ព័ត៌មានជាតិ

ទូតជប៉ុន អរគុណ កម្ពុជា ចំពោះកាយវិការដ៏កក់ក្តៅ ដល់ប្រទេសនិងប្រជាជនជប៉ុន ក្នុងពេលបាត់បង់លោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ លោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណកម្ពុជា ចំពោះទឹកចិត្តនិងកាយវិការដ៏កក់ក្តៅ ដល់ប្រទេសនិងប្រជាជនជប៉ុន ក្នុងពេល បាត់បង់ អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ។

លោក Shinzo Abe អតីនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការវាយប្រហារ ពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលដែលលោក ថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍ យុទ្ធនាការរកសំឡេងឆ្នោត ព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹក ម៉ោងនៅជប៉ុន ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង ដែលស្ថានទូតជប៉ុនប្រចាំកម្ពុជា បង្ហោះនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២៖

«នាឱកាសដ៏សោកសង្រេងចំពោះការបាត់បង់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ ប្រជាជនកម្ពុជាជាច្រើន រួមមានសមាជិករាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័ននានា ព្រមទាំងសាធារណជន ទូទៅបានចូលរួមគោរព វិញ្ញាក្ខន្ធ និងសរសេរសាររំលែកទុក្ខនៅស្ថានទូតជប៉ុនក្នុងសប្តាហ៍នេះ។ យើងខ្ញុំ ក៏បានទទួលសាររំលែកទុក្ខជាច្រើនឥតគណនាផងដែរ។ យើងខ្ញុំ សូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះទឹកចិត្ត និងកាយវិការដ៏កក់ក្តៅដល់ប្រទេស និងប្រជាជនជប៉ុន ក្នុងខណៈពេលដ៏លំបាកនេះ។ យើងខ្ញុំទទួលបាននូវការរំលឹកអំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជប៉ុនសាជាថ្មីម្តងទៀត។ជាក់ស្តែង អតីតនាយករដ្ឋមន្រ្តី អាបេ បានបម្រើការងារជានាយករដ្ឋមន្រ្តី ២អាណត្តិ ហើយឯកឧត្តមបានត្រួសត្រាយផ្លូវក្នុងការពង្រឹងទំនាក់ទំនងរវាងរវាងកម្ពុជា និងជប៉ុនតាមរយៈ កិច្ចប្រជុំកំពូល និងការបង្កើតគោលនយោបាយការបរទេសនានា។ នៅឆ្នាំ២០១៣ ឯកឧត្តម បានធ្វើទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ នាឆ្នាំដដែលនោះ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា សមេ្តចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ពេលនោះ ឯកឧត្តម អាបេ និងសម្តេចតេជោ បានរួមគ្នាជម្រុញទំនាក់ទំនងទ្វេភាគីនេះ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត។ ក្នុងខណៈពេលដែលយើងខ្ញុំកំពុងមានការតក់ស្លុត និងសោកសង្រេងចំពោះសោកនាថកម្មនេះ យើងខ្ញុំបានទទួលការលើកទឹកចិត្តដ៏ពិតប្រាកដតាមរយៈសារនានារបស់ប្រជាជនកម្ពុជា។ស្ថានទូតជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត។
យើងខ្ញុំ សូមបួងសូង សូមវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ
បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

To Top