ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ លើវាលខ្សាច់ដ៏ធំបំផុត នៅទូទាំងពិភពលោក ជាសាក្សីនៃផ្លូវ អភិវឌ្ឍថាមពលថ្មី ប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិន

នៅក្នុងស្រុក Dalat ទីក្រុង Ordos ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ស្ថានីយអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ លើវាលខ្សាច់ដ៏ធំបំផុត នៅទូទាំងពិភពលោកមានទីតាំងស្ថិតនៅលើ វាលខ្សាច់ Kubuqi ដែលជាវាលខ្សាច់ធំទី ៧ របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ថាមពលបៃតងបាននិងកំពុងជំនួសធ្យូងថ្ម ដែលប្រទេសចិន បានពឹងផ្អែកជាបន្តិចម្តងៗ ។ ថាមពលស្អាតត្រូវជា ៦០ ភាគរយ នៃកំណើនប្រើប្រាស់ថាមពល របស់ប្រទេសចិន ហើយជំហានអភិវឌ្ឍន៍ បែបបៃតង នឹងមិនបញ្ឈប់នោះទេ ។

បន្ទះសូឡាថាមពលពន្លឺព្រះអាទិត្យទាំងនេះ ប្រៀបដូចជាផ្កាឈូករ័ត្ន ដែលអាចស្វែងរកដានជើង របស់ពន្លឺព្រះអាទិត្យ ហើយផ្លាស់ទីជាមួយចលនានៃព្រះអាទិត្យ ។ រយៈពេលពន្លឺថ្ងៃ គិតជាមធ្យមក្នុងមួយឆ្នាំ នៅវាលខ្សាច់ Kubuqi បានលើសពី ៣០០០ ម៉ោង ដែលត្រូវជា ២ ដងនៃរយៈពេលពន្លឺថ្ងៃនៅទីក្រុងតាមឆ្នេរសមុទ្រប្រទេសចិន ហើយត្រូវជាជាង ៣ ដងនៃរយៈពេលពន្លឺថ្ងៃនៅតំបន់ភាគនិរតីនៃប្រទេសចិន ។ ខណៈពេលដែលពន្លឺព្រះអាទិត្យ ចែងតាំងលើបន្ទះសូឡា ថាមពលត្រូវបានស្រូបយកដោយបន្ទះសូឡា ហើយក៏បានបង្កើតជាថាមពលអគ្គិសនីក្នុងពេលដំណាលគ្នា ។ ថាមពលអគ្គិសនី ដែលត្រូវបានផលិតនៅទីនេះត្រូវបញ្ជូន ទៅដល់បណ្តាញជាតិ បញ្ជូនតង់ស្យុងអគ្គិសនីខ្ពស់ ហើយបាននិងកំពុងបំភ្លឺប្រទេសចិន ទាំងមូល ក្នុងនោះបូករួមទាំងរដ្ឋធានី ក្រុងប៉េកាំង ដែលមានចម្ងាយ ៦៥០ គីឡូម៉ែត្រ។

ស្ថានីយអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ Dalat ចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ។ នាពេលបច្ចុប្បន្ននេះ បន្ទះសូឡានៃប្រព័ន្ធ PV ជាង ៣ លានបន្ទះត្រូវបានដំឡើងរួចរាល់ នៅពេលអនាគត វានឹងផលិតថាមពលអគ្គិសនី ៤ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដែលអាចបំពេញតាមតម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនី របស់គ្រួសារចំនួន ២ លានគ្រួសារយ៉ាងងាយស្រួល ។ បច្ចុប្បន្ន ប្រទេសចិន មានទ្រង់ទ្រាយធំបំផុត ក្នុងការផលិតថាមពលអគ្គិសនី ដើរដោយថាមពលប្រព័ន្ធ PV នៅលើពិភពលោក ហើយក៏ជាប្រទេសដែលផលិតថាមពល ប្រព័ន្ធ PV ដ៏ធំបំផុតនៅទូទាំងពិភពលោក ផងដែរ ។ នាពេលបច្ចុប្បន្ននេះ ថាមពលស្អាតត្រូវជា ៦០ ភាគរយនៃកំណើន ប្រើប្រាស់ថាមពល របស់ប្រទេសចិន ។ ការកែប្រែរចនាសម្ព័ន្ធ នៃការប្រើប្រាស់ថាមពល គឺដើម្បីសម្រេចបាន នូវពាក្យសន្យារបស់ប្រទេសចិន ស្តីពីការឈានដល់ការកាត់បន្ថយ ការបញ្ចេញកាបូនពេលឡើង ដល់ចំណុចកំពូល នៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ ២០៦០ ។ នេះគឺជាការប្ដេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ បៃតង និងកាបូនទាប ។

ខណៈពេលចូលរួម ការជជែកដេញដោល ជាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី ៧៦ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ មេដឹកនាំកំពូលចិន បានសន្យាយ៉ាងម៉ឺងម៉ាត់ ទៅកាន់ពិភពលោក តាមប្រព័ន្ធវីដេអូថា “ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់ការកាត់បន្ថយ ការបញ្ចេញកាបូន ពេលឡើងដល់ចំណុចកំពូល នៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូន នៅមុនឆ្នាំ ២០៦០ នេះគឺត្រូវធ្វើការព្យាយាមស៊ូ យ៉ាងលំបាក ប៉ុន្តែយើងនឹងខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព ។ ប្រទេសចិននឹងគាំទ្រយ៉ាងខ្លាំង ដល់ការអភិវឌ្ឍថាមពលបៃតង និងកាបូនទាបនៃប្រទេស កំពុងអភិវឌ្ឍន៍ ហើយនឹងលែងសាងសង់ គម្រោងអគិ្គសនី ដើរដោយធ្យូងថ្ម នៅបរទេសទៀតហើយ ។”

ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ និងអ្នកជំនាញខាងវិស័យសំចៃថាមពល និងកាត់បន្ថយការបញ្ចេញកាបូន មួយចំនួន សម្គាល់ឃើញថា សេចក្តីសម្រេចចិត្តរបស់ចិនមួយនេះ មានសារៈសំខាន់ណាស់ ចំពោះថាមពលអគិ្គសនីដើរដោយធ្យូងថ្ម នៅទូទាំងពិភពលោក ។

លោក Dr.Kevin Gallagher ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ គោលនយោបាយអភិវឌ្ឍន៍សកល នៃសាកលវិទ្យាល័យ Boston អាមេរិកបានថែ្លងថា ប្រទេសចិន ជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងបង្អស់ ដែលបានសន្យាដូចពោល ខាងលើ ប្រការនេះ"គួរឱ្យកោតសរសើរណាស់ " ។ ចំណែកឯស្ថានីយទូរទស្សន៍ Al Jazeera បានពិពណ៌នាប្រទេសចិនថាជា "អ្នកផ្លាស់ប្តូរក្បួនច្បាប់ហ្គេម" នៃឧស្សាហកម្មអគិ្គសនី ដើរដោយធ្យូងថ្មជាសកល ។

យោងតាមទិន្នន័យដែលប្រកាស ដោយអង្គការស្ទង់ពិនិត្យថាមពលសកល របស់អាមេរិកបានបង្ហាញថា ពាក្យសន្យារបស់ចិន ស្តីពីការឈប់សាងសង់គម្រោងអគិ្គសនី ដើរដោយធ្យូងថ្ម នៅបរទេស មានន័យថា ការវិនិយោគចំនួន ៥ ម៉ឺនលានដុល្លារអាមេរិក បានរសាយសាបសូន្យ ដែលក្នុងមួយឆ្នាំអាចការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិច ចំនួន ២០០ លានតោន ។

សូមបញ្ជាក់ថា ក្នុងនាមជាអ្នកជំរុញ និងជាអ្នកអនុវត្តជាក់ស្តែងនៃ «កិច្ចព្រមព្រៀងក្រុងប៉ារីស» ប្រទេសចិនបាននិងកំពុងចាត់ ប្រតិបតិ្តការយ៉ាងសកម្ម ជាប់រហូតដើម្បីទប់ទល់នឹង បម្រែបម្រួលអាកាសធាតុជាសកល ។ ក្នុងកិច្ចប្រជុំកំពូល អំពីអាកាសធាតុឆ្នាំ ២០២០ មេដឹកនាំកំពូលចិនបានប្រកាសថា ដល់ឆ្នាំ ២០៣០ ការបញ្ចេញឧស្ម័នកាបូនិចគិតជាឯកតានៃផលិតផលក្នុងស្រុកសរុបរបស់ចិននឹងថយចុះលើសពី ៦៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០០៥ ថាមពលមិនមែនហ្វុស្សីលមានអនុបាត ២៥ ភាគរយ នៃការប្រើប្រាស់ថាមពលមួយលើក ចំណែកចំនួនរក្សាទុកព្រៃឈើ នឹងកើនឡើង ៦ ពាន់លានម៉ែត្រគូបបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ក៏ដូចជាចំណុះសរុបនៃការផ្សាយអគ្គិសនីដើរដោយថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យនឹងឡើងដល់ជាង ១ ពាន់ ២ រយលានគីឡូវ៉ាត់ ។

វិធានការថ្មីមួយចំនួនទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ទៅកាន់សហគមន៍អន្តរជាតិថា ពាក្យសន្យារបស់ចិនស្តីពីការរួមចំណែក ដោយម្ចាស់ការដើម្បីទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ មិនមែននិយាយបានតែមាត់នោះទេ តែគឺមានផែនការអនុវត្ត យ៉ាងច្បាស់លាស់ ។

តាមពិតទៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍបៃតង បានក្លាយជាទស្សនៈគន្លឹះមួយ ដែលបានណែនាំការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម របស់ចិន ហើយក៏ជាទីបង្អែក ដែលប្រទេសចិនហ៊ានសន្យា យ៉ាងម៉ឺងម៉ាត់ ទៅកាន់មជ្ឈដ្ឋាន ខាងក្រៅផងដែរ ។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី ១៨ មក ការអភិវឌ្ឍថាមពលរបស់ចិន បានឈានចូលយុគសម័យថ្មី ។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវ ទស្សនៈអភិវឌ្ឍន៍ថ្មី ស្តីពីការច្នៃប្រឌិតថ្មី ការសម្របសម្រួល បៃតង ភាពបើកទូលាយនិងភាពចែករំលែក បានជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកែទម្រង់វិធីប្រើប្រាស់ ថាមពល បានបង្កើតជាប្រព័ន្ធផ្គត់ផ្គង់ថាមពលស្អាតដ៏សម្បូរបែប ក៏ដូចជាបន្តជំរុញកំណែទម្រង់ នៃប្រព័ន្ធថាមពលឱ្យមានភាពកាន់តែស៊ីជម្រៅ និងបន្តជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិ លើវិស័យថាមពល ពោលគឺ ថាមពលចិន បានឈានចូលក្នុងដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ។

យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយរដ្ឋបាលជាតិថាមពល ប្រទេសចិនកាលពីខែកក្កដា ឆ្នាំនេះបានបង្ហាញថា ចាប់ពីឆ្នាំ ២០១៤ មក ការចំណាយថាមពលគិតជាឯកតានៃផលិតផលក្នុងស្រុកសរុបបានថយចុះ ២០ ភាគរយ ហើយបានផ្តល់ការទ្រទ្រង់ដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិចំនួន ៦,២ ភាគរយតាមរយៈកំណើនប្រើប្រាស់កំណើន ចំណាយប្រើប្រាស់ថាមពល គិតជាមធ្យមក្នុងមួយឆ្នាំប្រហែល ២,៩ ភាគរយ ។ 

រចនាសម្ព័ន្ធនៃការប្រើប្រាស់ ថាមពល ត្រូវបានកែលម្អយ៉ាងលេចធ្លោ ។ អនុបាតនៃការប្រើប្រាស់ធ្យូងថ្ម បានធ្លាក់ចុះពី ៦៥,៨ ភាគរយកាលពីឆ្នាំ ២០១៤ មកនៅត្រឹម ៥៦ ភាគរយកាលពីឆ្នាំ ២០២១ គិតជាមធ្យមក្នុងមួយឆ្នាំ បានធ្លាក់ចុះ ១,៤ ភាគរយដែលជាដំណាក់កាលធ្លាក់ចុះល្បឿនបំផុត ក្នុងប្រវត្តិសាស្ត្រ ។ ចំណែកឯអនុបាតនៃការប្រើប្រាស់ថាមពលស្អាតបានកើនឡើងពី ១៦,៩ ភាគរយដល់ ២៥,៥ ភាគរយក្នុងរយៈពេលដូចគ្នា ដែលត្រូវជាលើសពី ៦០ ភាគរយនៃកំណើនប្រើប្រាស់ថាមពល របស់ប្រទេសចិន ។

វាច្បាស់ណាស់ថា ដើម្បីសម្រេចបាននូវគោលដៅ ដ៏មហិមា ក្នុងការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ ប្រទេសចិនបានគ្រោង"ផែនទីផ្លូវ"យ៉ាងច្បាស់លាស់ ។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិច ក៏បានប្រកាសពីគោលដៅ កាត់បន្ថយការបញ្ចេញកាបូន រៀងៗខ្លួនផងដែរ ។ ពាក្យសន្យាស្រដៀងគ្នាទាំងនេះ មានលក្ខណៈយ៉ាងសកម្ម ប៉ុន្តែអ្វីដែលកាន់តែសំខាន់ ជាងទៀត គឺត្រូវមានការអនុវត្តជាក់ស្តែង ។

គួររំលឹកថា យោងតាម «កិច្ចព្រមព្រៀងក្រុងប៉ារីស» ដែលបានឈានដល់កាលពីឆ្នាំ ២០១៥ បណ្តាប្រទេសនានាបានកំណត់ថា ត្រូវរក្សាកម្រិតឡើងកម្តៅរបស់ភពផែនទីក្នុងក្របខណ្ឌ ១,៥ អង្សាសេ ។

យ៉ាងណាមិញ យោងតាមរបាយការណ៍ដែលគណៈកម្មាធិការពិសេសអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិចេញផ្សាយបានឱ្យដឹងថា វៀរលែងតែបណ្តាប្រទេសនានា អាចសម្រាចបាន នូវការកាត់បន្ថយការបញ្ចេញកាបូន ចំនួនពាក់កណ្ដាល នៅមុនឆ្នាំ ២០៣០ បើពុំនោះសោត គោលដៅស្តីពីការរក្សាកម្រិតឡើងកម្តៅរបស់ភពផែនទីក្នុងក្របខណ្ឌ ១,៥ អង្សាសេនឹងមិនអាចសម្រេចនោះទេ ។ ដោយសារការផលិតថាមពលអគ្គិសនី មានអនុបាតមួយភាគបួន នៃការបញ្ចេញកាបូនជាសកល ដូច្នេះ អង្គការអាកាសធាតុ ជាច្រើន សុទ្ធតែរំពឹងទុកយ៉ាងខ្ពស់ ចំពោះគម្រោងអគ្គិសនី មិនមែនដើរដោយធ្យូងថ្ម ។

ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនមែនជាថ្នូរនៃភូមិសាស្ត្រនយោបាយ នោះទេ ហើយ”ពហុភាគីនិយមដែលមានលក្ខណៈជម្រើស” ក៏មិនមែនជាពហុភាគីនិយម ដ៏ពិតប្រាកដនោះដែរ ។ មេដឹកនាំកំពូលចិន ធ្លាប់អំពាវនាវថា បណ្តាប្រទេសនានាចាំបាច់ត្រូវគាំពារ ប្រព័ន្ធអន្តរជាតិ ដែលតម្កល់ទុកអង្គការ សហប្រជាជាតិជាស្នូល គោរពគោលដៅ និងគោលការណ៍របស់ «អនុសញ្ញាក្របខណ្ឌសី្តពី បម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងក្រុងប៉ារីស» ។ ឯកសារទាំងនេះគួរតែក្លាយជាកម្មវត្ថុ ជាមូលដ្ឋានក្នុងការទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ របស់ពិភពលោក ប្រទេសលោកខាងលិច មិនត្រូវគ្រោងកិច្ចព្រមព្រៀង ផ្សេងទៀតនោះឡើយ ។ ដោយសារគិតពិចារណា ពីភាពខុសគ្នានៃដំណាក់កាល អភិវឌ្ឍន៍ សមត្ថភាពសេដ្ឋកិច្ច និងមធ្យោបាយ បចេ្ចកទេសជាដើម ក្នុងនាមជាមូលដ្ឋានគ្រឹះ សម្រាប់អភិបាលកិច្ចអាកាសធាតុជាសកល គោលការណ៍ស្តីពីទំនួលខុសត្រូវរួម តែមានលក្ខណៈផ្សេងគ្នា ចាំបាច់ត្រូវពង្រឹង ថែមមួយកម្រិតទៀត ។

ពិភពលោកទាំងមូល អាចទទួលបានការបំផុស គំនិត ពីសុន្ទរកថារបស់មេដឹកនាំកំពូលចិន ពោលគឺ៖គួរតែចាប់ដៃធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវរិះគន់គ្នាទៅវិញទៅមក គួរតែប្រកាន់ខ្ជាប់ គោលការណ៍ជានិច្ច មិនត្រូវកែប្រែគោលការណ៍ តាមតែទំនើងចិត្ត ក៏ដូចជាគួរតែធ្វើតាមពាក្យសន្យា របស់ខ្លួន មិនត្រួវលះបង់ចោលពាក្យ សន្យានោះទេ ។ អាចប៉ាន់ប្រមាណថា ប្រទេសចិនដែលយកចិត្តទុកដាក់ ដល់ការគោរពពាក្យសន្យានឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញអភិបាលកិច្ចបម្រែបម្រួល អាកាសធាតុជាសកល ព្រមទាំងនឹងជួយបំផុស ប្រទេសកាន់តែច្រើនឡើងៗ ឱ្យចាត់ប្រតិបត្តិការរួម ដើម្បីបោះជំហានទៅរកគោលដៅស្តីពី ការរួមគ្នាកសាងពិភពលោក ដ៏ស្រស់ស្អាត ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top