នយោបាយ

FullStory ៖ រាជរដ្ឋាភិបាល អះអាងថា សវនាការរឿងក្ដី លោក កឹម សុខា ប្រព្រឹត្តទៅតាមនីតិវិធីច្បាប់ ខណៈក្រុមសិទ្ធិមនុស្សជាតិ -អន្តរជាតិ ចាត់ទុកគ្មានភាពប្រក្រតី

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ដំណើរការសវនាការ សំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា បាន ប្រព្រឹត្តទៅតាមបែបបទ និង នីតិវិធីច្បាប់ ដែលមាន ជាធរមាននៅកម្ពុជា ខណៈ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ជាតិនិងអង្គការសហប្រជាជាតិ (UN) បានចាត់ទុកថា ដំណើរការសវនាការទាំងមូល ចាប់ពីការចោទប្រកាន់ រហូតដល់ការជំនុំជម្រះក្តី គឺគ្របដណ្តប់ ដោយភាពមិនប្រក្រតីនិងគ្មានគុណភាព ។

សូមរំលឹកថា ដំណើរការសវនាការលើរឿងក្ដី លោក កឹម សុខា ត្រូវបានធ្វើឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃ១៥-១៦ មករា ប៉ុន្តែសម្រាប់ថ្ងៃទី២ គឺធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ។ សវនាការរឿងក្ដីនេះ នឹងបន្តទៅថ្ងៃទី២២-២៣ មករា សប្តាហ៍ក្រោយទៀត ។

ក្រោយដំណើរការសវនាការលើលោក កឹម សុខា រយៈពេល ២ថ្ងៃត្រូវបានបញ្ចប់ក្រុមអ្នកជំនាញ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានសម្តែងកង្វល់អំពីការជំនុំជម្រះក្តី “បទក្បត់ជាតិ” ដែលបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា ដោយក្រុមអ្នកជំនាញថា ដំណើរការទាំងមូលចាប់ពីការចោទប្រកាន់ រហូតដល់ ការជំនុំជម្រះក្តីគ្របដណ្តប់ដោយភាពមិនប្រក្រតី។

សូមរំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ យកលំនាំតាមប្រទេសយូហ្គោស្លាវី និងសែរប៊ី ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ។ បន្ទាប់មកលោកក៏ត្រូវ បន្តឃុំខ្លួនក្នុងផ្ទះអស់ប្រមាណជា ១ឆ្នាំ ហើយទើបបន្ធូរបន្ថយលក្ខខណ្ឌច្បាប់ កាលពីថ្ងៃ១០ វិច្ឆិកា ២០១៩ ។

ក្រោយបញ្ចប់សវនាការលើសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី១៦ មករា លោក គី តិច ដែលជាមេធាវី ខាងរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងសវនាការភាគីនីមួយៗ បានខិតខំប្រឹងប្រែង ដើម្បីបង្ហាញភស្តុតាង ប៉ុន្តែក្រុមមេធាវីការពារក្តីឲ្យ ជនជាប់ចោទ កឹម សុខា បានដាក់សំណួរទៅកាន់អង្គជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ហាក់មិនចំគោលដៅពោល គឺបានរំលោភនីតិវិធី និងមិនចំកម្មវត្ថុ ។

តាមសេចក្ដីប្រកាសមានព័ត៌មាន នៅថ្ងៃទី១៧ មករា ក្រុមអ្នកជំនាញ UN មានប្រសាសន៍ថា “យើង មានហេតុផលរឹងមាំអាចជឿថា ការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងលោក សុខា គឺជាហេតុផលនយោបាយ ហើយការចោទប្រកាន់នេះ វាក៏ជាផ្នែកនៃលំនាំមួយកាន់តែធំជាងនេះ នៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ ដើម្បីដាក់គោលដៅទៅលើ គូប្រជែងនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល”។

ក្រុមអ្នកជំនាញ UN បានសម្តែងកង្វល់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ ជាសាធារណៈរបស់មន្រ្តីជាន់ខ្ពស់មួយចំនួន ទាក់ទងនឹងករណីរបស់ លោក សុខា ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សិទ្ធិរបស់គាត់ក្នុងការ ទទួលបានការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ និងអាចជះឥទ្ធិពលដល់លទ្ធផល នៃការជំនុំជម្រះរបស់លោក ។ កង្វះការចូលរួមរបស់ សាធារណៈជននៅបន្ទប់សវនាការ ដែលត្រូវបានអនុញ្ញាតិជាពិសេស សម្រាប់តែសមាជិកអង្គទូត ក៏អាចដាក់ជាសំណួរអំពីភាពត្រឹមត្រូវ នៃការជំនុំជម្រះក្តីរបស់លោកផងដែរ។

ជាមួយគ្នានោះអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អសប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏បានលើកឡើងថា ការបើកសវនាការជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃ១៥-១៦ មករា នាំឲ្យមានការសៅហ្មង ដោយលោកស្រីអំពាវនាវម្តងទៀត ឲ្យផ្តល់សិទ្ធិសេរី និងផ្តល់សិទ្ធិនយោបាយឡើងវិញឲ្យលោក កឹម សុខា។

លោកស្រីបញ្ជាក់ថា លោកស្រីបានចូលរួមជាមួយ អ្នកជំនាញឯករាជ្យរបស់ អ.ស.ប ពីររូបទៀតក្នុងការអំពាវនាវ ឲ្យអាជ្ញាធរកម្ពុជាធានានូវយុត្តិធម៌ សម្រាប់លោក កឹម សុខា ដែលកាត់ទោសពីបទក្បត់ជាតិបានចាប់ផ្តើម នៅទីក្រុងភ្នំពេញនៅសប្តាហ៍នេះ ។

ទាក់ទិនបញ្ហានេះដែរ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជាលោក ព្រាប កុល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនឲ្យចូលស្ដាប់ សវនាការសំណុំរឿង លោក កឹម សុខា កាលពីថ្ងៃទី១៥-១៦ មករា ដោយបញ្ជាក់ថា ពុំមានកន្លែងនៅទំនេរក្នុងបន្ទប់សវនាការ ប៉ុន្តែទោះបីត្រូវបានបដិសេធក្ដី ក៏លោក ព្រាប កុល បានដាក់លិខិតស្នើទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលស្ដាប់សវនាការសំណុំរឿង លោក កឹម សុខា ម្តងទៀត ។

ឆ្លើយតបទៅក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN ពាក់ព័ន្ធនឹងសវនាការលើលោក កឹម សុខា លោក ជិន ម៉ាលីន បានថ្លែងប្រាប់VOA ថា «ដំណើរការសវនាការ របស់លោកកឹម សុខា នេះ គឺ បាន ប្រព្រឹត្តិទៅទៅតាមបែបបទ និងនិតិវិធីច្បាប់ ដែលមានជាធរមាននៅកម្ពុជា។ ដូច្នេះរាល់ការអត្ថាធិប្បាយ ឬ ក៏ការរិះគន់ ពី សំណាក់ ភាគី ណាក៏ដោយរួមទាំងក្រុម ដែល គាំទ្រ អតីតបក្សប្រឆាំង នឹងមិនមានឥទ្ធិពលអីទៅលើការសម្រេចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ នោះទេ បាទ» ។

ទន្ទឹមគ្នានោះដែរស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការ សហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក៏បានប្រកាស ច្រានចោលការចេញផ្សាយ ព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន ៣រូប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រោមហេតុផលនយោបាយនិងមានបំណង បំភ័ន្តសាធារណជន អំពីដំណើរការសវនាការ លើជនជាប់ចោទ លោក កឹម សុខា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សោកស្តាយជាពន់ពេក ចំពោះការប្រព្រឹត្តមិនស្របតាមវិជ្ជាជីវៈ របស់អ្នកជំនាញខាងលើ ដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ និងគ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុង កិច្ចការតុលាការនិងផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយ។

តំណាងកម្ពុជាប្រចាំ UN ក៏បានរំលឹកទៅក្រុមអ្នកជំនាញ UN ថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀតថា បុគ្គលបំពានច្បាប់ត្រូវរងការ ចោទប្រកាន់និងកាត់ទោស ដោយឈរលើមូលដ្ឋាន នៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះ ធ្វើសកម្មភាពដោយនិទណ្ឌភាពទេ។ ហេតុផលបុគ្គល ឬនយោបាយមិនអាចប្រើប្រាស់ ជាទឡ្លីករណ៍សម្រាប់ ការប្រព្រឹត្តបទល្មើសឡើយ។ បទចោទលើ លោក កឹម សុខា មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ហើយវិធានការច្បាប់ ចំពោះគាត់នាពេលកន្លងមក បានត្រូវអនុវត្តស្របតាម ច្បាប់ពាក់ព័ន្ធរបស់ប្រទេស រួមទាំងរដ្ឋធម្មនុញ្ញ ។

តំណាងកម្ពុជាប្រចាំ UN គូសបញ្ជាក់ថា ការនិយាយយោងរបស់អ្នករាយការណ៍ ពិសេសទៅនឹងទស្សនៈរបស់ “ក្រុមការងារស្តីពីការឃុំ ខ្លួនតាមអំពើចិត្ត” (ហៅកាត់ថា “ក្រុមការងារ”) ដែលជាបណ្ដុំបុគ្គលប្រាំរូបរួមគ្នា មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្ក អោយមានការភ័ន្តច្រឡំទៀត។ បុគ្គលទាំងប្រាំរូបពុំមែនជា មន្ត្រីអង្គការសហប្រជាជាតិ គ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ដែលពុំមានការយល់ដឹងជាក់ស្តែងស្តីពី ស្ថានភាពច្បាប់និងនយោបាយរបស់ ប្រទេសកម្ពុជា។ ទស្សនៈឬសេចក្តីសន្និដ្ឋានរបស់ “ក្រុមការងារ” នេះពុំមានទម្ងន់អ្វីទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់ មកលើរដ្ឋអធិបតេយ្យមួយ ហើយស្ថានបេសកកម្ម អចិន្ត្រៃយ៍ បដិសេធចំពោះសេចក្តីសន្និដ្ឋានរបស់ “ក្រុមការងារ” នេះដែលពុំបានគោរពតាម របៀបរបបធ្វើការងារត្រឹមត្រូវ ។

តំណាងកម្ពុជាប្រចាំ UN បន្ថែមថា ការចោទប្រកាន់ថា លោក កឹម សុខា ត្រូវបានឃុំខ្លួនលើសរយៈពេល កំណត់ដោយច្បាប់ គឺជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់ អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការ របស់ប្រទេសកម្ពុជា ពីសំណាក់អ្នកជំនាញទាំងនោះ។ ការពិតគឺថា លោក កឹម សុខា បានត្រូវដោះលែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការត្រួតពិនិត្យផ្លូវតុលាការ ដោយមានលក្ខខណ្ឌជាក់លាក់។ នេះមានន័យថា គាត់ពុំស្ថិតក្រោមរបបនៃ ការឃុំខ្លួនមុនសវនាការ ដែលមានរយៈពេលអតិបរមា ១៨ខែនោះឡើយ។ លោក កឹម សុខា ពុំស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះទេ ។

តំណាងកម្ពុជាប្រចាំ UN ក៏បានឲ្យអ្នកជំនាញ ប្រើប្រាស់វាក្យស័ព្ទ ច្បាប់ឱ្យបានត្រឹមត្រូវនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួន ប្រសិនបើពុំមានបំណង ធ្វើឱ្យសាធារណជនយល់ខុស និងភ័ន្តច្រឡំ ។ ដោយស្ថិតនៅជាជនជាប់ចោទនៅឡើយ លោក កឹម សុខា ពុំអាចធ្វើដំណើរចាកចេញ ពីព្រំដែនកម្ពុជា ហើយមិនត្រូវចូលរួមក្នុងសកម្មភាព នយោបាយណាមួយទេ។
ការចោទប្រកាន់របស់ អ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជាសាធារណៈ នៅក្នុងបន្ទប់សវនាការ បង្ហាញយ៉ាងច្បាស់ថា ការវាយតម្លៃរបស់អ្នកជំនាញ ទាំងនោះអំពីកម្ពុជាបានផ្អែក

លើតែប្រភពព័ត៌មានពុំបាន ផ្ទៀតផ្ទាត់និងមិនអាចទុកចិត្តបាន។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចអោយចូលទៅ ក្នុងបន្ទប់សវនាការតែងតែ ជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែង នៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងការប្រព្រឹត្តិទៅនៃការជំនះជម្រះ។ មានតំណាងអង្គទូតជាច្រើន ចូលរួមហើយពុំមានកៅអី នៅសល់ទំនេរទុកចោលទេ ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍យល់ថា ការលើកឡើងរបស់ អ្នករាយការណ៍ពិសេសថា កង្វះខាតការចូលរួមជា សាធារណៈនៅក្នុងបន្ទប់សវនាការមានន័យ ស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃ វិជ្ជាជីវៈច្បាប់និងតុលាការទាំងស្រុង។

តំណាងកម្ពុជាប្រចាំ UN ទទូចដល់អ្នករាយការណ៍ពិសេសទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវ “ក្រមប្រតិបត្តិសម្រាប់តំណាង អាណត្តិនៃនីតិវិធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស”
នៅពេលបំពេញមុខងារខ្លួន រួមទាំងការចេញសេចក្តីថ្លែងការណ៍សាធារណៈ ដែលអាចត្រូវបកស្រាយថា ជាការជ្រៀតជ្រែក ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ៕ ដោយ៖ ខា ដា

To Top