ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកមនុស្សជាតិ បានឆ្លងកាត់សង្គ្រាមដ៏ក្តៅគគុកដាបទៅដោយឈាមហើយនិងសង្គ្រាមត្រជាក់ ដ៏គួរឲ្យភ័យខ្លាចប៉ុន្តែជាមួយគ្នានេះក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងវឌ្ឍនភាពដ៏ធំធេងផងដែរ។
ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ប្រជាជន បានខិតខំប្រឹងប្រែងសម្រេចនូវ ក្តីប្រាថ្នារួមមួយ គឺការពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម។ បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល បានរចនាប្រទេសចិនគឺជាប្រទេស ដែលពោរពេញដោយសុខសន្តិភាពយូរអង្វែង ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ជាប្រទេសដែលឈរលើគោលការណ៍នីតិរដ្ឋ ប្រឆាំងរាល់គ្រប់ទម្រង់នៃអំពើពុករលួយ និងជាប្រទេសដែលបានដឹកនាំកម្លាំង ក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិដោយផ្តោតលើកំណើនសេដ្ឋកិច្ច។អភិបាលកិច្ចប្រទេសចិនមិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចិនទទួលបាន នូវជីវភាពសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំ កាន់តែធំនៃនំខេក ជូនដល់ពិភពលោកថែមទៀតផង។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនមិនប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ។
ការមើលឡើងវិញពីប្រវត្តិសាស្រ្តជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព។ សព្វថ្ងៃនេះ សន្តិភាព និងការអភិវឌ្ឍបានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពីភាពស្ងប់ស្ងាត់។ សង្គ្រាម គឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងលះបង់ខ្លួនយើងដើម្បីសន្តិភាព។ ដើម្បីផលប្រយោជន៍នៃសន្តិភាព ចិនតែងជំរុញនូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាមអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ខណៈដែលការគោរពគ្នាទៅវិញទៅមក សមភាព ការអភិវឌ្ឍដោយសន្តិភាព និងភាពរុងរឿងរួមតំណាងឲ្យគន្លងត្រឹមត្រូវដែលយើងត្រូវដើរ។ ប្រទេសទាំងអស់គួររួមគ្នាលើកកម្ពស់សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិធុនថ្មីដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ដើម្បីផលប្រយោជន៍សន្តិភាព ប្រទេសចិននឹងនៅតែប្តេជ្ញាចំពោះការអភិវឌ្ឍសន្តិភាព។ មិនថាប្រទេសមានភាពរឹងមាំប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ។ ប្រទេសចិននឹងមិនធ្វើឲ្យមានសេចក្តីទុក្ខសោក ដែលកើតឡើងពីអតីតកាលរបស់ខ្លួនដាក់ទៅលើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ។ ប្រជាជនចិនបានប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់បរទេស ហើយរួមចំណែកកាន់តែច្រើនដល់មនុស្សជាតិ។ឥទ្ធិពលនៃសន្តិភាពមានច្រើនលើសលុបបើធៀបជាមួយនឹងកត្តានានាដែលអាចបង្កឲ្យមានសង្រ្គាមហើយនិន្នាការរបស់ពិភពលោកដែលមានចិនជាអ្នកផ្តួចផ្តើមដើម្បីឆ្ពោះទៅរកសន្តិភាពការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងលទ្ធផលឈ្នះ-ឈ្នះនាពេលនេះកំពុងទទួលបាននូវសន្ទុះយ៉ាងខ្លាំង។
ចិនតែងប្រកាន់ខ្ជាប់នូវគំនិតយុទ្ធសាស្ត្រខាងលើនេះ ហើយដោះស្រាយទំនាក់ទំនងរវាងវឌ្ឍនភាពផ្នែក សម្ភារៈ និងវឌ្ឍនភាពផ្នែកស្មារតីឲ្យបានសមហេតុផលគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព។ ការរីកចម្រើនអារ្យធម៌អេកូឡូស៊ីនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពសង្គមតាមរយៈកំណែទម្រង់ ការបើកចំហ និងទំនើបកម្មរបស់ចិន បានបង្កើតនិងបង្កើនគុណតម្លៃស្នូលនៃលទ្ធិសង្គមនិយមតាមបែបផែនចិនដែលបានដឹកនាំប្រជាជនចិនចាកផុតពីភាពក្រីក្រ នាំប្រទេសចិនក្លាយជាមហាអំណាចដោយដណ្តើមកវិញនូវកិត្យានុភាពជាតិតាមរយៈការស្តារឡើងវិញនូវប្រជាជាតិចិន។ ទាំងនេះគឺមិនអាចកាត់ផ្តាច់ពីអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិនដែលបានផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ប្រជាជន ប្រឆាំងដាច់ខាតក្នុងសង្គ្រាមនៃភាពក្រីក្រ និងអំពើពុករលួយ។ គំរូភាពរបស់បក្សកុម្មុយនិស្តចិនបានលើកទឹកចិត្តដល់មនុស្សជាតិទូទៅឲ្យចូលរួមបង្កើតនូវទស្សនវិស័យពិភពលោក ទស្សនៈជីវិត និងគុណតម្លៃសមស្រប ហើយបន្តមានជំនឿលើឧត្តមគិតនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ជាការពិត វប្បធម៌របស់ជាតិសាសន៍នីមួយៗអាចមានការប៉ះទង្គិចគ្នាទៅវិញទៅមក តែយើងត្រូវរៀនរស់នៅជាមួយគ្នាដោយសន្តិភាពដូចពាក្យស្លោកបុរាណចិនដែលបានពោលថា «ឱ្យតែមានសាមគ្គីភាព ទោះបីជាភ្នំថៃសាន ក៏យើងអាចរំកិលបានដែរ»នេះមិនត្រឹមតែជាពាក្យស្លោកទេ តែបានក្លាយជាការអនុវត្តជាក់ស្តែង និងជាប្រពៃណីរបស់ជនជាតិចិនសម្រាប់ការកសាងប្រទេសដែលមានចែងនៅក្នុងប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំរបស់ចិន ហើយជាពិសេសចាប់ពីឆ្នាំ១៩៤៩មក បក្សកុម្មុយនិស្តចិនគឺជាចន្ទល់និងជាបង្អែកដ៏រឹងមាំតែមួយគត់ក្នុងការរួមកម្លាំងជាមួយប្រជាជាតិចិនក្នុងការអភិវឌ្ឍប្រទេសចិន។ លើសពីនេះ ចិនបានប្រែក្លាយពីប្រទេសដែលសម្រេចសុបិនផ្ទាល់ខ្លួនទៅជាប្រទេសដែលចែករំលែកនិងចូលរួមប្រកៀកស្មារដើម្បីកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាមួយនឹងពិភពលោក។
ប្រទេសចិននឹងគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយនិងសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល ប្រជាជាតិចិនយល់ច្បាស់ណាស់ថា «ការកសាងសហគមន៍ជោគវាសនារួមគឺដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមដោះលេខកូដសម្ងាត់នៃភាពក្រីក្ររបស់ប្រជាជន ដោយព្យាយាមលុបបំបាត់ឬសគល់នៃសង្គ្រាមនិងការបំផ្លិចបំផ្លាញ។ ច្បាស់ណាស់ថា បទពិសោធន៍សង្រ្គាមធ្វើឲ្យមនុស្សកាន់តែឲ្យតម្លៃដល់សន្តិភាពជាងមុនទៅទៀត»។បណ្តាប្រទេសនានាគួរតែជំរុញភាពជាដៃគូដោយផ្អែកលើមូលដ្ឋាននៃការពិភាក្សាគ្នា ការមិនប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធនិងការមិនបង្កើតបក្ស ពួក ក្រុមដើម្បីពង្រីកភូមិសាស្រ្តអំណាចយោធា ព្រមទាំងព្យាយាមបន្តការកសាងគំរូនៃទំនាក់ទំនងថ្មីដែលមានលក្ខណៈគ្មានជម្លោះគ្មានការប្រឈមមុខដាក់គ្នាគោរពគ្នាទៅវិញទៅមកនិងពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិនទទួលបានឯករាជ្យជាតិ ស្ថិរភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកសាងឡើងវិញនូវប្រទេសជាតិដ៏អស្ចារ្យ។ បក្សកុម្មុយនិស្តចិនបានត្រៀមខ្លួនបន្តធ្វើការជាមួយគណបក្សនយោបាយនិងអង្គការនៃប្រទេសទាំងអស់ដើម្បីឈរនៅជំហរការការពារសន្តិភាពនិងការអភិវឌ្ឍ និងការចូលរួមវិភាគទានថ្មីៗនិងកាន់តែច្រើនដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលនេះមិនត្រឹមតែជាភ័ព្វសំណាងសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេថែមទាំងសម្រាប់ប្រជាជនពិភពលោកផងដែរ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន