ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមគ្នាដាក់ចេញ ឱ្យដំណើរការនូវគោលការណ៍ ណែនាំស្តីពីសុខភាព និងសុវត្ថិភាព នៅការដ្ឋាន សំណង់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើង នៅទីស្នាក់ការក្រសួងនាថ្ងៃទី២៤ ឧសភានេះ ។
យោងតាមទិន្នន័យ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ លិខិតអនុញ្ញាតសាងសង់ជាង ៥៧ ០០០ ត្រូវបានចេញឱ្យការដ្ឋាន សំណង់នៅទូទាំងប្រទេសកម្ពុជា ។ តម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបនៅក្នុងវិស័យសំណង់នេះ មានប្រមាណជាជាង ៦៦ពាន់លានដុល្លាអាមេរិក និងវិស័យនេះ ផ្តល់ការងារជាមធ្យមប្រមាណជា ១៥០ ០០០នាក់ ក្នុងមួយថ្ងៃ ។ ការរីកលូតលាស់ នៃវិស័យសំណង់ និងទីក្រុងយ៉ាងឆាប់រហ័សនេះ ទាមទារឱ្យមានការអភិវឌ្ឍ និងការអនុវត្តស្តង់ដារផ្លូវការនានា ទាក់ទងនឹងគុណភាពសំណង់ ការរចនាគ្រឿងបង្គុំសំណង់ និងសុវត្ថិភាពនៅកន្លែងធ្វើការ ។
គោលការណ៍ណែនាំនេះ ត្រូវបានចែកចេញជាបីផ្នែក ហើយគ្របដណ្តប់លើ ប្រធានបទជាច្រើន រួមទាំងទំនួលខុសត្រូវលើសុខភាព និងសុវត្ថិភាព នៅការដ្ឋានសំណង់ ការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ការសង្គ្រោះបឋម និងការការពារកុមារ និងកម្មករវ័យក្មេង។ គោលការណ៍ណែនាំនេះ ក៏ផ្តល់ការការពារបន្ថែម ដល់កម្មករសំណង់ជាស្ត្រី រួមទាំងនីតិវិធីសម្រាប់ការយល់ដឹង និងដោះស្រាយអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅតាមការដ្ឋានសំណង់ ។
ឯកសារគោលការណ៍ ណែនាំ ដែលត្រូវបានអនុម័ត នេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា។ គោលការណ៍ណែនាំនេះ មានភាពចាំបាច់ សម្រាប់ឧស្សាហកម្មសំណង់ នៅកម្ពុជា ហើយត្រូវបានរៀបចំរួចរាល់ចំពេលវេលា ស្របពេលដែលវិស័យសំណង់ កំពុងរីកលូតលាស់ខ្លាំង ។
លោក ឯកអគ្គរាជទូត Pablo Kang បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ណាស់ ដែលនៅថ្ងៃនេះ យើងបានដាក់ឱ្យដំណើរ ការឯកសារ ដ៏មានសារៈសំខាន់នេះ ។ នេះ ជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពប្រជាជនកម្ពុជា ដែលចូលរួម ក្នុងវិស័យសំណង់ ដែលជាវិស័យមួយ ប្រកបទៅដោយសក្តានុពលនៅព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីផ្តោតការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពនៅការដ្ឋានសំណង់ គោលការណ៍ណែនាំនេះក៏គ្របដណ្តប់លើបញ្ហាសំខាន់ៗនានាផងដែរ ដូចជាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ជាដើម” ។
លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា “វិស័យ សំណង់ គឺជាសសរស្តម្ភសំខាន់មួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ក្នុងចំណោមសសរស្តមផ្សេងទៀត រួមមានវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការដាក់ឲមានគោលការណ៍ណែនាំស្តីអំពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើរតួនាទីសំខាន់ណាស់ ក្នុងការជួយកាត់បន្ថយហានិភ័យ និងធានាឱ្យបាននូវសុវត្ថិភាព ប្រសើរនៅតាមការដ្ឋានសំណង់ និងទីតាំងក្បែរការដ្ឋានសំណង់នានា ។ ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំដល់អ្នកវិនិយោគ និយោជក និង និយោជិត បុគ្គល អង្គភាព និង ស្ថាប័នពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់លើគោល ការណ៍ណែនាំនេះ និងជួយអប់រំ សមាជិកពាក់ព័ន្ធទាំងឡាយរបស់ខ្លួន អំពីគោលការណ៍ណែនាំនេះ និង សូមចូលរួមអនុវត្ត គោលការណ៍ណែនាំនេះ ឲប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅការដ្ឋានសំណង់របស់ខ្លួនផង » ។
គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រ ពីកម្មវិធីការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ជាកម្មវិធីឧបត្ថម្ភដោយ រដ្ឋាភិបាលអូស្រ្តាលី ដែលមានទឹកប្រាក់សរុប ៥១,៧ លានដុល្លាអូស្រ្តាលី ។ នៅខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ នឹងមានការរៀបចំឲមានសិក្ខាសាលា ផ្សព្វផ្សាយជាបន្តបន្ទាប់ ស្តីពីគោលការណ៍ណែនាំនេះ នៅ រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងសែនមនោរម្យ ។
សិក្ខាកាមជាង៥០០នាក់ ដែលរួមមានមន្រ្តីមកពីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ ក្រុមហ៊ុនសំណង់ឯកជន និងអ្នកពាក់ព័ន្ធនានា នឹងទទួលបានអត្ថប្រយោជន៍ ពីការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាអំពីតម្រូវការនានា លើផ្នែកសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដោយផ្អែកទៅលើឯកសារ គោលការណ៍ណែនាំ ស្តីពីសុខភាព និងសុវត្ថិភាព នៅក្នុងការដ្ឋានសំណង់នេះ ៕