ភ្នំពេញ ៖ ដោយសារនៅតែមានភាព ចម្រូងចម្រាស់ នៃការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ លើមាត្រាចំនួន៨ នៅមិនទាន់បញ្ចប់ ទោះបីសេចក្តីព្រាងនេះ បានធ្លាក់មកដល់ដៃព្រឹទ្ធសភា ហើយក៏ដោយ ដើម្បីឲ្យអស់មន្ទិលសង្ស័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម ពីលើការបកស្រាយ របស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា មានចំណុច២ចំណុចសំខាន់ នៃការវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
គួរឲ្យកត់សំគាល់ឃើញថា នេះជាលើកដំបូងហើយ សម្រាប់សម្តេចនាយករដ្ឋមន្រ្តី ក្នុងការបកស្រាយបំភ្លឺ បន្ថែមអំពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូល របស់ជាតិនេះ បន្ទាប់ពីមានបក្សនយោបាយ ចំនួន៤ក្រៅរដ្ឋាភិបាល បានដាក់ញត្តិទៅរដ្ឋសភា ស្នើកុំឲ្យអនុម័ត ប៉ុន្តែការស្នើរបស់ពួកគេ មិនបានជោគជ័យ ដោយសាររដ្ឋសភា បានអនុម័តរដ្ឋកាលពីសប្តាហ៍មុន ខណៈនៅព្រឹកថ្ងៃ៥ សីហា នេះ ព្រឹទ្ធសភាក៏បានប្រជុំ អនុម័តយល់ព្រមផងដែរ ។
អ្វីកាន់តែចាប់អារម្មណ៍ ចំពោះការបកស្រាយ លើការធ្វើវិសោធនកម្មនេះ គឺសម្តេចបានកោតសរសើរ លោក កើត រិទ្ធ ដែលជាអ្នកផ្តួចផ្តើម កែរដ្ឋធម្មនុញ្ញថា មានការពន្យល់ក្បោះក្បាយបានល្អ ។ តែសម្តេចថា ទោះបីមានការបកស្រាយ និងការពន្យល់យ៉ាងណា ក៏មនុស្សមួយចំនួន ដែលចាំតែចាប់កំហុសនោះ តែមិនយល់ស្រប និងជំទាស់រហូត ទើបសម្តេចត្រូវបង្ខំចិត្ត បកស្រាយនៅព្រឹកថ្ងៃ៥ សីហានេះតែម្តង ។
ក្នុងពិធីអញ្ជើញ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃ៥ សីហា សម្តេចតេជោ បានលើកឡើង នៃការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញថា អាចនាំឲ្យមានគ្រោះថ្នាក់បើមិនគិតគូ ពីបច្ចុប្បន្នត្រង់ពាក្យថា «នៅពេលតំណែងនាយករដ្ឋមន្ត្រី នៅទំនេរជា ស្ថាពរគណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ ។ ចំណុចត្រង់នេះ បូកជាមួយរដ្ឋាភិបាលត្រូវទំលាក់គ្មានការ ចែងនៅកន្លែងណាមួយទាល់តែសោះថា នាយករដ្ឋមន្ត្រីស្លាប់ភ្លាម រដ្ឋាភិបាលរលាយតែម្តង តើយើងគួរដាក់បម្រុងទុកឬទេ?»។
ស្ថានភាពចំនួន២ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងនោះគឺថា “១.ស្ថានភាពនាយករដ្ឋមន្ត្រីស្លាប់តែម្តង ។ ចំពោះការចែងថា នាយករដ្ឋមន្រ្តីទំនេរ ជាស្ថាពរ គឺជាមានគ្រោះថ្នាក់ខ្លាំងណាស់ ក្នុងរដ្ឋធម្មនុញ្ញ ដែលមិនទាន់បានបំពេញបន្ថែម អាចបង្កើតឡើងឲ្យមានភាពច្របូកច្របល់ គ្មានរដ្ឋាភិបាល។ ពីព្រោះថា បើគ្រាន់តែនិយាយតំណែង នាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយនឹងត្រូវរៀបចំឡើងវិញ ។ សួរថា តើអ្នកណាទទួលបន្ទុករៀបចំ? អត់ទេ អីចឹងនៅត្រង់ចំណុចហ្នឹងចែងថា ប្រសិនបើនាយករដ្ឋមន្ត្រីស្លាប់ ឧបនាយករដ្ឋមន្ត្រី ដែលបានទទួលការតែងតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រីស្តីទី ត្រូវទទួលខុសត្រូវ ដឹកនាំការងារប្រចាំថ្ងៃ មុនពេលរាជរដ្ឋាភិបាល ថ្មីមកចូលកាន់តំណែង ។ ២. ចំពោះតំណែងនាយករដ្ឋមន្ត្រី នៅទំនេរជាស្ថាពរ ករណីនាយករដ្ឋមន្ត្រី លាលែងពីដំណែង ។ នាយករដ្ឋមន្ត្រី លាលែងពីតំណែង អត់មានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ” ។
សម្តេចបញ្ជាក់ថា មានអ្នកលើកឡើងថា នាយករដ្ឋមន្ត្រីលាលែងពីតំណែង ដាក់ទៅព្រះមហាក្សត្រ និងប្រធានរដ្ឋសភា ដែលចង់អនុវត្តសភានិយម តែសម្តេចថា ការស្នើព្រះមហាក្សត្រ ដែលជាប្រមុខរដ្ឋ មិនបានធ្វើឲ្យរដ្ឋសភា បាត់បង់អ្វីនោះទេ ៕