ព័ត៌មានជាតិ

តំណាងកម្ពុជាប្រចាំ UN ច្រានចោលការផ្សាយព័ត៌មាន របស់អ្នករាយការណ៍ពិសេស UN ក្រោមហេតុផលនយោបាយ និងបំភ័ន្តសាធារណជន ពីសវនាការលេីលោក កឹម សុខា

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជាប្រចាំការិយាល័យ អង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានច្រានចោលការចេញផ្សាយព័ត៌មាន របស់អ្នករាយការណ៍ពិសេស៣រូប របស់ UN ពាក់ព័ន្ធនឹងដំណើរការសវនាការ ជំនុំជម្រះលើជនជាប់ចោទ កឹម សុខា ។

ខាងក្រោមនេះជាខ្លឹមសារ សេចក្តីប្រកាសព័ត៌មានទាំងស្រុង របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ៖

ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ត្រូវបានរំខានដោយ និងសូមច្រានចោលការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួនបីរូប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រោមហេតុផលនយោបាយនិងមានបំណង បំភ័ន្តសាធារណជន អំពីដំណើរការសវនាការ លើជនជាប់ចោទ លោក កឹម សុខា។

ដូចពេលកន្លងមកដែរ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈ របស់អ្នកជំនាញខាងលើ ដែលមិនមែនជាមន្ត្រីអង្គការ
សហប្រជាជាតិ និងគ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុង កិច្ចការតុលាការនិងផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមរំលឹកអ្នកជំនាញទាំងនោះថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដ៏ទៃទៀត បុគ្គលបំពានច្បាប់ត្រូវរងការ ចោទប្រកាន់និងកាត់ទោស ដោយឈរលើមូលដ្ឋាន នៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះ ធ្វើសកម្មភាពដោយនិទណ្ឌភាពទេ។ ហេតុផលបុគ្គលឬនយោបាយមិនអាច ប្រើប្រាស់ជាទឡឺករណ៍សម្រាប់ ការប្រព្រឹត្តិបទល្មើសឡើយ។ បទចោទលើ លោក កឹម សុខា មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ហើយវិធានការច្បាប់ចំពោះគាត់នាពេល កន្លងមកបានត្រូវអនុវត្តស្របតាម ច្បាប់ពាក់ព័ន្ធរបស់ប្រទេស រួមទាំងរដ្ឋធម្មនុញ្ញ។

ការនិយាយយោងរបស់អ្នករាយការណ៍ ពិសេសទៅនឹងទស្សនៈរបស់ “ក្រុមការងារស្តីពីការឃុំ ខ្លួនតាមអំពើចិត្ត” (ហៅកាត់ថា “ក្រុមការងារ”) ដែលជាបណ្ដុំបុគ្គលប្រាំរូបរួមគ្នា មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្ក អោយមានការភ័ន្តច្រឡំទៀត។ បុគ្គលទាំងប្រាំរូបពុំមែនជា មន្ត្រីអង្គការសហប្រជាជាតិ គ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ដែលពុំមានការយល់ដឹងជាក់ស្តែងស្តីពី ស្ថានភាពច្បាប់និងនយោបាយរបស់ ប្រទេសកម្ពុជា។ ទស្សនៈឬសេចក្តីសន្និដ្ឋានរបស់ “ក្រុមការងារ” នេះពុំមានទម្ងន់អ្វីទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ ហើយស្ពានឫសកកម្ម អចិន្ត្រៃយ៍សូមបដិសេធ ចំពោះសេចក្តីសន្និដ្ឋានរបស់ “ក្រុមការងារ” នេះ ដែលពុំបានគោរពតាម របៀបរបបធ្វើការងារត្រឹមត្រូវ ។

ការចោទប្រកាន់ថា លោក កឹម សុខា ត្រូវបានឃុំខ្លួនលើសរយៈពេល កំណត់ដោយច្បាប់ គឺជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់ អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធី
តុលាការរបស់ប្រទេសកម្ពុជា ពីសំណាក់អ្នកជំនាញទាំងនោះ។ ការពិតគឺថា លោក កឹម សុខា បានត្រូវដោះលែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការត្រួតពិនិត្យផ្លូវតុលាការ ដោយមានលក្ខខណ្ឌជាក់លាក់។ នេះមានន័យថា គាត់ពុំស្ថិតក្រោមរបបនៃ ការឃុំខ្លួនមុនសវនាការ ដែលមានរយៈពេលអតិបរមា ១៨ខែនោះឡើយ។ លោក កឹម សុខា ពុំស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះទេ

ស្ថានបេសកកម្មអចិន្ត្រៃយ៍ សូមរំលឹកអ្នកជំនាញ អោយប្រើប្រាស់វាក្យស័ព្ទ ច្បាប់ឱ្យបានត្រឹមត្រូវនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួន ប្រសិនបើពុំមានបំណង ធ្វើឱ្យសាធារណជនយល់ខុស និងភ័ន្តច្រឡំ។ ដោយស្ថិតនៅជាជនជាប់ចោទនៅឡើយ លោក កឹម សុខា ពុំអាចធ្វើដំណើរចាកចេញ ពីព្រំដែនកម្ពុជា ហើយមិនត្រូវចូលរួមក្នុងសកម្មភាព នយោបាយណាមួយទេ។

ការចោទប្រកាន់របស់ អ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជាសាធារណៈ នៅក្នុងបន្ទប់សវនាការ បង្ហាញយ៉ាងច្បាស់ថា ការវាយតម្លៃរបស់អ្នកជំនាញ ទាំងនោះអំពីកម្ពុជាបានផ្អែក
លើតែប្រភពព័ត៌មានពុំបាន ផ្ទៀតផ្ទាត់និងមិនអាចទុកចិត្តបាន។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចអោយចូលទៅ ក្នុងបន្ទប់សវនាការតែងតែ ជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំ ជាក់ស្តែងនៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងការប្រព្រឹត្តិទៅនៃការជំនះជម្រះ។ មានតំណាងអង្គទូតជាច្រើន ចូលរួមហើយពុំមានកៅអី នៅសល់ទំនេរទុកចោលទេ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍យល់ថា ការលើកឡើងរបស់ អ្នករាយការណ៍ពិសេសថា កង្វះខាតការចូលរួមជា សាធារណៈនៅក្នុងបន្ទប់សវនាការមានន័យ ស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃ វិជ្ជាជីវៈច្បាប់និងតុលាការទាំងស្រុង។

ជាចុងក្រោយ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ទទូចដល់អ្នករាយការណ៍ពិសេសទាំងអស់ គោរពឱ្យបានខ្ជាប់ខ្ជួននូវ “ក្រមប្រតិបត្តិសម្រាប់តំណាង អាណត្តិនៃនីតិវិធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស”
នៅពេលបំពេញមុខងារខ្លួន រួមទាំងការចេញសេចក្តីថ្លែងការណ៍សាធារណៈ ដែលអាចត្រូវបកស្រាយថា ជាការជ្រៀតជ្រែក ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ៕

To Top