អត្ថបទ

ស្ថាប័ន្ធពាក់ព័ន្ធ រួមគ្នាកំណត់អាទិភាព ដើម្បីដោះស្រាយបញ្ហា AMR

ភាពសុំានឹងឱសថប្រឆាំងមេរោគ ឬ AMR បង្កឡើងដោយសារលទ្ធភាព របស់អតិសុខុមប្រាណកាយវិវត្ដ ទៅជាស៊ាំទៅនឹងឱសថ សង្រ្គោះជីវិតជាច្រើនប្រភេទ ដែលប្រើសម្រាប់ប្រឆាំងនឹងជំងឺឆ្លង ធ្វើឲ្យឱសថទាំងនោះបាត់បង់ ប្រសិទ្ធិភាពក្នុងការ ការបង្ការ និងព្យាបាលរោគដែល បង្កឡើងដោយបាក់តេរី វីរុស បារ៉ាស៊ីត និងផ្សិតទាំងនោះ។

ភាពសុំានឹងឱសថប្រឆាំងមេរោគ (AMR) ត្រូវបានចាត់ទុកដោយអង្គការ សុខភាពពិភពលោក (WHO) ជាការគំរាមកំហែងមួយចំពោះសុខភាពសាធាណៈ និងការអភិវឌ្ឍន៍នៅក្នុងពិភពលោក ប៉ុន្តែមានមនុស្សជាច្រើននាក់ មិនបានយល់ច្បាស់ពីហានិភ័យ ដែលបង្កឡើងដោយ AMR ទេ។ តាមការសិក្សាស្រាវជ្រាវថ្មីៗនេះ បានបង្ហាញអោយឃើញថា ក្នុងឆ្នាំ២០១៩ ភាពសុំានឹងឱសថប្រឆាំងមេរោគ (AMR) បានបណ្តាលឲ្យមានមនុស្សស្លាប់ ១,២៧ លាននាក់ក្នុងសកលលោក ដែលតួលេខនេះមានចំនួនច្រើនជាង អ្នកស្លាប់ដោយសារជំងឺអេដស៍ និងគ្រុនចាញ់ទៅទៀត។

ឯកឧត្តម​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង

ក្រុមការងារក្រុមការងារដើម្បីទប់ស្កាត់ នូវភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក នៃក្រសួងសុខាភិបាលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង និងបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាសុំានឹង ឱសថប្រឆាំងមេរោគ ដោយបានរៀបចំ សិក្ខាសាលា នៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងខេត្តកំពង់ចាម ស្តីពី “ការកំណត់យុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់នូវភាពស៊ាំ នឹងឱសថប្រឆាំងមេរោគ នៅក្នុងប្រទេសកម្ពុជា” ក្រោមអធិបតីលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រធានក្រុមការងារដើម្បីទប់ស្កាត់ នូវភាពស៊ាំនឹងឱសថប្រឆាំង មេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក និងជាទីប្រឹក្សាក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត Sarika Patel តំណាងពីអង្គការ WHO

សិក្ខាសាលានេះ មានអ្នកចូលរួមចំនួន៦០នាក់ ពីនាយកដ្ឋានផ្សេងៗនៃក្រសួងសុខាភិបាល សមាជិកក្រុមការងារបច្ចេកទេស AMR និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ក្នុងគោលបំណងបង្កើនការយល់ដឹងរួមគ្នា ក្នុងចំណោមអ្នកពាក់ព័ន្ធសំខាន់ៗ រួមមានការសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹង AMR និងកំណត់អាទិភាព ដែលស្ថាប័ន្ធពាក់ព័ន្ធអាចធ្វើការសហការគ្នា ដើម្បីដោះស្រាយបញ្ហា AMR ក្នុងប្រទេសកម្ពុជា។

លោកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេសនៃអង្គការ PSI

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានលើកអំពីការខ្វះខាតទិន្នន័យ និងព័ត៌មានវិទ្យាសាស្រ្ត ដែលជាឧបសគ្គក្នុងការបង្កើតដំណោះស្រាយ និងស្វែងរកការគាំទ្រដល់កិច្ចការស្តីពី ភាពសុំានឹងឱសថប្រឆាំងមេរោគ ឬ AMR នេះ ។ លោកក៏បានគូសបញ្ជាក់ពី សារៈសំខាន់នៃការអប់រំ ទាំងអ្នកផ្តល់សេវាសុខភាពនិងប្រជាជនទូទៅ អំពីការប្រើប្រាស់ឱសថប្រឆាំងមេរោគត្រឹមត្រូវ និងហានិភ័យនៃភាពសុំានឹងឱសថទាំងនេះ ដោយលើកឧទាហរណ៍ជាក់ស្តែងពី ជោគជ័យនៃការប្រយុទ្ធនឹងកូវីដ-១៩ ដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអប់រំអំពីវិធានការការពារ និងចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាស្ថិតក្នុងបណ្តាប្រទេស ឈានមុខគេក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។ សម្រាប់បញ្ហា AMR យើងក៏អាចសម្រេច លទ្ធផលបានយ៉ាងវិជ្ជមាន ប្រសិនបើមានការសហការល្អ។

លោកវេជ្ជបណ្ឌិត ប៊ុន ស្រេង តំណាងពីទីភ្នាក់ងារ US-CDC

ដូច្នេះហើយទើបឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានលើកទឹកចិត្តឲ្យមានការចូលរួម ពីអង្គការដៃគូផ្សេងៗនៅក្នុងកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងភាពសុំា នឹងឱសថប្រឆាំងមេរោគ ដែលកន្លងមកមានទីភ្នាក់ងារ US-CDC និងអង្គការ WHO ហើយថ្មីៗនេះក៏មានការចូលរួមរបស់អង្គការ PSI ដែលបានឧបត្ថម្ភដល់សិក្ខាសាលានេះ និងធ្វើយុទ្ធនាការអប់រំផ្សេងៗ។

លោកវេជ្ជបណ្ឌិត ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម

លោកសង្ឃឹមថា នឹងមានដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ចូលរួមក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹង ភាពសុំានឹងឱសថប្រឆាំងមេរោគនេះ ក្នុងពេលអនាគត ៕

To Top