ព័ត៌មានអន្តរជាតិ

ឥទ្ធិពលនៃគុណតម្លៃវប្បធម៌ចិន ទៅលើគោលនយោបាយការបរទេស បែបសន្តិភាពនិយមរបស់ប្រទេសចិន 

ការយល់ដឹងត្រឹមត្រូវនិងស៊ីជម្រៅ អំពីឥរិយាបថរបស់ប្រជាជាតិមួយ ឬប្រទេសមួយ ទាមទារនូវការយល់ដឹងស៊ីជម្រៅអំពីគុណតម្លៃវប្បធម៌និងប្រពៃណីដែលមានឥទ្ធិពល ទៅលើផ្នត់គំនិតនិងឥរិយាបថ របស់ប្រជាជាតិនោះ ឬប្រទេសនោះ បើមិនដូច្នោះទេ វិនិច្ឆ័យរបស់យើងអាចនឹងមានកំហុសធ្ងន់ធ្ងរ។ ដូចគ្នានេះដែរ ដើម្បីស្វែងយល់ឲ្យបានត្រឹមត្រូវ និងស៊ីជម្រៅអំពីឥរិយាបថរបស់ចិន នៅក្នុងទំនាក់ទំនងអន្តរជាតិ យើងចាំបាច់ត្រូវស្វែងយល់អំពីគុណតម្លៃ   វប្បធម៌ជាប្រពៃណីរបស់ជនជាតិចិន។  

ប្រទេសចិន មានប្រពៃណីវប្បធម៌ដ៏ចំណាស់ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយវប្បធម៌ប្រពៃណីដ៏ចំណាស់នេះ មានឥទ្ធិពលយ៉ាងធំធេងទៅលើផ្នត់គំនិតនិងឥរិយាបថ របស់ប្រជាជនចិនទាំងមូល ដោយបូករួមទាំងថ្នាក់ដឹកនាំចិន ផងដែរ។ ដោយទទួលរងឥទ្ធិពល ពីគុណតម្លៃវប្បធម៌ប្រពៃណី ដែលមិនផ្ដោតលើសម្ភារៈនិយម ប្រជាជននិងថ្នាក់ដឹកនាំចិន ផ្ដល់តម្លៃខ្ពស់ទៅលើ សុខដុម គុណធម៌ ភាពត្រឹមត្រូវ ភាពស្លូតបូតរម្យទម ភាពស្មោះត្រង់ និងភក្ដីភាព ហើយគុណតម្លៃទាំងនេះ បានដើរតួជាមគ្គុទេសក៍តម្រង់ទិសគោលនយោបាយនានា ជាពិសេសគោលនយោបាយការបរទេស របស់ប្រទេសចិន ជារៀងរហូតមក។

នៅក្នុងចំណោមគុណតម្លៃចម្បងៗទាំងនេះ សុខដុម អាចត្រូវគេចាត់ទុកថា ជាគុណតម្លៃដែលមានឥទ្ធិពលខ្លាំងជាងគេបំផុត ទៅលើគោលនយោបាយការបរទេសរបស់ចិន។ ចំពោះ ជនជាតិចិន សុខដុម គឺជាការធ្វើឯកភាពវូបនីយកម្មនៃភាពខុសប្លែកគ្នា ជាការបង្កលទ្ធភាពឲ្យភាពខុសប្លែកគ្នា អាចរួមរស់នៅជាមួយគ្នា បានប្រកបដោយសន្តិភាព។ និយាយម្យ៉ាងទៀត សុខដុម សំដៅទៅលើការរួមរស់ជាមួយគ្នានិងរីកចម្រើនរុងរឿងជាមួយគ្នា បើទោះបីជាប្រជាជាតិឬប្រទេសទាំងអស់ មានវប្បធម៌ប្រពៃណីខុសប្លែកគ្នាក៏ដោយ។ នៅក្នុងទំនាក់ទំនងអន្តរជាតិ អ្វីដែលរដ្ឋាភិបាលចិន ប្រាថ្នាចង់បានខ្លាំងបំផុត គឺពិភពលោកមួយដែលមានសុខដុម សន្តិភាពស្ថិតស្ថេរនិងវិបុលភាពរួម រដ្ឋាភិបាលចិនមិនប្រាថា្នចង់បានពិភពលោកមួយ ដែលមានភាពដូចគ្នាទាំងស្រុង ដូចដែលប្រទេសបស្ចិមលោកប្រាថ្នាចង់បាន នោះឡើយ។

និយាយម្យ៉ាងទៀតរដ្ឋាភិបាលចិន ទទួលស្គាល់និងផ្ដល់តម្លៃទៅលើភាពខុសប្លែកគ្នា និងយល់ឃើញថាប្រទេសដែលមានអរិយធម៌ខុសប្លែកគ្នា អាចរួមរស់នៅក្នុងសហគមន៍សកលលោកនេះ ជាមួយគ្នាដោយសន្តិភាព ។ ដោយផ្អែកលើគុណតម្លៃនេះ ប្រទេសចិនតែងតែគាំទ្រ និងលើកកម្ពស់យន្តការពហុភាគីនិយម នៅក្នុងទំនាក់ទំនងអន្តរជាតិ ព្រមទាំងប្រឆាំងគោលនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដ៏ទៃ និងបង្ខិតបង្ខំប្រទេសដទៃឲ្យធ្វើដូចខ្លួន។ គោលនយោបាយសន្តិសហវិជ្ជមាននិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដែលប្រទេសចិន តែងតែប្រកាន់ខ្ជាប់និងអនុវត្តជារៀងរហូត មក គឺជាអត្តសញ្ញាណដ៏លេចធ្លោមួយ របស់ប្រទេសចិន ដែលត្រូវគេស្គាល់យ៉ាងច្បាស់នៅទូទាំងពិភពលោក។

ក្រៅពីសុខដុម ប្រជាជនចិននិងថ្នាក់ដឹកនាំចិន ផ្ដល់តម្លៃខ្ពស់ចំពោះ គុណធម៌ យុត្តិធម៌ ភាពស្លូតបូតរម្យទម និងភាពត្រឹមត្រូវ ហើយគុណតម្លៃទាំងនេះ ក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃគោលនយោបាយការបរទេស របស់ប្រទេសចិនផងដែរ។ នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសចិន ជំរុញគាំទ្រយ៉ាងសកម្ម ឲ្យមានការជួយគ្នាទៅវិញទៅមក ដោយមិនទាមទារការតបស្នង ចំពោះការផ្ដល់ជំនួយ ឲ្យមានការគោរពគ្នាទៅវិញទៅមកនិងកិច្ចពិគ្រោះពិភាក្សាជាមួយគ្នាទៅវិញ ទៅមកដោយស្មើភាពនៅក្នុង ចំណោមប្រទេសទាំងអស់ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ នៅក្នុងទំនាក់ទំនងអន្តរជាតិ ។ ប្រទេសចិន យល់ឃើញថា ប្រទេសធំនិងប្រទេសតូចមានសិទ្ធិស្មើគ្នា គួរគោរពគ្នាទៅវិញទៅមក ហើយប្រទេសមហាអំណាច ចាំបាច់ត្រូវស្វែងរកសេចក្ដីគោរពស្រឡាញ់ទុកចិត្តពីប្រទេសទន់ខ្សោយ តាមរយៈការធ្វើជាគំរូល្អ សម្រាប់ប្រទេសទន់ខ្សោយ ដោយគោរពច្បាប់ទម្លាប់ និងបទដ្ឋានអន្តរជាតិនានា មិនបង្កបញ្ហាដល់ប្រទេសទន់ខ្សោយ និងមិនគួរប៉ុនប៉ងធ្វើជាចៅហ្វាយនាយ ដែលបង្គាប់បញ្ជាប្រទេសទន់ខ្សោយ ឲ្យធ្វើតាមមហិច្ឆតារបស់ខ្លួន។

ប្រទេសចិន បានប្រកាន់យ៉ាងខ្ជាប់ខ្ចួននូវគោលការណ៍ ការទូតដែលប្រឆាំងនឹងអនុត្តរភាព ព្រមទាំងអនុវត្តគោលនយោបាយការបរទេសបែបមិត្តភាព ជាមួយប្រទេសនានា នៅទូទាំងពិភពលោក និងជាពិសេសជាមួយប្រទេសជិតខាងទាំងអស់ ។ ប្រទេសចិនប្រកាន់យកគោលការណ៍មិនរំលោភបំពានអ្នកដទៃ ដោះស្រាយជម្លោះនានាដោយសន្តិវិធី ដោយផ្តោតជាចម្បងលើផលប្រយោជន៍រួម កិច្ចសហប្រតិបត្តិការ និងឯកភាពសកលលោក។ ជារៀងដរាបមក ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ នូវគោលជំហរមិនជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដោយប្រទេសចិនយល់ឃើញថា ការជ្រៀតជ្រែកនិងពង្រីកបញ្ហាតាមរយៈការគាំទ្រក្រុមមួយឲ្យវាយប្រហារក្រុមមួយទៀត នៅពេលប្រទេសមួយ កំពុងជួបប្រទះបញ្ហាផ្ទៃក្នុងផ្ទាល់ខ្លួន គឺជារឿងអសីលធម៌បំផុត។

និយាយជារួម គោលនយោបាយការបរទេសរបស់ប្រទេសចិន គឺជាគោលនយោបាយការបរទេស បែបសន្តិភាពនិយម ដែលផ្អែកលើគុណធម៌ យុត្តិធម៌ និងសីលធម៌ ដែលមានប្រភពមកពីគុណតម្លៃ វប្បធម៌ដ៏ល្អរបស់ជនជាតិចិន ៕

អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

To Top