ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២នេះ បានបង្គាប់ឱ្យឃុំខ្លួន មន្រ្តីរាជការបម្រើការ នៅក្រសួងមហាផ្ទៃម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធស៊ីដាច់ប្រាក់ អ្នកដទៃ ចំនួន៣ម៉ឺនដុល្លារអាមេរិក តាមរូបភាព យកលុយរបស់ជនរងគ្រោះ ច្រើននាក់ ដើម្បី យកទៅ រត់ ការចូល ក្របខណ្ឌ នគរបាលជាតិ តែធ្វើ ការងារមិនបានសម្រេច និង បានស៊ីដាច់ លុយ របស់ជនរងគ្រោះប្រព្រឹត្តកាលពីឆ្នាំ ២០២១។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា: ជនត្រូវចោទរូបនេះ មានឈ្មោះ ចាន់ សំ មុនី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជាមន្ត្រីរាជការបម្រើការងារ នៅ ក្រសួងមួយស្នាក់ នៅផ្ទះលេខ៣៨Eo ផ្លូវលេខ១៥៨ សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ។
ជនត្រូវចោទត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: ឆបោក និង សមគំនិត ក្នុង អំពើ មិនបំពេញ កាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរ បាន និង ត្រូវបាន ចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២២៕
ដោយ: លីហ្សា