ព័ត៌មានជាតិ

ធនាគារជាតិកម្ពុជា៖ ឆ្នាំ២០២២ អតិផរណានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃម្ហូប ប្រេង បណ្ដាលមកពីឥទ្ធិពលសង្រ្គាមរុស្សី-អ៊ុយក្រែន (Video)

ភ្នំពេញ ៖ លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២២នេះ អតិផរណារំពឹងថា នឹងកើនឡើង៤% ដោយសារកំណើនថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ បណ្ដាលមកពីឥទ្ធិពលសង្រ្គាម រុស្សី-អ៊ុយក្រែន។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា ។

ក្នុងឱកាសអនុញ្ញាតឲ្យក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបពិភាក្សាការងារ នៅធនាគារជាតិ នាពេលថ្មីៗនេះ លោក ស៊ុ សន្និសិទ្ធ បានថ្លែងថា ស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរជាលំដាប់ ដោយរាជរដ្ឋាភិបាល បានចាត់វិធានការគ្រប់គ្រងបានទាន់ពេលវេលា ជាពិសេសការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់ប្រជាជនបានជាង ៩០% ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីទ្រទ្រង់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

លោករៀបរាប់ថា កត្តាទាំងនេះនឹងធ្វើឲ្យកម្ពុជា សម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣% ដែលគាំទ្រដោយកំណើនក្នុងវិស័យ កម្មន្តសាល (៩,៦%) វិស័យសំណង់ (១,២%) វិស័យកសិកម្ម (១,២%) និងវិស័យទេសចរណ៍ដែលត្រូវបាន រំពឹងថានឹងមានកំណើនវិជ្ជមាន (៦%) បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកាលពី២ឆ្នាំមុន។

លោកទេសាភិបាលរងបញ្ជាក់ថា «អតិផរណារំពឹងថានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃ ម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួល នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច»។

លោកបន្ដថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន ២២,១% ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច។ លើសពីនេះ លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃជំនួយបច្ចេកទេសរបស់ IMF កន្លងមក និងបានស្នើសុំ IMF បន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ននិងមន្ត្រីជំនាញ និងជួយតាមដានលើវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកបន្តជំរុញកំណើន ប្រកបដោយចីរភាព និងបរិយាបន្ន។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ ក្រុមបេសកកម្មរបស់ IMF តែងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីតាមដាន និងវាយតម្លៃនូវការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែត្រូវអាក់ខានក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយកិច្ចការនានាត្រូវបានធ្វើឡើងតាមរយៈ ប្រព័ន្ធអនឡាញជំនួសវិញ។ ស្របពេលដែលជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល និងការបើកប្រទេសឡើងវិញ ក្រុមបេសកកម្មរបស់ IMF នឹងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័ន និងនឹងអាជ្ញាធរពាក់ព័ន្ធចាប់ពីថ្ងៃទី៩ -១៦ ខែឧសភា ឆ្នាំ២០២២៕

To Top