ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេស បានអនុញ្ញាតជាផ្លូវការឱ្យធ្វើបត្យាប័នលោក Julian Assang ដែលជាស្ថាបនិកវេបសាយ Wikileaks ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើនចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា ។ លោក Kristinn Hrafnsson និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ “ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian Assang” ។
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកដេញតាមលោក Julian Assang មិនដាច់? មូលហេតុគឺដោយមកពីលោកបានលាតត្រដាងរឿងអាស្រូវមួយចំនួនរបស់សហរដ្ឋអាមេរិកដែលនាំឱ្យសហរដ្ឋអាមេរិកបាក់មុខយ៉ាងខ្លាំង ។ រឿងរបស់លោក Julian Assang ធ្វើឱ្យអ្នកទាំងអស់គ្នាឃើញច្បាស់ថា នៅសហរដ្ឋអាមេរិកគ្មាន “សេរីភាព”អ្វីនោះទេ នេះគ្រាន់តែជាលេសនិងឧបករណ៍សម្រាប់អ្នកនយោបាយអាមេរិកវាយប្រហារប្រទេសដទៃទៀតប៉ុណ្ណោះ ។
កាលពីឆ្នាំ២០១០ វេបសាយ Wikileaks ដែលបង្កើតឡើងដោយលោក Assang បានប្រកាសឯកសារសម្ងាត់ជាច្រើនរបស់រដ្ឋាភិបាលអាមេរិកអំពីសង្គ្រាមអាហ្វហ្កានីស្ថាននិងសង្គ្រាមអ៊ីរ៉ាក់ ក្នុងនោះ បូករួមទាំងខ្លឹមសារដូចជាការទម្លាក់គ្រាប់បែកពីអាកាសទៅលើប្រជាជនស៊ីវិលនិងការធ្វើទារុណកម្មដ៏ឃោរឃៅជាដើម ។ បន្ទាប់មក លោក Assang ក៏បានប្រកាសរឿងអាស្រូវមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកថែមទៀត ដូច្នេះ លោកបានក្លាយជាបន្លាក្នុងកែវភ្នែករបស់រដ្ឋាភិបាលអាមេរិក ។ កាលពីខែមិថុនាឆ្នាំ២០១២ លោក Assang បានស្វែងរកសិទ្ធិជ្រកកោននយោបាយពីស្ថានទូតអេក្វាឌ័រប្រចាំនៅក្រុងឡុងដ៍ ។ កាលពីខែមេសាឆ្នាំ២០១៩ ស្ថានទូតអាក្វាឌ័របានប្រគល់លោក Assang ទៅឱ្យភាគីអង់គ្លេស បន្ទាប់មក ភាគីអាមេរិកបានចេញផ្សាយសេចក្តីស្នើសុំអំពីការធ្វើបត្យាប័ន ។
រឿងរបស់លោក Assang បាននាំឱ្យពិភពលោកឃើញច្បាស់ពីធាតុពិតនៃ “សិទ្ធិមនុស្ស”និង “ប្រជាធិបតេយ្យ”ដែលសហរដ្ឋអាមេរិកបាននិយាយបំផ្លើសនោះ ។ ក្នុងនាមជាជនជាតិអូស្ត្រាលីម្នាក់ដែលរស់នៅក្នុងប្រទេសអង់គ្លេស លោក Assang លាតត្រដាងបទឧក្រិដ្ឋកម្មក្នុងសង្គ្រាមនិងភស្តុតាងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យរដ្ឋាភិបាលអាមេរិកខ្លឹងសម្បាយ៉ាងខ្លាំង ។ រដ្ឋាភិបាលអាមេរិកបានទាមទារឱ្យធ្វើបត្យាប័នលោក Assang ជាច្រើនលើក នេះជាការសងសឹករបស់យុត្តិធម៌អាមេរិកដោយឆ្លៀតប្រើ “ការលូតដៃគ្រប់គ្រង” ។
មិនថាលោក Assange និងលោក Edward Snowden ឬក៏លោក Perer Arnett អ្នកសារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិកដែលបានបាត់បង់ការងារដោយសារបាននិយាយត្រង់ៗថា សហរដ្ឋអាមេរិកបាន “ទទួលបរាជ័យ”ក្នុងសង្គ្រាមអ៊ីរ៉ាក់ វាសនារបស់ពួកគេហាក់ដូចជាកញ្ចក់មួយដែលបានបញ្ចាំងពីភាពក្លែងក្លាយនិងអាក្រក់នៃ “សេរីភាពបែបអាមេរិក” ។
កាលពីខែមករាឆ្នាំនេះ លោក Andrés Manuel López Obrador ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងថា មុនពេលលោកត្រាំ អតីតប្រធានាធិបតីអាមេរិកបញ្ចប់អាណត្តិ លោកធ្លាប់សរសេរសារលិខិតមួយច្បាប់ឱ្យលោកត្រាំ ដើម្បីទាមទារឱ្យដោះលែងលោក Assange ។ លោក Obrador បានថ្លែងទៀតថា “ខ្ញុំបានផ្ញើសារលិខិតនោះ តែមិនដែលទទួលបានការឆ្លើយតបវិញអីទេ ។” ក្រោម “ស្តង់ដារពីរបែបអាមេរិក”ដែលល្បីឈ្មោះនៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយដែលមិនអាចទទួលបានការឆ្លើយតបមកវិញ ៕