ព្រុចសែល ៖ បណ្តាប្រទេសអ៊ឺរ៉ុប កំពុងពិចារណាផ្លាស់ប្តូរ ត្រលប់ទៅធ្យូងថ្មវិញ ដើម្បីជំនួសការផ្គត់ផ្គង់ ឧស្ម័នពីប្រទេសរុស្ស៊ី ខណៈដែលតំបន់កំពុង ជួបវិបត្តិថាមពល នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា Rystad Energy ដែលមានមូលដ្ឋាន នៅទីក្រុងអូស្លូ។
អាល្លឺម៉ង់ អូទ្រីស អ៊ីតាលី និងហូឡង់ សុទ្ធតែបានចង្អុលបង្ហាញថា ពួកគេប្រហែលជាត្រូវ ពឹងផ្អែកបន្ថែមទៀតលើធ្យូងថ្ម ដែលមានកាបូនខ្ពស់ជាងគេ ក្នុងចំណោមឥន្ធនៈហ្វូស៊ីល ខណៈដែលពួកគេព្យាយាម បំពេញតម្រូវការថាមពល ។
លោក Zongqiang Luo អ្នកវិភាគ នៅក្រុមហ៊ុន Zongqiang Luo បានលើកឡើងថា “បន្ទាប់ពីការ ប្រកាសពីគោល នយោបាយបញ្ច្រាស ក្នុងការដុតធ្យូងថ្មតិច នៅក្នុង វិស័យថាមពល របស់អាល្លឺម៉ង់ អូទ្រីស និងហូឡង់ ដោយសារការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីធ្លាក់ចុះ ការពិភាក្សា និងការសម្រេចចិត្តបន្ថែមទៀត លើវិធានការ ដើម្បីដោះស្រាយវិបត្តិ ថាមពលនៅអឺរ៉ុបត្រូវបានរំពឹងទុក” ។
លោកបន្ដថា “ក្នុងចំណោមប្រទេសទាំងបីនេះ ប្រទេសអាល្លឺម៉ង់ មានភាពបត់ បែនកាន់តែច្រើនក្នុងការផ្លាស់ប្តូរឥន្ធនៈ ហើយយើងរំពឹងថា សមត្ថភាពដុតធ្យូងថ្ម ១០ gigawatts ត្រូវបានគេប៉ាន់ប្រមាណថា នឹងនាំយកមកទីផ្សារវិញ ហើយនេះអាចផ្តល់ ថាមពលអគ្គិសនីបន្ថែម ប្រហែល ២៦ TWh [terawatt hours] ពីធ្យូងថ្ម។ ក្នុងឆ្នាំ២០២២ ដើម្បីប៉ះប៉ូវការខាតបង់ នៃការផលិត ថាមពលពីឧស្ម័ន”។
យោងតាមទីភ្នាក់ងារ ថាមពលអន្តរជាតិបានឱ្យដឹងថា កាលពីឆ្នាំមុន ឧស្ម័នធម្មជាតិរបស់រុស្ស៊ីមានចំនួន ៤៥ភាគរយ នៃការនាំចូល និងប្រហែល ៤០ ភាគរយនៃតម្រូវការឧស្ម័ន របស់សហភាពអឺរ៉ុប។
កាលពីចុងខែមុន ប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានសម្រេចចិត្ត បញ្ឈប់កប៉ាល់ប្រេងឆៅពីប្រទេសរុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មក្នុង ការឆ្លើយតបទៅនឹងការវាយលុក យោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានយល់ព្រមទុកបំពង់ បង្ហូរប្រេងឱ្យបើកចំហ៕
ប្រែសម្រួល ឈូក បូរ៉ា