ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យអ៊ុយក្រែន និងរុស្សី ចូលតុចរចាវិញ ដោយមិនចាំបាច់មានលក្ខខណ្ឌ ជាមុនឡើយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចំពោះបញ្ហានៅអ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រឡប់ចូលមកអង្គុយតុចរចា ដោយមិនចាំបាច់មានការរៀបចំ លក្ខខណ្ឌជាមុននោះទេ។

លោកបន្តថាអ្វីដែលចិនសំណូមពរ គឺមានភាពត្រង់ៗនិងច្បាស់លាស់ និងក៏ជាជំហដែលស្ថិតនៅអព្យាក្រិត មិនលំអៀងទៅខាងណានោះដែរចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន ហើយបានបញ្ជាក់ទៀតដែរថា អធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋនីមួយៗ គួរតែត្រូវបានគោរព ហើយបញ្ហាសន្តិសុខរបស់ភាគីទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំង។

លោក Wang បានរៀបរាប់ទៀតថា៖វិធីសាស្ត្រតែមួយគត់ ដើម្បីអាចដោះស្រាយបញ្ហាជម្លោះ រវាងគ្នាបានគឺត្រូវធ្វើឡើងតាមរយៈការសន្ទនាគ្នា និងការចរចាគ្នាហើយកិច្ចការងារដំបូង ដែលភាគីទាំងពីរគួរតែត្រូវធ្វើឡើងនោះ គឺការចរចាដោយមិនចាំបាច់ដាក់លក្ខខណ្ឌ ជាមុននោះឡើយ។

លោករដ្ឋមន្ត្រីក៏បានលើកសរសើរ ទៅកាន់ក្រុមការងាររបស់ទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA ផងដែរចំពោះកិច្ចការងារនិងបេសកកម្មគ្រប់គ្រងស្ថានការណ៍ នៅរោងចក្រនុយក្លេអ៊ែរ Zaporozhye ពីព្រោះថាយើងមិនអាចទុកឲ្យមានបញ្ហាណាមួយកើតឡើង ចេញពីទីនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top