ព័ត៌មានអន្តរជាតិ

ជប៉ុន និងចិន ប្រារព្ធខួប៥០ ឆ្នាំ ចាប់តាំងពី មានប្រក្រតីភាព លើទំនាក់ទំនង ទ្វេភាគី មានភាពតានតឹង កំពុងកើតឡើងជាថ្មី

តូក្យូ៖ មេដឹកនាំជប៉ុន និងចិនបានផ្លាស់ប្តូរសារ ដើម្បីប្រារព្ធខួបលើកទី៥០ នៃការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងការទូត នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងអារម្មណ៍តិចតួច សម្រាប់ការប្រារព្ធពិធីដ៏ធំ ខណៈដែលភាពតានតឹង នៅតែមានលើ ជម្លោះទឹកដី និងការបែកបាក់កាន់ តែស៊ីជម្រៅរវាងទីក្រុងប៉េកាំង និងប្រទេសលោកខាងលិច ជុំវិញបញ្ហាកោះតៃវ៉ាន់ ។

សាររបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានអាននៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងនៅពេលរសៀលដោយសហព័ន្ធធុរកិច្ចជប៉ុន ដែលជាកន្លែងទទួលភ្ញៀវអាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ដែលគេស្គាល់ថា Keidanren ។

លោក Kishida បានពិភាក្សាជាមួយលោក ស៊ី តាមទូរស័ព្ទប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានក្លាយជានាយករដ្ឋមន្ត្រី ក្នុងខែតុលា ឆ្នាំ២០២១ ប៉ុន្តែមេដឹកនាំជប៉ុន និងចិន មិនបានបើកកិច្ចប្រជុំកំពូល ជាផ្លូវការអស់រយៈពេលប្រហែល ៣ឆ្នាំ ដោយសារការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសចិន។

លោក Kishida បានលើកឡើងថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្តិសុខ ដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក មានបំណងចង់មានទំនាក់ទំនង “ស្ថាបនា និងស្ថិរភាព” ជាមួយប្រទេសចិន ដើម្បី “សន្តិភាព និង វិបុលភាពនៃតំបន់ និងពិភពលោក” ទោះបីជាប្រទេសទាំងពីរកំពុង ប្រឈមមុខនឹងបញ្ហាជា ច្រើនក៏ដោយ។

លោក ស៊ី ជីនពីង បានលើកឡើងថា ទីក្រុងប៉េកាំង នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ ក្នុងគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃ “សករាជថ្មី” ខណៈពេលដែលការសង្កត់ធ្ងន់របស់ប្រទេសចិន “យ៉ាងខ្លាំង” លើការអភិវឌ្ឍន៍ទំនាក់ទំនងចិន-ជប៉ុន។

ប្រទេសជប៉ុន និងចិន បានផ្លាស់ប្តូរសារស្រដៀងគ្នា ក្នុងឆ្នាំ២០១៧ ដើម្បីអបអរសាទរខួបលើកទី៤៥ ដោយភាគីទាំងពីរ មិនបានធ្វើដូច្នេះទេក្នុងឆ្នាំ២០១២ ក្នុងឱកាសគម្រប់ខួប ៤០ឆ្នាំ ដោយសារតែការផ្ទុះឡើងនៅក្នុងជម្លោះទឹកដី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top