នយោបាយ

គណបក្សកម្ពុជានិយម សោកស្តាយដំណើរការបោះឆ្នោត ពុំបានអនុវត្តពេញលេញ

ភ្នំពេញ ៖ គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ ជាគណបក្សទី២ហើយ បន្ទាប់ពីគណបក្សភ្លើងទៀន បង្ហាញការសោកស្តាយចំពោះការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ដែលពុំបានអនុវត្តពេញលេញតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បក្សនៅថ្ងៃ៦ មិថុនា ។

ការបង្ហាញការសោកស្តាយរបស់គណបក្សទើបបង្កើតថ្មីនេះ ដោយសារបក្សមើលឃើញថា ទាំងមុនពេល និងក្នុងថ្ងៃបោះឆ្នោត មានការបំពានដែនសមត្ថកិច្ចរបស់អាជ្ញាធរភូមិ-ឃុំ លើស្ថាប័នរៀបចំការបោះឆ្នោត , មានការគំរាមកំហែងដល់ពលរដ្ឋមានបំណងឈរឈ្មោះជាបេក្ខជន , មិនមានសិទ្ធិស្មើគ្នាក្នុងការអនុញ្ញាតឲ្យលើកស្លាកសញ្ញាគណបក្ស , មានរថយន្តបិទសញ្ញាគណបក្ស ចូលក្នុងមណ្ឌលបោះឆ្នោត , ការិយាល័យខ្លះពុំបានបិទទម្រង់១១០២ , ការរាប់សន្លឹកឆ្នោតពុំបានធ្វើជាចំហរ និងមានក្រុមអង្គុយចាំកត់ឈ្មោះប្រជាពលរដ្ឋដែលទៅបោះឆ្នោតនៅជិត ឬក្បែរមណ្ឌលបោះឆ្នោត។

ករណីនេះ គណបក្សកម្ពុជានិយម យល់ឃើញថា ផ្តើមចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ទំនុកទុកចិត្តពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ មន្ត្រីជាប់ឆ្នោតក្លាយជាមន្ត្រីបម្រើរាស្ត្រ អភិវឌ្ឍន៍ និងឯកភាពជាតិ ប្រកបដោយនិរន្តរភាព ក្នុងការរៀបចំកសាង សង្គមយុត្តិធម៌ ជឿនលឿនថ្លៃថ្នូរមួយ ដែលសមាជិកនៃសង្គមនោះអាចទទួលយកបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃ៦ មិថុនា គណបក្សភ្លើងទៀនក៏បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញការមិនពេញចិត្តពីការបោះឆ្នោតថា មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោត ក៏មិនទាន់ឯករាជ្យ ព្រោះការចាត់ចែង និងការសម្រេចលើការងារមួយចំនួនធំ គឺធ្វើដោយលំអៀង រួមទាំងសមាសភាពសមាជិក ដឹកនាំស្ថាប័នេះ ពីលើដល់ក្រោម ជាសមាជិកមក ពីគណបក្សកាន់អំណាច ស្ទើរតែទាំងអស់ ៕

To Top