បច្ចេកវិទ្យា

អ្នកប្រើទូរស័ព្ទ មានប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធីសម្រាប់តាមដាន AirTags ដែរ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា AirTags ដែលជាឧបករណ៍ សម្រាប់ស្វែង រកវត្ថុតូចៗ ដូចជាកូនសោ ដែលងាយស្រួល នឹងបាត់ ត្រូវបានជនខិលខូច ប្រើដើម្បីតាមដាន និងប្រព្រឹត្តបទល្មើសទៅវិញ ។ ដូចជាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរ នៅតំបន់ York ប្រទេសកាណាដា បានផ្សព្វផ្សាយថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ពួកគេបានស៊ើបអង្កេត ករណីចំនួន៥ ដែលជនសង្ស័យបានប្រើ AirTags ក្នុងការលួចរថយន្តទំនើបៗ ។

អាជ្ញាធរបានបញ្ជាក់ថា នៅពេលដែលជនខិលខូច បានរកឃើញរថយន្តដែលពួកគេ ចង់លួចនៅកន្លែងសាធារណៈ ឬចំណតចតរថយន្ត ពួកគេក៏ដាក់ AirTag នៅកន្លែង ដែលមើលមិនឃើញ ដូចជានៅផ្នែកខាងក្រោមនៃកាងរថយន្ត ដោយសង្ឃឹមថា ម្ចាស់រថយន្ត នឹងមិនត្រូវបានរកឃើញ ។ បន្ទាប់មកជន ខិលខូចនឹង ធ្វើការតាមដាន ដើម្បីលួចយករថយន្ត នៅពេលដែលរថយន្តនោះត្រូវបាន ចតនៅទីកន្លែងស្ងាត់ ដូចជានៅមុខផ្ទះ របស់ជនរងគ្រោះជាដើម។

ដើម្បីសុវត្ថិភាព របស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើកម្មវិធី ‘Tracker Detect’ នៅក្នុង Google Play Store សម្រាប់លោកអ្នក ដែលមានទូរសព្ទប្រភេទ Android ដើម្បីតាមដានឧបករណ៍ AirTags ។ កម្មវិធីនេះនឹងធ្វើការជូនដំណឹង ដល់អ្នកប្រើប្រាស់ប្រសិនបើវារកឃើញ AirTags ណាដែលមិននៅជិតទូរសព្ទដែលបានភ្ជាប់។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ ក៏អាចស្កេនដើម្បីស្វែងរក AirTag ដែលនៅក្បែរ ប្រសិនបើពួកគេគិតថា ជនណាម្នាក់កំពុងប្រើ AirTag ឬឧបករណ៍ផ្សេងទៀតដើម្បី តាមដាន ទីតាំងរបស់ពួកគេ ៕

To Top