ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ដាក់ម៉ាស៊ីនស្កែន តាមព្រលានយន្តហោះ និងច្រកព្រំដែន ដើម្បីបង្ការជំងឺរលាកសួត

ភ្នំពេញ ៖ ក្រោយពី ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា រីករាលដាលតាមប្រទេសមួយចំនួន ក្រសួងសុខាភិបាល បានរៀប ចំដាក់ម៉ាស៊ីស្គេនកម្ដៅ តាមព្រលានយន្ដហោះទាំង៣ និងច្រកព្រំដែន ដើម្បីពិនិត្យជំងឺរលាកសួត ព្រមទាំងទប់ស្កាត់កុំឲ្យឆ្លងមកកម្ពុជា ខណៈកម្ពុជា មិនទាន់កើតមានជំងឺនេះឡើយ ។ នេះបើតាមការបញ្ជាក់ របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ។

សូមរំលឹកថា បច្ចុប្បន្ននេះ ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា កើតមានឡើង នៅប្រទេសចិន ក្នុងទីក្រុងវូហាន ចំនួន៥៧១ករណី ស្លាប់១៧ករណី ធ្ងន់ធ្ងរ៩៥ករណី។ចំណែក ថៃ៤ករណី ជប៉ុន១ករណី កូរ៉េ១ករណី និងអាមេរិក១ករណី។ ករណីទាំងនេះ ពួកគាត់ធ្លាប់ឆ្លងកាត់ប្រទេសចិន ទើបមានជំងឺនេះឡើង។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មីៗ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា មានស្ទុះលឿនបន្ដិច ហើយអង្គការសុខភាពពិភពលោក បានលើកឡើងថា ជំងឺរលាកសួត មិនដល់កម្រិតប្រកាសអាសន្នទេ។ទន្ទឹមនឹងនោះ ភាគីពាក់ព័ន្ធ កំពុងតែសិក្សាបន្ថែមទៀត ដើម្បីកាត់បន្ថយការចម្លង នៃ ជំងឺនេះ ខណៈកម្ពុជាបានធ្វើការងារជាប់រហូតជាមួយ អង្គការសុខភាពពិភពលោក។

លោកស្រី មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា មកទល់ពេលនេះ នៅព្រះរាជណាចក្រកម្ពុជា របស់យើងនេះ អត់ទាន់មានករណី រលាកសួតដោយប្រភេទ វីរុសកូរ៉ូណា ហ្នឹងនៅឡើយទេ»។

លោកបន្ដស្រី ក្រសួងសុខាភិបាល បានណែនាំមន្ទីរសុខាភិបាល ទាំង២៥រាជធានី-ខេត្ត ត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ ជុំវិញបញ្ហា ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ដើម្បីពង្រឹងនិតិវិធីត្រួតពិនិត្យ ជាពិសេស មន្ទីរខេត្តនៅជាប់ព្រំដែន ត្រូវពង្រឹងគ្រប់វិនាទី កុំឲ្យ ជំងឺនេះឆ្លងមកកម្ពុជាបាន ។ ហើយក្រសួង ក៏បានដាក់ម៉ាស៊ីនស្គេនកម្ដៅ នៅតាមច្រកព្រំដែនមួយចំនួន ដូចជា ប៉ោយប៉ែត បន្ទាយមានជ័យ ស្វាយរៀង និងកំពត។

លោកស្រី បន្ថែមថា «ដោយជំងឺរលាកសួតកើតឡើងនៅបរទេស សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្រេចចិត្តតែម្ដង ដាក់ម៉ាស៊ីនស្គេនកម្ដៅនឹង នៅច្រកអាកាសយាន្ដដ្ឋានអន្ដរជាតិទាំង៣ ភ្នំពេញ សៀមរាប និងព្រះសីហនុ។ទន្ទឹមនឹងដាក់ម៉ាស៊ីនស្គេនទាំង៣ យើងក៏បានរៀបចំក្រុមការងារប្រចាំការនៅទីនោះដែរ ដើម្បីតាមដានស្ថានភាពអ្នកដំណើរ ដែលគាត់ហោះហើរចុះមកនឹង ជាពិសេស ជើងហោះហើរ ដែលមកពីទីក្រុងវូហាន»។

ជាងនេះទៅទៀត រដ្ឋលេខាធិការ លើកឡើងថា ក្រុមជំនាញសុខាភិបាល ជាង២ពាន់នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេច ក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ ព្រមទាំងត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ ក្រសួងក៏បានផ្សព្វផ្សាយជូនដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥ រាជធានី-ខេត្ត ត្រៀមលក្ខណៈជាស្រេច ក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ប្រសិនបើមានករណីសង្ស័យ។

ឆ្លៀតឱកាសនោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានអំពាវនាវដល់ក្រុមគ្រូពេទ្យ ត្រូវបន្ដគោពក្រមសីលធម៌ ព្រមទាំងញញឹមដាក់អ្នកជំងឺ និងប្រើសម្ដីពិរោះដើម្បី ឲ្យអ្នកជំងឺមានកម្លាំងចិត្ត ៕
ដោយ ៖ អេង ប៊ូឆេង

To Top