ភ្នំពេញ៖ ធនាគារពិភពលោក (Word Bank) បានអនុម័តលើជំនួយទឹកប្រាក់ចំនួន ១៦៩លានដុល្លារ ជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យ គ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ សម្រាប់លើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នាថ្ងៃ២៥ ឧសភា ។
សេចក្តីប្រកាសឲ្យដឹងថា គម្រោងនេះ ជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិ បង្កដោយអាកាសធាតុ។
លើសពីនេះ គម្រោងក៏នឹងនាំអត្ថប្រយោជន៍ ដល់ប្រជាជនចំនួនប្រហែល ៥.៥លាននាក់ ក្នុងនោះ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួន៥ ។ មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ , ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះ នឹងជួយធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឲ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះ ពីហេតុការណ៍គ្រោះធម្មជាតិ ដែលគ្មានអ្នកណាអាចដឹងមុន»។
លោកស្រីបន្ដថា កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះ ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងនោះជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក៏ងាយរងគ្រោះខ្លាំងដែរ ពីហានិភ័យនៃគ្រោះធម្មជាតិ បង្កដោយអាកាសធាតុ។
បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំង សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានា នៅលើបណ្តាញផ្លូវ អាចធ្វើឲ្យជីវភាព គ្រួសារជនបទជួបការលំបាក និងបង្កឧបសគ្គដល់លទ្ធភាព ទទួលបានសេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ៕