ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផល ដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណ ៧៦២.៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ ២.៦១៩.៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ ៦៥០.០០០ហិកតា ។
យោងតាមសេចក្ដីណែនាំស្ដីពី ការជំរុញផលិកម្ម ដំណាំស្រូវរដូវវស្សា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម នៅថ្ងៃទី៩ មិថុនា បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿន និងមានបរិមាណច្រើនជាងបណ្តាឆ្នាំមុនៗ ដែលប្រការនេះបានធ្វើឲ្យប៉ះពាល់ ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាបកណ្តាលដែលបានព្រោះស្រូវដើមរដូវវស្សាមួយចំនួន ត្រូវរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹក ភ្លៀងផងដែរ ។
ក្រសួងកសិកម្មបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផល ដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណ៧៦២ ៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ៦៥០ ០០០ហិកតា ដែលប្រការនេះអាចធ្វើឱ្យប៉ះពាល់ដល់ ផែនការផលិតកម្មប្រចាំឆ្នាំ ហើយអាចនឹងឈានដល់ ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ ក្នុងនោះមានខេត្តចំនួន៣ ដែលអនុវត្តយឺតជាងគេ បើធៀបជាមួយឆ្នាំមុន» ។
ខេត្តទាំង៣ ដែលអនុវត្តយឺតជាងគេ បើធៀបជាមួយឆ្នាំមុន រួមមាន៖ ១.ខេត្តកំពង់ធំ អនុវត្តបានចំនួន ៥៩.៣៤៥ហិកតា ស្មើនឹង២៧,៨២% នៃផែនការចំនួន ១៨៩.៧៣០ហិកតា យឺតជាងឆ្នាំមុនចំនួន ៩៨.១២៧ហិកតា។ ២.ខេត្តតាកែវ អនុវត្តបានចំនួន ៧៨.៦៩២ហិកតា ស្មើនឹង៤៣,៧២% នៃផែនការចំនួន ១៨០.០០០ហិកតា យឺតជាងឆ្នាំមុនចំនួន ៨៦.៦៩២ហិកតា។ ៣.ខេត្តសៀមរាប អនុវត្តបានចំនួន ២១.៤៧០ហិកតា ស្មើនឹង១១,៣២%នៃផែនការចំនួន ២១៣.៣០០ហិកតា យឺតជាងឆ្នាំមុនចំនួន ៨២.៩០១ហិកតា ៕