ភ្នំពេញ ៖ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនចេះឈប់ឈរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានឈានដល់ដំណាក់កាល ប្រកាសអាសន្នហើយ។
នេះជាប្រសាសន៍ របស់សម្តេចនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្នុងឱាសអញ្ជើញប្រជុំបូក សរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ ។
សម្ដេចមានប្រសាសន៍ថា «ដល់ពេលយើងប្រកាសអាសន្នហើយ ចំនួនកើនលើសច្រើនពេក ២២០នាក់ អ្នកស្លាប់ របួសជាង១ពាន់នាក់ វាច្រើនណាស់។ យើងលើកថា កត្តាកំណើនយានយន្ដ កត្តាហេដ្ឋារចនាសម្ព័ន្ធ ។ វាការពិតហើយបើមិនមានសុខសន្ដិភាព មានលុយណាពីទៅទិញឡាន»។
ជាមួយគ្នានេះដែរ សម្តេចបានសន្និដ្ឋានថា នៅឆ្នាំ២០២០គ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើនឡើង បើសិនភាគីពាក់ព័ន្ធមិនដាក់ចេញ វិធានការដោះស្រាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពទេ ខណៈឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សច្រើនគួរឲ្យកត់សំគាល់ ដូច្នេះភាគីពាក់ព័ន្ធត្រូវមានវិធានការ ឲ្យទាន់ពេលវេលា។ ចំណែក ឆ្នាំ២០២០នេះ គឺជាឆ្នាំរឹតបន្ដឹងច្បាប់ ចរាចរណ៍ឲ្យកាន់តែខ្លាំងថែមទៀត ។
សម្ដេចបន្ដថា «ខ្ញុំសូមថា ឆ្នាំ២០២០នេះ គឺជាឆ្នាំរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ជាសំខាន់ ហើយការអប់រំយើងនៅតែយកចិត្តទុកដាក់អប់រំ។ ក៏ប៉ុន្ដែយកការអនុវត្តច្បាប់ជាសំខាន់»។
សម្ដេចបន្ដថា បញ្ហាទាំងនេះទាមទារឲ្យទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តរួមគ្នា ដោះស្រាយរាល់បញ្ហា ប្រឈមនានា ដែលបាននិងកំពុងកើតឡើង សំដៅកាត់បន្ថយទាំង ចំនួនហេតុការណ៍គ្រោះថ្នាក់ និងចំនួនជនរងគ្រោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋមន្ដ្រីមហាផ្ទៃ បានដាក់ចេញវិធានការមួយចំនួនដូចជា ៖ ត្រូវពង្រឹងយន្តការ នៅថ្នាក់រាជធានី-ខេត្ត , ត្រូវបង្កើនសកម្មភាព ផ្សព្វផ្សាយអប់រំ ឲ្យបានទូលំទូលាយ , ត្រូវពង្រឹងវិធានការរឹតបន្ដឹងច្បាប់ , ត្រូវពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ , ត្រូវជំរុញការងារប្រឡងប្រណាំងតំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ , បន្តលើកកម្ពស់សមត្ថភាព និងគុណភាព របស់កងកម្លាំងអនុវត្តច្បាប់ , ត្រូវជំរុញការសិក្សា ស្រាវជ្រាវក្នុងប្រទេស ដើម្បីទទួលបទពិសោធន៍ល្អៗ នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
បើតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ។ គិតជាមធ្យមភាគក្នុង១ថ្ងៃមានមនុស្សស្លាប់ ៥.៤នាក់។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានយានយន្ត៥.៣៣៨.៣៩៤គ្រឿង ក្នុងនោះ ម៉ូតូ ៤.៥៥៥. ២២ ១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧៨៣.១៧៣គ្រឿង បានធ្វើឲ្យសកម្មភាព ចរាចរណ៍នៅទូទាំងប្រទេស កាន់តែមានភាពមមាញឹក និងចង្អៀត។ ស្ថានភាពបែបនេះ បានបង្កើតឲ្យមានបញ្ហាប្រឈម មួយចំនួន ដូចជា ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍កើនឡើង ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ឆ្លើយតបតាមតម្រូវការ ដូចជា កង្វះចំណតយានយន្ត កង្វះការគ្រប់គ្រងចំណីផ្លូវ និងកង្វះការបំពាក់បរិក្ខា សុវត្ថិភាពផ្លូវជាដើម ៕ ដោយ ៖ អេង ប៊ូឆេង