ព័ត៌មានជាតិ

បារីអេឡិចត្រូនិក បន្ដផ្សព្វផ្សាយ តាមបណ្តាញសង្គម ក្រោយយកផលិតផលយុវជន និង កុមារស្គាល់ ដាក់លើបារី

ភ្នំពេញ ៖ សម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និងអង្គការចនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបាន រាជរដ្ឋាភិបាល ហាមឃាត់មិនឲ្យប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការ ផ្សព្វផ្សាយលក់ផលិតផល ទាំងនេះ តាមបណ្តាញព័ត៌មានសង្គម។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរួមរបស់សម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និង CMH បានបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះ អ្នកផលិតបារី អេឡិចត្រូនិក បានផលិតទឹកសូលុយស្យុងរសជាតិ ដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួន ដែលយុវជន និងកុមារ បានស្គាល់ស្រាប់ ដូចជា ៖ ភេសជ្ជៈកូកាកូឡា (Coca Cola) ប៉ិបស៊ី (Pepsi) ហ្វាន់តា (Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Duoblemint) និងស្ករផ្លេ (Play) ជាដើម ។

ទាំងនេះបានបញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់ថា គោលដៅ នៃផលិតផលបារីអេឡិចត្រូនិកនេះ គឺទាក់ទាញអ្នកជក់ថ្មី ដែលជាយុវជន និងកុមារ ស្របពេលដែលមនុស្ស កំពុងមានទំនោរបោះបង់ ទម្លាប់ប្រើប្រាស់បារីធម្មតា លើសពីនេះ បារីអេឡិចត្រូនិក ជាផលិតផលដ៏មានគ្រោះថ្នាក់។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឲ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារនិងយុវជន។ នីកូទីននេះ ក៏បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់ការលូតលាស់ខួរក្បាលរបស់កុមារ ។

ចំពោះយុវជន នីកូទីន ធ្វើឲ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍នាំឲ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។ ចំណែក សារធាតុផ្សេងទៀត ដូចជាប្រូពីលែន គ្លីសេរីនគ្លីកូល វធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតនិងបេះដូង។ ប៉ុន្តែ វាត្រូវបានផ្សព្វផ្សាយបំភាន់ដោយអ្នកចែកចាយ និងអ្នកផលិតថាជាផលិតផល ជួយដល់ការផ្ដាច់បារី ។ ជាក់ស្ដែងវាពុំដូចអ្វី ដែលពួកគេបានលើកឡើងឡើយ។ អ្នកប្រើប្រាស់បារីអេឡិចត្រូនិក នឹងមានទំនោរប្រើប្រាស់បារីច្រើន ជាងមុនទ្វេដង ។

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផល ដែលត្រូវបានហាមឃាត់ការចែកចាយ ធ្វើអាជីវកម្ម និងប្រើប្រាស់នៅកម្ពុជា ។នេះយោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅកម្ពុជា ចុះឆ្នាំ២០១៤ ។

យោងតាមការសិក្សា ប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែ សីហា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត បណ្ដាលមកពីការប្រើប្រាស់ បារីអេឡិចត្រូនិក៕

To Top