស្ស៊ី ទីក្រុងមូស្គូ បានចាប់ផ្តើមស្វែងរកទីផ្សារថ្មី សម្រាប់ការនាំចេញ និងមធ្យោបាយ ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឥណ្ឌាបានទិញប្រេងឆៅយ៉ាងតិច ១៣ លានបារ៉ែលពីរុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ធៀបនឹងជិត ១៦លានបារ៉ែលពេញមួយឆ្នាំ២០២១។ នៅដើមខែមីនា តម្លៃនៃរូបិយបណ្ណរបស់សហព័ន្ធរុស្ស៊ីបានឈានដល់ចំណុចទាប ប៉ុន្តែចាប់តាំងពីពេលនោះមកវាបានដំណើរការស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់កម្រិតមុនជម្លោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top