ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេចរណ៍ សៀមរាប-អង្គរ (គ.អ.ទ.ស) បានជឿជាក់ថា ការដាក់ចេញយន្តការអនុវត្តរបស់ គ.អ.ទ.ស នឹងជំរុញដល់ការអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥» ឲ្យបានសម្រេចជោគជ័យ និងប្រសិទ្ធភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.អ.ទ.ស ស្ដីពីពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្ដការអនុវត្តចំណុះឲ្យ គ.អ.ទ.ស អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នាថ្ងៃទី១ សីហា លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងការជឿជាក់ថា «ការដាក់ចេញយន្តការអនុវត្តរបស់គណៈកម្មការនេះនឹងជំរុញការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ឲ្យបានសម្រេចជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយតម្រូវឲ្យមានការចូលរួម ប្រកបដោយស្មារតីម្ចាស់ការ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីក្រសួង-ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធ»។
នាឱកាសពិធីប្រកាសផ្សព្វផ្សាយនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈប្រតិបត្តិ នៃគ.អ.ទ.ស ក៏បានគូសបញ្ជាក់ពីទិសដៅរយះពេលខ្លីចំពោះមុខ ដោយត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ ពង្រឹងគុណភាពសេវាឲ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ច ជាមួយតម្លៃសមរម្យ មកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការ «ទស្សនាកម្ពុជា ឆ្នាំ២០២៣» (Visit Cambodia Year 2023)៕