ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ គម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវលេខ ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាព ការងារសាងសង់បាន ៩៩,៨១% ។
នាឱកាសអញ្ជើញ ចុះពិនិត្យគម្រោងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បង្ហាញថា ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំ ដោយហេតុថា មានការធ្វើតេស្ត សាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះ មានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន ។ ចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់ ។ ហើយចំពោះផ្លូវបេតុង ការពិនិត្យកម្រិត នៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ជាលទ្ធផលឃើញថា តម្លៃនៃភាពកកិត របស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារ ដែលបានកំណត់។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា ផ្លូវនេះអាចជួយសម្រួលដល់ឡាន ដឹកទំនិញធុនធ្ងន់ធ្វើដំណើ រវាងផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែលកន្លងមកតែងតែបង្កភាពយឺតយ៉ាវ ដល់ការនាំទំនិញ ទៅលក់នៅបរទេស ។ ក្រសួងគ្រោងស្នើទៅអភិបាល ក្រុងព្រះសីហនុ ដើម្បីពិនិត្យរួមគ្នា លើលទ្ធភាព នៃការអនុញ្ញាត ឲ្យរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ ចេញពីកំពង់ផែក្រុងព្រះសីហនុ ធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បី ចំណេញពេលវេលា និងកាត់បន្ថយបន្ទុក នៃការដឹកជញ្ជូនលើផ្លូវលេខ៤ ដែលកំពុងមានចរាចរណ៍ មមាញឹកខ្លាំង។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ ត្រូវធ្វើផ្លូវឲ្យបានរឹងមាំ តាមលក្ខណៈបច្ចេកទេសបានឯកភាពគ្នា ព្រោះក្រសួង ក៏មានឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ច្រើនដែលអាចយកមកត្រួតពិនិត្យគុណភាព នៃការសាងសង់ផ្លូវបាន និងបានអំពាវនាវ ដល់ម្ចាស់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលប្រើប្រាស់ផ្លូវកម្ពុជា ទាំងឡានបរទេស ទាំងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់កម្ពុជា ឲ្យបានម៉ឺងម៉ាត់ មិនត្រូវបំផ្លាញផ្លូវរបស់កម្ពុជាទេ ។ កម្ពុជាត្រូវការថវិកាច្រើន ក្នុងការកសាងប្រព័ន្ធផ្លូវថ្នល់ ឲ្យបានល្អជូនប្រជាពលរដ្ឋ ក៏ដូចជាជូនអ្នកដឹកទំនិញ ផងដែរ។
សូមរំលឹកថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុង ដ៏មានសក្ដានុពលសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផល របស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាអ្នករស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយ ការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ តាមផ្លូវជាតិលេខ៤ផងដែរ៕