ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសចាត់វិធានការផ្លូវច្បាប់ លើករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល។
ការប្រកាសប្តេជ្ញារបស់លោកអភិបាលខេត្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នារសៀលថ្ងៃ២៤ សីហា ។
តាមរយៈកិច្ចប្រជុំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង នឹងត្រូវចាប់ខ្លួនជនល្មើសយកមក ផ្តន្ទាទោសតាមច្បាប់ឲ្យ បានធ្ងន់ធ្ងរជាដាច់ខាត។
ចំពោះទីតាំងជនល្មើស ប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឲ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។
សូមជម្រាបជូនថា ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឲ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឲ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោស តាមច្បាប់ខាងតែបាន ៕