ព័ត៌មានអន្តរជាតិ

Update: ចិន ផ្ទុះកំហឹងជុំវិញកិច្ចព្រមព្រៀង លក់អាវុធតម្លៃជាង ១ពាន់លានដុល្លារ ដែលអាមេរិក លក់ឱ្យកោះតៃវ៉ាន់

បរទេស៖ បេសកជនរបស់ប្រទេសចិន ប្រចាំនៅសហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះសំណើលក់សព្វាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃជាង ១ពាន់លានដុល្លារ ដោយនិយាយថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង របស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន និងបញ្ជូន “សញ្ញាខុស” ទៅកាន់ “កងកម្លាំងបំបែកខ្លួន” នៅលើកោះនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក លោក Liu Pengyu បានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយ ដោយថ្កោលទោស ការផ្ទេរសព្វាវុធថ្មី បន្ទាប់ពីពួកគេត្រូវបានអនុម័តកាលពីថ្ងៃសុក្រ ដោយកត់សម្គាល់ថា ទីក្រុងប៉េកាំង “ប្រឆាំងដាច់ខាត” ចំពោះការលក់បែបនេះ។

លោក Liu បាននិយាយថា “ចិនជំរុញឱ្យភាគីអាមេរិក គោរពការប្តេជ្ញាចិត្តរបស់ខ្លួន គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ចិនតែមួយ បញ្ឈប់ការលក់សព្វាវុធ និងអន្តរកម្មយោធាជាមួយកោះតៃវ៉ាន់ ហើយលុបចោល ជាបន្ទាន់នូវការលក់អាវុធ ដែលពាក់ព័ន្ធទៅឱ្យកោះតៃវ៉ាន់ ក្រែងវាធ្វើឱ្យខូចខាត ដល់ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ។

លោក Liu បាននិយាយដោយបន្ថែមថា ការលក់នេះនឹង «[ជ្រៀតជ្រែក] ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និង [បំផ្លាញ] អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន»៕

ប្រែសម្រួលៈ ណៃ តុលា

To Top