បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលល្បីល្បាញលើគោលនយោបាយ “សង្គ្រាមប្រឆាំងគ្រឿងញៀន” ដែលនាំទៅដល់ការសម្លាប់មនុស្សជាង ២ ៨០០នាក់ ក្នុងរយៈពេល “បីខែ” បានស្នើសុំផ្តល់ជំនួយដល់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដើម្បីបញ្ចប់ម្តងទៀត ចំពោះការជួញដូរគ្រឿងញៀន។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលកម្មវិធី “CareTalk & Care” របស់លោកនៅលើវេទិកា ClubHouse កាលពីថ្ងៃអង្គារ លោកថាក់ស៊ីនបានអួតថា លោកនឹងត្រូវការរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះ ដើម្បីបញ្ចប់បញ្ហាគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព។
លោក ថាក់ស៊ីន បាននិយាយដោយដឹកនាំសម្ដីរបស់លោកផ្ទាល់ ទៅកាន់លោក ប្រាយុទ្ធ ក្នុងអំឡុងកម្មវិធីជជែក តាមអ៊ីនធឺណិតរបស់លោកថា «អ្នកមិនគួរមានអាកប្បកិរិយា ដែលសូម្បីតែនាយករដ្ឋមន្ត្រី ១០០ នាក់ ក៏មិនអាចដោះស្រាយបញ្ហាបានដែរ។
លោកថា “ប្រសិនបើអ្នកមិនចង់ធ្វើ ឬមិនអាចធ្វើបាន ខ្ញុំអាចជួយបាន។ ខ្ញុំនឹងគ្រប់គ្រងបញ្ហានេះក្នុងរយៈពេល ៦ខែ ហើយបន្ទាប់មកអ្នកអាចទទួលបានកិត្តិយស។ [ខ្ញុំស្នើជួយ] ដោយក្តីស្រឡាញ់ និងក្តីបារម្ភចំពោះប្រទេសជាតិ និងកូនៗរបស់យើង ព្រោះវាមិនទាន់ច្បាស់ថា តើឧប្បត្តិហេតុទាក់ទង នឹងគ្រឿងញៀនប៉ុន្មានទៀត នឹងកើតឡើងម្តងទៀត»។
សូមជម្រាបថា រដ្ឋាភិបាលរបស់លោក ថាក់ស៊ីន បានចាប់ផ្តើម “សង្គ្រាមប្រឆាំងគ្រឿងញៀន” របស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ ២០០៣ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀន និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន ដែលភាគច្រើនជាការពេញចិត្ត របស់ប្រជាជនថៃជាច្រើន ដែលធុញទ្រាន់នឹងអំពើហឹង្សា ទាក់ទងនឹងគ្រឿងញៀន។
ក្នុងរយៈពេលបីខែដំបូង នៃយុទ្ធនាការនេះ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ប្រហែល ២ ៨០០នាក់ បានកើតឡើង៕ប្រែសម្រួលៈ ណៃ តុលា