ផ្លូវច្បាប់ដើរតួនាទីយ៉ាងសំខាន់មួយក្នុងការជួយពង្រឹងជំហររបស់អាជិវកម្ម ពិសេសជួយដល់សហគ្រិនថ្មីថ្មោងតាំងពីដំណាក់ការចាប់ផ្តើមអាជីវកម្មដំបូងៗ និងក្នុងពេលដែលអាជីវកម្មវិវត្ត និងប្រតិបត្តិការទៅមុខ។ មើលឃើញពីភាពសំខាន់នៃផ្នែកនេះហើយ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបង្កើនយន្តការនានាដើម្បីសម្រួលជួយសហគ្រិន តាមរយៈការបង្កើតថ្នាលចុះបញ្ជីឌីជីថល ការលើកលែងពន្ធលើវិស័យអាទិភាពខ្លះ ការបង្កើតស្ថាប័នគាំពារសហគ្រិនថ្មី ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់ជាដើម។ សប្តាហ៍នេះ ក្រុមការងារយើងបានជួបសម្ភាសន៍ផ្ទាល់ជាមួយសហគ្រិនខ្មែរយើងជុំវិញរឿងរ៉ាវផ្នែកច្បាប់នេះ។
លោក ង៉ែត សុផាត សហស្ថាបនិក និងជានាយកប្រតិបត្តិនៃeCOបានបញ្ជាក់ថាសហគ្រិនថ្មីថ្មោងពិតជាត្រូវការជាពិសេសនូវសេវាកម្មផ្នែកច្បាប់ដើម្បីជួយដល់startup របស់ខ្លួន។ លោក រំលឹកថា លោកបានប្រើសេវាកម្មប្រឹក្សាយោបល់ផ្លូវច្បាប់ និងសេវាចុះបញ្ជីក្រុមហ៊ុនពេលលោកចុះបញ្ជីstartupរបស់លោកកាលពីដើមឆ្នាំ២០២១។ ការមានសេវាកម្មបែបនេះ លោកថា លោកនិងក្រុមការងារមិនសូវឈឺក្បាលច្រើន ហើយសន្សំពេលច្រើនក្នុងការមកផ្តោតលើការបង្កើតផលិតផលដើម្បីចូលទីផ្សារវិញ។ លោកបន្ថែមថា បើគ្មានការផ្តល់សេវាកម្មច្បាប់បែបនេះទេ លោក និងក្រុមការងារអាចចំណាយពេលច្រើនខ្លួនឯងដើម្បីសិក្សាស្វែងយល់ និងដំណើរការនិតិវិធី។ “ទុកឲ្យអ្នកជំនាញផ្នែកនេះគេធ្វើទៅ ទោះវាអស់សេវាខ្លះក្តី តែយើងទុកចិត្តជាង។”
ក្រោយការចុះបញ្ជីរួច ក្រុមហ៊ុនត្រូវអនុវត្តកាតព្វកិច្ចទូទៅនានា ដូចជា ការប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ ការអនុឡោមកាតព្វកិច្ចច្បាប់ការងារ និងនិយ័តករនានា ដែលទាំងនេះ លោក ង៉ែត សុផាតថា សហគ្រិនត្រូវការជំនាញផ្នែកនេះផ្ទាល់ខ្លះ ឫត្រូវមានបុគ្គលិកទទួលខុសត្រូវផ្នែកនេះ។ “និយាយតាមត្រង់ បើយើងរៀនជំនាញនេះផ្ទាល់យើងចាយពេលច្រើន ហើយបើជួលបុគ្គលិក អាចចំណាយប្រាក់ខែច្រើនហើយមិនប្រាកដថា បុគ្គលិកអាចធ្វើបានអនុឡោម១០០%លើផ្នែកនេះទេ។ ដូច្នេះ លោកថា ចំពោះលោកបានរកក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកច្បាប់ឲ្យទទួលខុសត្រូវផ្នែកនេះ។ យើងអាចសន្សំពេល ហើយក៏អាចសន្សំការចំណាយមួយផ្នែកធំដែរ។ ណាមួយយើងប្រាកដថា យើងមានបញ្ជីស្នាមត្រឹមត្រូវ ហើយស្រមតាមច្បាប់ត្រឹមត្រូវ និងការពារប្រយោជន៍ក្រុមហ៊ុនយើងបានពេញលេញទៀត។ គិតមួយភ្លេត ថាយើងចំណាយច្រើន តែបើយើងរកសេវាត្រូវ យើងនឹងចំណាយសមរម្យ ហើយមានប្រសិទ្ធភាព ហើយក៏កាត់បន្ថយការឈឺក្បាលច្រើន។ សំខាន់យើងមានពេលផ្តោតរឿងផ្សេងពិសេសលើផ្នែកដែលអាចនាំចំណូលឲ្យជីវកម្ម។
សុផាត បន្ថែមថា អ្វីដែលលោកលើកឡើងខាងលើគ្រាន់តែជាចំណុចស្រាលៗដែលសហគ្រិនត្រូវដឹង និងត្រូវធ្វើប៉ុណ្ណោះ តែនូវមានចំណុចសំខាន់ៗមួយចំនួនទៀតដែលសហគ្រិនត្រូវឆ្លាតវ័យ និងត្រូវការជំនួយជាចាំបាច់ពីអ្នកជំនាញផ្លូវច្បាប់។
ជារឿងលំបាកខ្លាំងនៅពេលដែលយើងឈានដល់ការកំណត់កិច្ចព្រមព្រៀងម្ចាស់ហ៊ុន ការចូលភាគហ៊ុនបន្ថែម ការធ្វើកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគនានា ការចុះកិច្ចសន្យាការងារជាមួយបុគ្គលិក ការរក្សាការសម្ងាត់ និងការពារការប្រកួតប្រជែងជាដើម។ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាំងនោះ គឺស្មុគស្មាញនិងលំបាកខ្លាំងសម្រាប់យើង លោកបញ្ជាក់។ យើងត្រូវតែប្រយ័ត្នប្រយ៉ែងខ្លាំង ក្នុងពេលដែលយើងគ្មានជំនាញលើវាសោះ។ ដំបូងឡើងលោក និងសហស្ថាបនិកម្នាក់ទៀតស្មុគស្មាញណាស់រឿងនេះណាស់ តែក្រោយមកeCOរបស់លោកស្វែងរកអ្នកប្រឹក្សាផ្នែកច្បាប់លើចំណែកនេះ គេឲ្យបានឲ្យយោបល់ល្អៗ និងច្បាស់លាស់ច្រើន។ ជាក់ស្តែង ដើម្បីងាកចេញពីរឿងឈឺក្បាល និងក្តីបារម្មណ៍ផ្នែកនេះ eCOបានព្រមព្រៀងចុះអនុសារណៈជាមួយក្រុមហ៊ុនសេវាកម្មមេធាវី មួយដែលឈ្មោះថា ការិយាល័យមេធាវី សិទ្ធិស័ក្តិ ដែលជំនាញផ្នែកប្រឹក្សាយោបល់ផ្នែកច្បាប់ពាណិជ្ជកម្ម។ សុផាតថា យើងស្រួលច្រើន រាប់តាំងពីការជួយព្រៀងកិច្ចសន្យា កិច្ចព្រមព្រៀងនានា ការពិនិត្យផ្លូវច្បាប់លើឯកសារទាំងនោះ ក៏ដូចជាការឲ្យយោបល់ផ្លូវច្បាប់សំខាន់ៗ។
ភាពចាំបាច់មួយទៀត ដែលអាជីវកម្មត្រូវការផ្នែកច្បាប់សំខាន់ដែរនោះ គឺកិច្ចព្រមព្រៀងសេវាកម្ម និងលក្ខខណ្ឌប្រើប្រាស់សេវាកម្មរបស់ដៃគូអាជីវកម្មនានា និងអ្នកប្រើប្រាស់ ដែលគោលការណ៍ផ្នែកច្បាប់នានាក៏ត្រូវបានបង្កើតឡើងដែរ។ លោកថា ជាទូទៅសហគ្រិនលួចថតចំឡងពីនេះពីនោះតាមអ៊ីនធើណែតដែលពេលខ្លះ វាសឹងមិនត្រូវនឹងអាជីវកម្មរបស់ខ្លួនផង។ លោកថា ដើម្បីមានភាពច្បាស់លាស់ និងការពារយូរអង្វែង ស្ថាប័នលោកទាមទារការជ្រុមជ្រែងជាពិសេសពីស្ថាប័នជំនាញដូចជាការិយាល័យមេធាវីជាដើម។ ទាំងនេះ អាចជាការចំណាយធំមួយរបស់សហគ្រិន តែក្នុងផ្លូវវែងឆ្ងាយ សហគ្រិនប្រហែលត្រូវពិចារណាដែរ។ សុផាតថា បើសហគ្រិនមកទីនេះដើម្បីតេស្តគំនិតខ្លួនទេ ច្បាស់ណាស់ថាសហគ្រិនមិនគួរចំណាយច្រើនពេលដំបូងៗនេះទេ តែលោកថា ក្នុងករណីលោក លោកត្រូវការច្បាស់លាស់ដើម្បីភាពវែងឆ្ងាយនៃអាជីវកម្ម។ យើងត្រូវតែត្រៀមគ្រប់រឿងដែលអាចកើតឡើងបាន។
លើសពីនេះ ក្តីស្រម៉ៃមួយដែលសហគ្រិនភាគច្រើនមានគឺចង់ឲ្យក្រុមហ៊ុនខ្លួនអាចចូលទីផ្សារភាគហ៊ុន និងនាំឈ្មោះក្រុមហ៊ុនខ្លួនទៅកាន់ផ្សារបរទេស។ ចំណុចនេះ ការរួចរាល់ផ្នែកច្បាប់គឺចាំបាច់បំផុត។ ទឹកមុខមាំ បន្តិច សុផាតថា លោកក៏ដូចសហគ្រិននានាដែរ គឺចង់ឃើញeCOដែលជាប្រែនរបស់ខ្មែរអាចចេញទៅបរទេសដោយមោទនភាព និងជាប្រាកដ ដូច្នេះលោក និងក្រុមការងារត្រូវធ្វើការងារជាមួយផ្នែកច្បាប់ដើម្បីត្រៀមតាំងពីក្បាលដំបូងៗនេះទៅ។ កិច្ចការងារច្រើនណាស់ដែលត្រូវការផ្លូវច្បាប់ ហើយទាំងនោះសុទ្ធតែត្រូវការអ្នកជំនាញផ្នែកច្បាប់ដែលមានវិជ្ជីវៈខ្ពស់ជួយ។
មុនបញ្ចប់នៃបទសម្ភាសន៍ លោក ង៉ែត សុផាត សហស្ថាបនិករូបនេះ ជូនជាយោបល់ដល់សហគ្រិនថ្មីថ្មោងដូចលោកថា ផ្លូវច្បាប់ពិតជាសំខាន់ និងជាអទិភាពមួយក្នុងអទិភាពមួយចំនួនទៀតក្នុងការចាប់ផ្តើម វិវត្ត និងការបន្តនិរត្តរភាពអាជីវកម្មខ្លួន។ បើយើងជាសហគ្រិនមិនទាន់មានលទ្ធភាពដល់ក្នុងការអនុឡោមតាមច្បាប់ ឫរកអ្នកជំនាញជួយ ក៏ត្រូវតែឆ្លៀតពេលខ្លះយល់ដឹងពីពួកវា និងត្រៀមដឹងក្នុងចិត្តថាយើងត្រូវការវាពេលណាមួយមិនខាន។ លោកថា លោកច្បាស់ បើសហគ្រិនចូលមកទីផ្សារនេះដើម្បីតេស្តគំនិតទេ ចូរកុំទាន់ចំណាយលើរឿងនេះ ព្រោះថាសហគ្រិនកវែកកឆ្នាំងដូចយើង ក្រណាស់ តែបើយើងច្បាស់លាស់គំនិតអាជីវកម្មយើងហើយ ហើយយើងដាក់ជីវិតលើវាទៀត ផ្នែកច្បាប់គួរជាអាទិភាពមួយសម្រាប់យើងជាសហគ្រិនហើយ។ យើងមិនច្បាស់ខ្លួនឯង អាចរកគេជួយទៅ តែត្រូវឆ្លាតក្នុងការចេះថ្លឹងថ្លែង៕