ព័ត៌មានជាតិ

លើកបង្កើនកែលម្អ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី អភិរក្សនិងលើកតម្កើង អត្តសញ្ញាណវប្បធម៌ប្រពៃណី នៃជនជាតិខ្មែរនៅ វៀតណាម

នៅតំបន់ភាគខាងត្បូងនៃប្រទេស វៀតណាម នាពេលបច្ចុប្បន្ននេះមានបងប្អូនជនជាតិខ្មែរជាង ១, លាននាក់ដែលភាគច្រើនរស់នៅតាមបណ្ដាខេត្ត ទីក្រុងនៅតំបន់វាលទំនាបទន្លេមេគង្គ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋ វៀតណាម បានដាក់ចេញគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិខ្មែរតាមបណ្ដាខេត្ត ក្រុងនៅភូមិភាគខាងត្បូង។ ឆ្លងតាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិខ្មែរត្រូវបានលើកបង្កើន កែលម្អឥតឈប់ឈរដោយមានជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ជាច្រើន។

លើកបង្កើន កែលម្អជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើននាភាគខាងត្បូងនៃប្រទេស វៀតណាម ត្រូវបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងដើម្បីរៀបចំដាក់ដំណើរការគម្រោងកសាងផ្សេងៗ ជួយឧបត្ថម្ភដល់ការអភិវឌ្ឍន៍ផលិតកម្ម បណ្តុះបណ្តាលកម្មាភិបាលនិងសហគមន៍ សាងសង់លំនៅឋានជាង ៩ ម៉ឺនខ្នងហើយ ជួយឧបត្ថម្ភដីបង្កបង្កើនផលនិងដីលំនៅឋានអោយប្រជាជនជាង ៣ ម៉ឺនគ្រួសារ ជួយឧបត្ថម្ភបណ្តុះបណ្តាល ផ្លាស់ប្តូរមុខរបរ បង្កើតការងារធ្វើជូនកម្មករជាង ២ ម៉ឺននាក់។ល។ មកទល់ពេលនេះ អត្រាភាពក្រីក្រនៃបងប្អូនជនជាតិខ្មែរមានត្រឹមតែប្រហែលជា ២៥% ប៉ុណ្ណោះ ធ្លាក់ចុះ ៣% ក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៩ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមនៅតាមបណ្ដាខេត្តក្រុងដែលមានប្រជាជនខ្មែររស់នៅច្រើនបានកើនឡើងពី ៩% ទៅដល់ ១១,៧% ក្នុងមួយឆ្នាំ។ វិស័យសេដ្ឋកិច្ច​ក្នុងតំបន់​ជនជាតិ​ខ្មែរ​មាន​ការ​អភិវឌ្ឍ ជីវភាព​ខាង​សម្ភារៈនិង​ស្មារតី​របស់បងប្អូនជនរួមជាតិបានលើកបង្កើន កែលម្អ​​កាន់តែ​ប្រសើរ​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ​។

ទន្ទឹមនឹងការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ រដ្ឋ វៀតណាម ក៏មានគោលនយោបាយអនុគ្រោះជាច្រើនសម្រាប់សិស្សានុសិស្ស និស្សិតជនជាតិខ្មែរដូចជា ការជ្រើសរើសអោយចូលរៀនមហាវិទ្យាល័យបម្រុងដោយមិនឆ្លងកាត់ការប្រឡង  ផ្ដល់អាហារូបករណ៍ លើកលែងឬបញ្ចុះថ្លៃសិក្សា គោលនយោបាយទាក់ទាញសម្រាប់គ្រូបង្រៀននិងកម្មាភិបាលមកធ្វើការក្នុងវិស័យអប់រំនៅតំបន់ឆ្ងាយដាច់ស្រយាលត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព។ ប្រព័ន្ធសាលាចំណេះទូទៅ សាលាអន្តេវាសិកជនជាតិនិងសាលាបង្រៀនវិជ្ជាជីវៈសម្រាប់កូនក្មួយបងប្អូនជនជាតិខ្មែរបានពង្រីកដល់ ១០០% នៃស្រុកដែលមានប្រជាជនខ្មែររស់នៅច្រើន​ អត្រា​កុមារ​ខ្មែរ​ក្នុង​វ័យ​សិក្សា​បានចូលសាលាឡើង​ដល់​ជាង ៩០%។

គិតដល់ដំណាច់ឆ្នាំ ២០១៨ ទូទាំងតំបន់មានសាលាចំណេះទូទៅអន្តេវាសិកជនជាតិចំនួន ៣០ នៅថ្នាក់ស្រុកនិងខេត្ត។ ការ​បង្រៀន​ពីរ​ភាសា​ (វៀតណាម និង ខ្មែរ) នៅ​តាម​សាលារៀន​ក្នុង​តំបន់​បងប្អូនជនជាតិ ​ខ្មែរ​ត្រូវ​បាន​ពង្រីក​ពីមួយជំហានទៅមួយជំហាន។ នា​ពេល​បច្ចុប្បន្ននេះ នៅតាមបណ្ដាខេត្ត​ដែល​មានបងប្អូនជនជាតិ​ខ្មែររស់នៅ​ច្រើន​​មាន​សាលាបង្រៀន​ពីរ​ភាសា​ (វៀតណាម និង ខ្មែរ) រាប់រយ​កន្លែងហើយ ដោយឡែកនៅ​ខេត្ត​ សុកត្រាំង ​មានសាលារៀនចំនួន​ ១៥៨ ដោយមានមាន​ ១.៦៧២ ​ថ្នាក់និងកូន​សិស្សចំនួន ​៤២.៩៨៨​ នាក់។

ការងារគិតនឹកថែទាំសុខភាពជូនបងប្អូនជនរួមជាតិខ្មែរ តែងតែត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តោតការយកចិត្តទុកដាក់ជាសំខាន់។ បណ្តាញសុខាភិបាលមូលដ្ឋានត្រូវបានបណ្តាក់ទុននិងពង្រឹងជាប្រចាំ។ គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺត្រូវបានកែលម្អពីមួយជំហានទៅមួយជំហាន។ ការងារការពារ ទប់ស្កាត់ជំងឺរាតត្បាត ថែទាំសុខភាពត្រូវបានអនុវត្តដោយព្រមៗគ្នា និងទូលំទូលាយ។ អត្រា​​កុមារ​ដែលកង្វះ​អាហារូបត្ថម្ភ​បាន​ថយ​ចុះ​មក​នៅ​ក្រោម ៣០% ។ ជារៀងរាល់ឆ្នាំ មានប្រជាជនជាង ៧ ម៉ឺននាក់បានទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។

ក្រៅពីនោះ នៅតាមខេត្តក្រុងដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើន បានបង្កើនម៉ោងផ្សាយនៃកម្មវិធីវិទ្យុជាភាសាខ្មែរ បោះពុម្ពនិងចែកផ្សាយសារព័ត៌មានជាភាសាខ្មែរនិងជាពីរភាសា វៀតណាម-ខ្មែរ ដូចជាកាសែតជនជាតិនិងភ្នំរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA) ជាដើម។ មានខេត្ត​ខ្លះ​បាន​កសាងអគារប្រពៃណី​ខ្មែរ។ រីឯខេត្ត ត្រាវិញ និង ខេត្ត សុកត្រាំង បានកសាងសារមន្ទីជនជាតិខ្មែរដោយបានប្រមែប្រមូលនិងដាក់តាំងបង្ហាញវត្ថុតឹកតាងវប្បធម៌រូបីនិងអរូបីដ៏មានតម្លៃផ្សេងៗ។ កេរដំណែល​ប្រវត្តិសាស្ត្រនិង​វប្បធម៌​ទាំងឡាយរបស់​បងប្អូនជនជាតិ​ខ្មែរត្រូវបានផ្ដោតការយកចិត្តទុកដាក់ទៅលើការ​ថែរក្សា ​ជួសជុលឡើងវិញ​ ធ្វើអោយល្អប្រសើរជាងមុន​។ បណ្តាញវិទ្យុបានផ្សាយដល់ ១០០% នៃភូមិឋាន អ៊ិនធឺណិតត្រូវបានភ្ជាប់មកដល់ទីកន្លែងជាច្រើន បង្កលក្ខណៈងាយស្រួលអោយបងប្អូនជនរួមជាតិក្នុងការទទួលព័ត៌មានអោយបានកាន់តែច្រើនឡើងៗ ។ អត្រាគ្រួសារជនជាតិខ្មែរដែលមានវិទ្យុ ទូរទស្សន៍ កើនឡើងយ៉ាងខ្ពស់ សម្រេចដល់អត្រាជាមធ្យម ៩៨% ដូចជានៅបណ្ដាខេត្ត សុកត្រាំង ត្រាវិញ វិញឡុង ហើយមានខេត្តជាច្រើនទៀតសម្រេចបានទៅដល់ ១០០% ដូចជា គៀនយ៉ាង និង កឹនធើ។

អភិរក្សនិងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី

យោងតាមក្រុមប្រឹក្សាសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនា វៀតណាម នាពេលបច្ចុប្បន្ននេះ នៅឯបណ្តាខេត្ត ក្រុងនៅភាគខាងត្បូង មានវត្តខ្មែរជាង ៤៦០ វត្ត ដោយមានព្រះសង្ឃប្រហែលជា ១ ម៉ឺនអង្គ ស្មើនឹងមួយភាគបួននៃចំនួនព្រះសង្ឃនិងដូនជីនៃព្រះពុទ្ធសាសនាក្នុងប្រទេស។ ក្នុងចំណោមនោះ មានវត្តចំនួន ១៤ ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិ វត្តចំនួន ២៩ ត្រូវបានទទួលស្គាល់ជាកេរដំណែលលំដាប់ថ្នាក់ខេត្ត  វត្តចំនួន ១៥០ វត្តត្រូវបានទទួលស្គាល់ លើកសរសើរជាវត្តមានគុណបំណាច់ចំពោះបដិវត្តន៍ក្នុងសម័យកាលធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងបារាំង អាមេរិក ក៏ដូចជាការកសាងនិងការពារមាតុភូមិ។

ជាមួយនឹងគោលនយោបាយសាមគ្គីភាពរវាងសាសនា ជនជាតិទាំងឡាយរបស់បក្សនិងរដ្ឋវៀតណាម ក្នុងរយៈពេលកន្លងមក ព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរបានបោះជំហានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពក្នុងទិសដៅត្រឹមត្រូវ បង្កើតឱ្យមានជំនឿទុកចិត្តរបស់ព្រះសង្ឃនិងសាសនិកជនចំពោះបក្សនិងរដ្ឋ វៀតណាម។ នាពេលបច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាទក្ខិណនិកាយត្រូវបានបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋានទាំងឡាយនៅ វៀតណាម ដើម្បីអភិវឌ្ឍគំរូអប់រំក្នុងវត្ត ដោយបើកថ្នាក់បង្រៀនធម៌ទេសនាជាច្រើន ភាសាអង់គ្លេស ព័ត៌មានវិទ្យា បើកសាលាបណ្ដុះបណ្ដាលបាលីកម្រិតបឋមសិក្សា មធ្យមសិក្សានៅតាមខេត្តក្រុងនិងបាលីជាន់ខ្ពស់នៅវិទ្យាស្ថានព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ កកើតឡើងប្រព័ន្ធអប់រំព្រះពុទ្ធសាសនាពេញលេញ សុក្រឹតភាពជាបង្គួរ។

យោងតាមលោកអនុបណ្ឌិត យ៉ាញ់មេន សាស្ត្រាចារ្យនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ មានប្រសាសន៍អោយដឹងថា៖ បើនិយាយដល់ជនជាតិ ខ្មែរ គឺនិយាយដល់ពុទ្ធសាសនាទក្ខិណនិកាយ។ សម្រាប់បងប្អូនជនរួមជាតិខ្មែរនៅភាគខាងត្បូង វត្តអារាមមិនត្រឹមតែជា “បេះដូង” របស់ភូមិស្រុកប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ សាលារៀន កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងសប្បុរសធម៌ជួយអ្នករាល់គ្នាដែលជួបការលំបាកលំបិន កុមារកំព្រា។ល។ ក្រៅពីនោះ វត្តអារាមក៏ជាសារមន្ទីរវប្បធម៌ ស្នាដៃស្ថាបត្យកម្ម ទីកន្លែងរក្សាទុករាល់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អឯករបស់ជនជាតិខ្មែរ។

លោកអនុបណ្ឌិត ឡឹម ក្វាងវិញ អនុប្រធានដេប៉ាតឺម៉ង់ភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរ ណាមបូ (មហាវិទ្យាល័យ ត្រាវិញ)  មានប្រសាសន៍អោយដឹងថា៖ បងប្អូនជនជាតិ ខ្មែរ នៅវៀតណាម មានពិធីបុណ្យបុណ្យទានប្រពៃណីជាច្រើន ស្ទើរតែទាំងអស់ផ្សារភ្ជាប់ ឬក៏មានជាប់ទាក់ទិនដល់ព្រះពុទ្ធសាសនាដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មី សែនដូនតា (ភ្ជុំបិណ្ឌ) អកអំបុក វិសាខបូជា កឋិនទាន ចូលព្រះវស្សា ចេញព្រះវស្សា។ល។ ពិធីបុណ្យទានសាសនានិងប្រពៃណីទាំងអស់របស់ជនជាតិ ខ្មែរ សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងវត្តអារាម។ ពិធីបុណ្យ ពុណ្យទានជាប្រពៃណី ទំនៀមទំលាប់ដែលមានគុណតម្លៃវប្បធម៌ល្អផូរផង់ទាំងនេះ តែងតែត្រូវបានបងប្អូនជនជាតិខ្មែរថែរក្សានិងលើកតម្កើងដោយបានរៀបចំឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

ជាកូនក្មួយនៃបងប្អូនជនជាតិខ្មែរ លោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង បានចែករំលែកថា៖ គោលនយោបាយអភិរក្ស លើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិរបស់បក្សនិងរដ្ឋកាន់តែពិពិធភាព ស៊ីជម្រៅ ទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបបានតម្រូវការនៃកម្មាភិបាល ព្រះសង្ឃនិងបងប្អូនជនជាតិខ្មែរនៅភូមិភាគខាងត្បូងនៃ វៀតណាម។ ឆ្លងតាមរយៈគោលនយោបាយទាំងនេះ ប្រព័ន្ធវត្តអារាមត្រូវបានស្ថាបនាអោយល្អប្រសើរជាងមុន សាងសង់វត្តអារាមថ្មីនៅច្រើនកន្លែង ទំនៀមទម្លាប់ ជំនឿទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ នៅ វៀតណាម ខាងត្បូងត្រូវបានអភិរក្ស លើកតម្កើងនិងអភិវឌ្ឍ  

ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ វៀតណាម សាមគ្គីភាពនិងការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិខ្មែរ សង្ឃឹមថា នឹងពាំនាំមកការអភិវឌ្ឍន៍កាន់តែលេចធ្លោថែមទៀត រួមចំណែកបន្ថែមពណ៌សម្បុរដ៏ស្រស់ស្អាតចូលក្នុងផ្ទាំងគំនូរវប្បធម៌ពិពិធភាព ចម្រុះពណ៌របស់សហគមន៍ជនជាតិជាបងប្អូនទាំង ៥៤ នៅ វៀតណាម៕

វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង នៅឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង (ភាគខាងត្បូង វៀតណាម) ជាវត្តមួយក្នុងចំណោមវត្តដែលមានទេសភាពស្រស់ស្អាតនិងស្ថាបត្យកម្មដ៏ល្អឯករបស់បងប្អូនជនជាតិ ខ្មែរ នៅ វៀតណាម។ រូបថត៖ VNA
ពុទ្ធសាសនាទក្ខិណនិកាយបានរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅវៀតណាម ដែលបង្ហាញតាមរយៈភាសារបស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ VNA
រាំរបាំស្គរឆៃយ៉ាំ ក្នុងទិវាបុណ្យទានរបស់បងប្អូនជនជាតិ ខ្មែរ នៅវៀតណាម។ រូបថត៖ VNA
មាន ១០០ % ឃុំក្នុងស្រុក មីស្វៀន ខេត្ត សុខត្រាំង​(ភាគខាងត្បូង វៀតណាម) សម្រេចលក្ខណៈវិនិច្ឆ័យខាងចរាចរណ៍ក្នុងការកសាងជនបទថ្មី បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិខ្មែរ។ រូបថត៖ VNA
To Top