ពេលថ្មីៗកន្លងទៅនេះ ចិននិងអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមានការវិនិយោគទុន សរុបជិត២រយលានប្រាក់អឺរ៉ូ និងគ្របដណ្តប់គម្រោង សហប្រតិបត្តិការពាណិជ្ជកម្ម ចំនួន១០ ។ នេះជាគំរូថ្មីបំផុត ដែលវិនិយោគិនបរទេស មានសុទិដ្ឋិនិយម ចំពោះប្រទេសចិន ហើយក៏ជាការសើច ចំអក ចំពោះការដែលស្ថាប័ន ស៊ើបការណ៍អាមេរិក និងអង់គ្លេស រួមគ្នាលេងកលល្បិចចាស់ម្តងទៀត ដើម្បីបំភិតបំភ័យ សហគ្រាសប្រទេសលោកខាងលិច នៅពេលមុននេះផងដែរ ។
ក្នុងសន្និសីទសារព័ត៌មាន ដែលបើកធ្វើនៅក្រុងឡុងដ៍ កាលពីថ្ងៃទី៦ខែកក្កដា លោក Christopher Wray ប្រធាននាយកដ្ឋាន ស៊ើបអង្កេត សហព័ន្ធអាមេរិក (FBI)និងលោក Ken McCallum ប្រធាននាយកដ្ឋាន ស៊ើបការណ៍យោធាទី៥ របស់អង់គ្លេស (MI5) បានរួមគ្នាចេញផ្សាយអ្វីដែលហៅថា ការព្រមាន ដោយអះអាងថា ប្រទេសចិន “ឆក់ប្លន់”កម្មសិទ្ធិបញ្ញា របស់ប្រទេសលោកខាងលិចតាមរយៈ “ចារកម្មសេដ្ឋកិច្ច”និង “ប្រតិបត្តិការរបស់ Hacker” ដើម្បីសម្រេច បាននូវគោលដៅដឹកនាំមុខរបរជាគន្លឹះ ហើយមួលបង្កាច់ថា ប្រទេសចិនជា “ការគំរាមកំហែងដ៏ធំបំផុត ក្នុងរយៈពេលយូរអង្វែង”ផងដែរ ។
នៅឆ្នាំទៅមិញ ស្ថាប័នស៊ើបការណ៍ អាមេរិកទទួល បទបញ្ជាក្នុង ការបង្ករឿងកំប្លែង អំពីការតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ តែទីបំផុត បានបញ្ចប់ ដោយបរាជ័យ ក្នុងសំឡេងសើចចំអក របស់ទូទាំងពិភពលោក ។ ឆ្នាំនេះ ស្ថាប័នស៊ើបការណ៍អាមេរិក អូសទាញស្ថាប័ន ស៊ើបការណ៍អង់គ្លេស សម្តែងឆាកល្ខោន ដែលប្រឌិតអ្វី ដែលមិនធ្លាប់មានម្តងទៀត ដើម្បីបំផុសមនោសញ្ចេតនា ភ័យខ្លាចចិននិងច្រានចោលចិន បំផ្លាញកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចរវាងចិន និងពិភពលោក ក៏ដូចជាគួបផ្សំ នឹងយុទ្ធសាស្ត្រទប់ស្កាត់ការ អភិវឌ្ឍរបស់ប្រទេសចិន នៃរដ្ឋាភិបាលអាមេរិក ។
ពេលរដ្ឋាភិបាលលោកត្រាំ បំផុសសង្គ្រាមពាណិជ្ជកម្ម ចំពោះប្រទេសចិន កាលពីឆ្នាំ២០១៨ ភាគីអាមេរិក ក៏បានដាក់កំហុស ដែលហៅថា “លួច”បច្ចេកទេស របស់ប្រទេសប៉ែកខាងលិច ទៅលើប្រទេសចិន ។ ហើយរដ្ឋាភិបាលអាមេរិក កាលនោះក៏បានចាប់ដំណើរការ “ផែនការប្រតិបត្តិ ចំពោះប្រទេសចិន” កាលពីខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយទាមទារឱ្យស្ថាប័ន យុត្តិធម៌នៃតំបន់ចំនួន៩៤ របស់សហរដ្ឋអាមេរិក លើកឡើងពាក្យបណ្តឹង ដែលសំដៅ ចំពោះប្រទេសចិន យ៉ាងហោចណាស់មួយ ឬពីរលើកក្នុងមួយឆ្នាំ ពោលគឺប៉ុនប៉ង នាំឱ្យបទឧក្រិដ្ឋ ស្តីពីការដែល “ចារកម្មសេដ្ឋកិច្ច របស់ចិនលួចយកសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ក្លាយជាការពិត ។ ប៉ុន្តែផែនការនេះ បានដំណើរការ រយៈពេលជាងបីឆ្នាំ ភាគីអាមេរិក មិនត្រឹមតែមិន បានរកឃើញ ចារកម្មណាមួយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើត ជាករណីអយុត្តិធម៌ ជាច្រើនដែរ សំណុំរឿងជាច្រើន បានត្រូវកាត់ក្តីគ្មាន ទោសកំហុស ឬក៏ត្រូវច្រានចោល ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសផ្អាកផែនការ នេះដោយខានពុំបាន ព្រមទាំងទទួលស្គាល់ថា ផែនការនេះគឺខុសឆ្គង ។
ត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះ ស្ថាប័នស៊ើបការណ៍ អាមេរិកក៏បានប្រើឧបាយកលចាស់ម្តងទៀត ។ ពាក្យកុហកដ៏អាក្រក់ទាំងនេះ គ្រាន់តែនឹងបង្ហាញ ពីធាតុពិតនៃស្ថាប័ន ស៊ើបការណ៍អាមេរិក ដែល “និយាយពាក្យកុហក ឆបោកនិងលួច” ព្រមទាំងលាតត្រដាង ពីទង្វើអាក្រក់គ្រប់ បែបយ៉ាងរបស់ទ័ពស្រួច នៃអនុត្តរភាពបែបអាមេរិក ។
ក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកដែលទើបបញ្ចប់ ភាគីចិនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុង “ឆ្លងជំងឺភ័យខ្លាចប្រទេសចិន” ដែលមានភាព កាន់តែធ្ងន់ធ្ងរ ។ ប្រសិនបើបណ្តែតបណ្តោយឱ្យ “អារម្មណ៍គំរាមកំហែង”បែបនេះបន្ដវិវឌ្ឍទៅទៀត នោះ គោលនយោបាយ ចំពោះប្រទេសចិន របស់អាមេរិក នឹងក្លាយជា ផ្លូវទាល់គ្មានច្រកចេញ។ ការពិតជាក់ស្តែងនឹងបញ្ជាក់ថា ការប្រឌិតពាក្យកុហក ពាក់ព័ន្ធនឹងប្រទេសចិន និងញុះញង់ឱ្យផ្តាច់ទំនាក់ទំនងជាមួយចិន ទើបអាចបង្កជា “ការគំរាមកំហែងដ៏ពិតប្រាកដ” ចំពោះសហរដ្ឋអាមេរិក រហូតដល់ពិភពលោកខាងលិច ៕
វិទ្យុមិត្តភាពកម្ពុជាចិន