ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវដោះស្រាយបញ្ហាប្រឈម ដែលកើតឡើង ដោយមិនត្រូវបណ្តែតបណ្តោយ ឲ្យបញ្ហាប្រឈមទាំងអស់ជះផល ប៉ះពាល់ដល់ការ អនុវត្តគម្រោងឡេីយ។
ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញឲ្យការអនុវត្តគម្រោងធ្វើឲ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ នាថ្ងៃទី៦ តុលា លោក ស៊ុន ចាន់ថុល បានថ្លែងថា “ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើង ដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែត បណ្តោយឲ្យបញ្ហាប្រឈមទាំងអស់ ជះផលប៉ះពាល់ ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការ ប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅ តាមបណ្តោយផ្លូវនេះ”។
ជាមួយគ្នានេះ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុង នាមប្រធានគណៈប្រតិភូ រួមជាមួយតំណាង មូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) និងក្រុមហ៊ុនម៉ៅការសាងសង់ បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការ សហការឲ្យបាន ជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និងជំរុញឲ្យការអនុវត្តគម្រោង សម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សាងសង់ដែលបានកំណត់ នៅក្នុងសៀវភៅបន្ទុកការងារ ។
ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈម ដែលបានកើតឡើង មកជជែកពិភាក្សា ស្វែងរកដំណោះស្រាយរួមគ្នា ក៏ដូចជាការស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការសាងសង់ និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញ ឲ្យការអនុវត្តគម្រោងធ្វើឲ្យប្រសើឡើងវិញ ផ្លូវជាតិលេខ២ និងលេខ២២ អាចសម្រេចបាននូវលទ្ធផលល្អ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
គួររម្លឹកដែរថា គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ ប្រើប្រាស់ថវិកា ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ៕