ព័ត៌មានជាតិ

កម្ពុជា ឥណ្ឌូនេស៊ី ថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំមេដឹកនាំសំខាន់ៗ៣ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំនេះ

ភ្នំពេញ ៖ កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ។ កិច្ចប្រជុំទាំង៣នោះរួមមាន ៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា , កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងការបរទេសកម្ពុជា ឥណ្ឌូនេស៊ី និងថៃ នៅថ្ងៃទី៤ ឧសភា បានឲ្យដឹងថា ដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេស សម្រាប់បណ្តាប្រទេស/សេដ្ឋកិច្ច សមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជាកិច្ចប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនទាំងអស់។

វេទិកាក្រុម G20 ជាមួយនឹងប្រធានបទ «ងើបឡើងវិញ ទាំងអស់គ្នា ងើបឡើងវិញ កាន់តែរឹងមាំ» មានគោលបំណង ជួយសម្រួល ដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា ។ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្តេជ្ញាធានាថា ក្រុម G20 មានសារសំខាន់​​​​ មិនមែន​ត្រឹមតែសម្រាប់សមាជិក របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ជាពិសេសប្រទេស កំពុងអភិវឌ្ឍន៍។ ក្រុម G20 បានកំណត់អាទិភាពលើវិស័យចំនួនបីពោលគឺ ការពង្រឹងនិម្មាបនកម្ម សុខភាពសកល ការផ្លាស់ប្តូរបែបឌីជីថល និងការផ្លាស់ប្តូរថាមពល ក្នុងគោលដៅធ្វើយ៉ាងណាឲ្យ G20 អាចដើរតួជាកាតាលីករ សម្រាប់ការងើបឡើងវិញ ជាសកលដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន។

ចំពោះ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ជាជាងជាបណ្តារដ្ឋនៅអាស៊ីប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺ វិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំង អំពីគោលដៅ និង ការប្តេជ្ញាចិត្តរួម របស់សេដ្ឋកិច្ច នៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយ បញ្ហាប្រឈម ដ៏ធំសម្បើម ដែលកើតចេញ ពីជំងឺរាតត្បាត និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក ។ មូលបទនេះមានគោលបំណងជំរុញ នូវចក្ខុវិស័យសហគមន៍អាស៊ី ប៉ាស៊ីហ្វិក បើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវ ឲ្យមានការសន្ទនាឡើងវិញ អំពីតំបន់ពាណិជ្ជកម្មសេរី អាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅកាន់ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្តារតំបន់ និងពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ។

ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំសំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះ ប្រទេសទាំង៣ប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ច សហប្រតិបត្តិការ ខណៈក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សា សន្តិភាព និងស្ថិរភាពនៅក្នុងរបស់យើង ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕

To Top