ព័ត៌មានជាតិ

សម្តេចតេជោ ៖ ការកែសម្រួលផ្ទៃដី ឲ្យពលរដ្ឋ នៅបឹងទន្លេសាប ត្រូវឃ្វៀលចេញ ដោយផ្តល់លទ្ធភាព ឲ្យពួកគាត់រស់នៅ ជាអចិន្ត្រៃយ៍ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសស្តីពី បឹងទន្លេសាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានសម្រេចកែសម្រួល ផ្ទៃដីឲ្យប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្ត៣ ក្នុងបឹងទន្លេសាប ។ ដោយការកែសម្រួលនេះ សម្តេចថា ត្រូវឃ្វៀលចេញ ដោយផ្តល់លទ្ធភាពសម្រាប់ ឲ្យពួកគាត់រស់នៅជាអចិន្ត្រៃយ៍ រាប់ទាំងការអាស្រ័យផល និងផ្តល់កម្មសិទ្ធិ។

សម្តេចតេជោបានថ្លែង បន្តពីការកែសម្រួលការ បោះបង្គោល ព្រំប្រទល់ដី នៅក្នុងបឹងទន្លេសាប ដោយតំបន់ណា ដែលប្រជាពលរដ្ឋរស់ នៅយូរយ៉ាហោច១០ឆ្នាំឡើងលើ ឬអាចតិចជាងហ្នឹង តាមប្រភេទដី ។

សម្តេចតេជោ បានលើកឡើងថា ការកែសម្រួលនេះ បើពាក់ព័ន្ធនឹងភូមិរបស់ប្រជាពលរដ្ឋ ត្រូវធ្វើការឃ្វៀល ចេញពីតំបន់ពីរ ឬតំបន់បី មានន័យថា ការឃ្វៀលនេះ គឺមានភូមិរបស់ប្រជាពលរដ្ឋ តាំងពីការកំណត់តំបន់មួយ (តំបន់ទទួលបានកម្មសិទ្ធិ) តំបន់ពីរ (តំបន់អាស្រ័យផល) និងតំបន់បី (តំបន់ហាមឃាត់)។

សម្តេចបញ្ជាក់ថា «យើងត្រូវតែឃ្វៀលចេញ ដោយផ្តល់លទ្ធភាពជូនពួកគាត់ សម្រាប់ការរស់នៅទីនោះជាអចិន្ត្រៃយ៍ ដែលរាប់ទាំងការអាស្រ័យផល និងការផ្តល់កម្មសិទ្ធិទៀតផង ។ ចំណុចនេះសូមឲ្យពិចារណា ពីព្រោះថា នៅតំបន់នោះ មានកន្លែងត្រូវផ្តល់កម្មសិទ្ធិ និងតំបន់គ្រាន់តែអាស្រ័យផល និងតំបន់ហាមឃាត់»។

សម្តេចលើកជាសំណួរថា សម្រាប់ភូមិ ដែលរស់នៅរាប់ជំនាន់មនុស្សមកហើយ តើត្រូវដោះស្រាយជាកម្មសិទ្ធិជារបៀបណា ? ឬត្រឹមគោលការណ៍អាស្រ័យផល? នេះជាចំណុច ត្រូវពិបារណា ប៉ុន្តែចំណុចសំខាន់មួយទៀត ទាក់ទិនជាមួយនឹងការសម្រួល តំបន់ឡើងវិញ សម្រួលអនុក្រឹត្យ និងសម្រួលបង្គោលតែម្តង ។ ការសម្រួលបង្គោល គឺប្រជាពលរដ្ឋដែលបានបង្កបង្កើន ផលយូរមកហើយត្រូវពិនិត្យ ក្នុងនោះអភិបាលខេត្ត អភិបាលស្រុក មេឃុំត្រូវសិក្សា ។ សម្តេចបានអះអាងថា អ្វីដែលសម្តេចនិយាយនោះគឺ សំដៅដល់ប្រជាពលរដ្ឋ ដែលធ្វើការបង្កបង្កើនផល ជាមួយយូរមកហើយ មិនសំដៅចំពោះអ្នកដែលទៅទន្ទ្រាន រយៈពេល២ ឬ៤ ឆ្នាំនោះទេ គឺផ្ទៃទាំងនោះត្រូវដកហូរ ។ ប៉ុន្តែតំបន់នៅទីនេះ ត្រូវបោះបង្គោលមកជាតំបន់ពីរ ដោយទុកឲ្យប្រជាពលរដ្ឋ អាស្រ័យផលនៅទីនោះ។

សម្តេចលើកឡើងថា តំបន់ពីរខ្លះដែលប្រជាពលរដ្ឋបង្ក បង្កើនផលយូរហើយ ត្រូវដាក់ទៅក្នុងតំបន់មួយតែម្តង ដោយប្រគល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ។ សម្តេចថា «ចំណុចនេះត្រូវតែមើល ឲ្យបានច្បាស់និងថ្លឹងថ្លែង រវាងបញ្ហាផលប្រយោជន៍ ដែលត្រូវការពារ សម្រាប់ប្រទេសជាតិ និងផលប្រយោជន៍ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ដើម្បីរស់រានមានបន្តទៀត ដោយមានផ្ទៃដីបង្កបង្កើនផល»។

ជាមួយគ្នានោះដែរ សម្តេចក៏បានទទូចដល់ប្រជាពលរដ្ឋ ដែលបានទទួលសិទ្ធិ បន្តការធ្វើទទួលផល និងប្រជាពលរដ្ឋកាត់ចេញពីតំបន់ពីរ (តំបន់ទទួលបានអាស្រ័យផល) ចូលទៅក្នុងតំបន់មួយ (តំបន់ទទួលបានកម្មសិទ្ធិ) កុំឲ្យមានការទន្ទ្រានបន្ត ៕

To Top